• 2021-02-19 06:50:08
  • ភាពយន្ត

ធ្វើ​ពិធី​ក្រុងពាលី​ថត​រឿង​សោះ ផ្អើល​អ្នក​ចូល​រួម​ដោយសារ​ហ្វូង​មនុស្ស និង​សត្វ​ដំរី​ធំៗ​ពីរ​ក្បាល

  • 2021-02-19 06:50:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​កម្រ​ឃើញ​ពិធី​ក្រុង​ពាលី​ថត​រឿង​ភាគ ឬ​រឿង​ខ្នាត​ធំ​ណា​ដែល​ប្រើ​មនុស្ស​សម្ដែង​ទាំងហ្វូង ជាមួយ​សត្វ​ដំរី​ធំៗ​ពីរ​ក្បាល ដើម្បី​បង្ហាញ​ជូន​អ្នក​ចូល​រួម​ទស្សនា​ណាស់។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃទី១៩ ខែ​កុម្ភៈ ផលិតកម្ម​ភូមិ​ពេជ្រ​ភាពយន្ត បាន​សហការ​ជាមួយ​ស្ថានីយ​ទូរទស្សន៍ ភី អិន អិន បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​នេះ​ឡើង។

ផលិតកម្ម​ភូមិ​ពេជ្រ​ភាពយន្ត បាន​លើក​យក​ឈុត​មួយ​ក្នុង​រឿង"មរណ​មាតា" ដែល​កំពុង​ធ្វើ​ពិធី​ក្រុងពាលី​ដើម្បី​ចាប់​ផ្ដើម​ចេញ​ថត​នោះ​មក​សម្ដែង​ជាក់​ស្ដែង​តែ​ម្ដង ដោយ​យក​បរិវេណ​ស្ថានីយ​ទូរទស្សន៍ ភី អិន អិន ស្ថិតនៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌជ្រោយចង្វា។ ឈុត​នេះ គឺ​ជា​ឈុត​ដែល​ព្រះរាជា ត្រាស់​បង្គាប់​ឲ្យ​សេនា​ទៅ​នាំ​យក​មហេសី​ដែល​ជា​នាង​មរណ​មាតា ចូល​មក​រស់នៅ​ក្នុង​វាំង។ ក្នុង​ដំណើរ​ទៅ​ទទួល​នាង​មរណ​មាតា​នេះ គឺ​ព្រះរាជា ប្រើ​ដំរី​ជា​យានជំនិះ អម​ដោយ​អាមាត្យ សេនា និង​អ្នក​បម្រើ​ប្រុស​ស្រី​ដើរ​ហែហម​ជា​ច្រើន​នាក់។

អ្នកគ្រប់គ្រង​កម្មវិធី​ផ្សាយ​របស់​ភី អិន អិន អ្នកស្រី ទូច បុប្ផា ឲ្យដឹង​ថា "មរណ​មាតា" គឺ​ជា​ខ្សែភាពយន្ត​បុរាណ​ខ្មែរ​មួយ​ក្នុង​ចំណោម​រឿង​បុរាណ​ខ្មែរ​មួយ​ចំនួន​ទៀត​ដែល​ទូរទស្សន៍​អ្នកស្រី​ទទួល​បាន​សិទ្ធិ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដើម្បី​ផលិត​ជា​រឿង​ភាគ​កាល​ពី​ឆ្នាំ​២០២០។ ឈុត​ខ្លះ​ក្នុង​រឿង"មរណ​មាតា" បាន​ថត​តាំង​ពី​ពាក់​កណ្ដាល​ខែ​មករា ឆ្នាំ​២០២១ ហើយ​គ្រោង​នឹង​ថត​បញ្ចប់​ទាំង​៤០​ភាគ​នៅ​ដំណាច់​ខែ​មិថុនា ឆ្នាំ​២០២១ ខាង​មុខ។

ខ្សែភាពយន្ត​ភាគ​ខ្មែរ​រឿង"មរណ​មាតា" ដែល​នឹង​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ភី អិន អិន នេះ គឺ​ជា​ការ​ជួប​គ្នា​លើក​ទី២ របស់​តួអង្គ​ឯក​ប្រុស លី សុខគឹមសាន្ដ ហៅ​ប្រុស​ខួច ជាមួយ​នឹង​កញ្ញា ឈាង ហ៊ួយឡេង ហៅ​ចែ​ឡេង។ ក្រៅ​ពី​តារា​ទាំង​ពីរ​ដួង​ក៏​មាន​តារា​ល្បី​ជា​ច្រើន​ទៀត​ដែរ​ដែល​នឹង​ចូល​រួម​សម្ដែង​គឺ​មាន​ដូច​ជា៖ លោក ទេព រិនដារ៉ូ កញ្ញា អ៊ឹង និមល អ្នកនាង ស្វែង សុជាតា លោក ឬទ្ធី យ៉ាន និង​កញ្ញា ហ្វាហ្វា ជា​ដើម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម