• 2021-03-03 04:54:11
  • ភាពយន្ត

អ្ហា៎ក...! ស្ងាត់​ៗ​ស្រាប់​តែ​ផលិតកម្ម អិល ឌី ប្រកាស​ថា​ខ្លួន​ខាតបង់​ទុន​យ៉ាង​សន្ធឹក​លើ​ការ​ផលិត​រឿងមួយ

  • 2021-03-03 04:54:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាងហ្វាង​ផលិតកម្ម អិល ឌី លោក លៀក លីដា ប្រកាស​ថា ផលិតកម្ម​របស់​លោក​ទទួល​ការ​បរាជ័យ​ជា​លើក​ទី១ ហើយ​បាន​ខាត​បង់​ទុន​យ៉ាង​សន្ធឹក​លើ​ការ​ផលិត​រឿង"នាឡិកា​២ ឬ​ជញ្ជាំង​ក្រហម"។ ការ​ខាតបង់ និង​ទទួល​ការ​បរាជ័យ​នេះ គឺ​ដោយសារ​តែ​វិបត្តិ​នយោបាយ​នៅ​ប្រទេស​ភូមា និង​បញ្ហា​ឆ្លង​រាតត្បាត​ជា​សកល នៃ​ជំងឺ​កូវីដ-១៩។

លោក លៀក លីដា ឲ្យដឹង​នៅ​ថ្ងៃទី៣ ខែ​មីនា តាម​បណ្ដាញ​សង្គម​Facebook ថា "នាឡិកា​២ ឬ​ជញ្ជាំង​ក្រហម" ទើប​ដំណើរការ​ថត​បាន​១០​% នៃ​សាច់​រឿង​ទាំង​មូល ស្រាប់​តែ​ប្រទេស​ភូមា​ផ្ទុះ​ការ​ច្របូកច្របល់​ពេញ​ផ្ទៃ​ប្រទេស​បណ្ដាល​ឲ្យ​តួអង្គ​ឯក​ប្រុស​ក្នុង​រឿង​នេះ​ឈ្មោះ​ថា Pang Thakon ត្រូវ​បាត់​ខ្លួន ហើយ​ក៏​គាប់​ជួន​ប្រទេស​កម្ពុជា​ផ្ទុះ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ក្នុង​សហគមន៍​ជា​ថ្មី។

លៀក លីដា៖"គម្រោង​នេះ​អាច​និយាយ​បាន​ថា ជា​គម្រោង​ទី១​របស់​ខ្ញុំ​ដែល​ទទួល​បរាជ័យ ហើយ​ខាត​ទុន​ច្រើន​បំផុត។ យើង​ប្រហែល​ជា​គ្មាន​សំណាង​បាន​បញ្ចប់​វា​ទេ តែ​វា​មិន​សំខាន់​ស្មើ​នឹង​សន្តិសុខ​របស់​មនុស្ស​ជាតិ​រាប់​ម៉ឺន​នាក់​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ទេ"។

ទោះ​ជា​យ៉ាងណា​ម្ចាស់​ផលិតកម្ម​អិល ឌី រូប​នេះ មិន​បាន​បញ្ជាក់​ពី​ទំហំ​ទុន​ដែល​បាន​ខាត​បង់​នោះ​ទេ។ Sabay ក៏​មិន​ទាន់​អាច​ទាក់ទង​លោក លៀក លីដា ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​ដែរ​នៅ​ព្រឹក​ថ្ងៃ​ទី៣ ខែ​មីនា នេះ។ ប៉ុន្តែ​ផលិតកម្ម អិល ឌី ត្រូវ​បាន​មហាជន ជា​ពិសេស​សិល្បករ-សិល្ប​ការិនី ទទួល​ស្គាល់​ថា​ជា​ផលិតកម្ម​ធំ​មួយ​ដែល​ហ៊ាន​បោះ​ទុន​វិនិយោគ ឬ​ផលិត​រឿង​ខ្នាត​ធំ​ជា​ច្រើន​ឆ្នាំ​មក​ហើយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម