• 2021-02-18 02:56:12
  • ភាពយន្ត

យប់មិញ​តារា​ច្រើន​ណាស់​ចូល​រួម​ក្នុង​កម្មវិធី​សម្ពោធ App ថ្មី​របស់​សាស្ដ្រាហ្វៀម

  • 2021-02-18 02:56:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​Sastra Film សម្ពោធ​បើកApp របស់​ខ្លួន​ដែល​ទស្សនិកជន​អាច​ទស្សនា​រឿង​បាន​រហូត​ដល់​ជាង​២០០​រឿង ហើយ​រឿង​ខ្លី​ៗ​យ៉ាង​៤​រឿង​ទៀត​ក្នុង​១​ខែ​នឹង​ត្រូវ​ដាក់​បញ្ចូល​នៅ​លើApp ថ្មី​នេះ។ អ្នក​គ្រប់គ្រង​ផលិតកម្ម​មាន​ជំនឿ​ថា បើ​Appនេះ​ដំណើរការ​ជោគជ័យ​វា​នឹង​ធ្វើ​ឲ្យ​ទីផ្សារ​ភាពយន្ត​ខ្មែរ និង​ចំណូល​របស់​អ្នក​សិល្បៈ​កើន​កាន់​តែ​ខ្ពស់។

អគ្គ​នាយិកា​ក្រុមហ៊ុន​សាស្ដ្រាហ្វៀម ប៊ុន ចាន់​និមល ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​យប់មិញ​ថា តាម​ពិត​គម្រោង​ដាក់​ឲ្យ​ដំណើរការSastra Film App ត្រូវ​បាន​ដាក់​ចេញ​តាំង​ពី​៥​ឆ្នាំ​មុន ប៉ុន្តែ​កាលណោះ​ក្រុមហ៊ុន​នៅ​ខ្វះ​ធនធាន ថវិកា និង​កេរ្តិ៍ឈ្មោះ។ ទើប​ប៉ុន្មាន​ចុង​ឆ្នាំ​ក្រោយ​មក​នេះ សាស្ដ្រ​ហ្វៀម បាន​ក៏​កសាង​កេរ្តិ៍ឈ្មោះ​ឲ្យ​មហាជន​បាន​ស្គាល់ និង​មាន​សន្ទុះ​នៃ​ការ​គាំទ្រ​កាន់​តែ​ខ្លាំង ទើប​ក្រុមហ៊ុន​សម្រេច​បើក​ឲ្យ​ដំណើរការAppនេះ​ដោយ​សង្ឃឹម​ទទួល​ជោគជ័យ​ច្រើន។

ប៊ុន ចាន់​និមល៖"ខ្ញុំ​មាន​គម្រោង​បង្កើត​ស្ទូឌីយោ​ធំ​មួយ​ដែល​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ហើយ​នៅ​ក្នុង​ស្ទូឌីយោ​ហ្នឹង​មាន​ផលិត​រឿង​ខ្មែរ​ជា​ច្រើន​ទៀត​គ្រប់​សម័យ​កាល​ដើម្បី​ជា​ឱកាស​បង្ហាញ​វប្បធម៌ អរិយធម៌​ខ្មែរ​ទៅ​កាន់​ពិភព​លោក។ អីចឹង​ហើយ​ទីផ្សារ​ភាពយន្ត​កាន់​តែ​ធំ​ជាង​មុន ហើយ​ចំណូល​អ្នក​សិល្បៈ​ក៏​ច្រើន​ជាង​មុន"។

ផលិតកម្ម​សាស្ដ្រហ្វៀម កំពុង​ចាប់​យក​ឱកាស​ជំនួញ​ថ្មី​តាម​បែប​ឌីជីថល​ដែល​ទស្សនិកជន​គ្រប់​វ័យ​អាច​ទស្សនា​នូវ​ខ្សែភាពយន្ត​ខ្នាត​ធំ និង​ខ្សែ​ភាពយន្ត​ភាគ​ជា​ច្រើន​ដែល​ត្រៀម​នឹង​ចាក់​បញ្ចាំង និង​ផលិត​សាច់​រឿង​ថ្មី​ៗ​សម្រាប់​ទីផ្សារ​ជាតិ និង​អន្តរជាតិ។

សូម​រំលឹក​ថា ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​Sastra Film App ដែល​ជា​App ថ្មី​ដំបូង​គេ​របស់​ក្រុមហ៊ុន​សាស្ដ្រា​ហ្វៀម​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ផ្សារ​ទំនើប​EON 2 ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាល​ពី​យប់​ថ្ងៃ​ទី១៧ ខែ​កុម្ភៈ ឆ្នាំ​២០២១។ ពិធី​នេះ មាន​តារា​ល្បី​ៗ​ចូល​រួម​ជា​ច្រើន​ដូច​ជា៖ តារា​សម្ដែង គង់ ចាន់​ស្រីមុំ កុល ដាវី កញ្ញា រឿន ណាត លោក ជា លាងឈែ និង​តារា​សម្ដែង ម៉ឺនឯក សុភារិទ្ធ ជា​ដើម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់