• 2021-07-05 05:46:06
  • ភាពយន្ត

ផលិតករ និង​តារា​ភាពយន្ត​សង្ឃឹម​ដូច​គ្នា​ក្នុង​ការ​រុញ​ស្នាដៃ​របស់​ខ្លួន​ឲ្យ​ដល់​អ្នក​ទស្សនា ខណៈ​រោងកុន​នៅ​បន្ត​ផ្អាក

  • 2021-07-05 05:46:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករ និង​តារា​សម្ដែង​ភាពយន្ត កំពុង​រក​ច្រក​ចេញ​ថ្មី​មួយ​លើ​វិស័យ​ភាពយន្ត ដើម្បី​រុញ​ស្នាដៃ ឬ​ការ​សម្ដែង​របស់​ខ្លួន​ឲ្យ​កាន់​តែ​ទូលំទូលាយ​សម្រាប់​អ្នក​ទស្សនា ខណៈ​ដែល​រោងភាពយន្ត​ទូទាំង​ប្រទេស​នៅ​តែ​បន្ត​ផ្អាក​ដំណើរការ​នៅ​ឡើយ ដោយសារ​បញ្ហា​ជំងឺ​កូវីដ-១៩។

កន្លង​ទៅ​ប្រិយមិត្ត​មួយ​ចំនួន​អាច​ទស្សនា​ខ្សែភាពយន្ត​ទាំង​ខ្មែរ និង​បរទេស តាម​រយៈ​រោងភាពយន្ត​នានា រួម​ជាមួយ​កម្មវិធី​ទស្សនា​លើ​ទូរស័ព្ទ​ដៃដូច​ជា Soyo ជាដើម។ ប៉ុន្តែ​បន្តិច​ទៀត​នេះ​ទស្សនិកជន អាច​ទស្សនា​ខ្សែភាពយន្ត​ខ្នាត​ធំ​ថ្មីៗ​របស់​ផលិតកម្ម​អិល ឌី តាម​រយៈ​ App មួយ​ឈ្មោះ​ថា Angkor DC។

ចាងហ្វាង​ផលិតកម្ម​អិល ឌី លោក លៀក លីដា បាន​ប្រាប់​ Sabay នៅ​ថ្ងៃទី៥ ខែ​កក្កដា ថា លោក និង​ក្រុម​ការងារ នឹង​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ ​App ថ្មី​នេះ នៅ​ល្ងាច​ថ្ងៃ​ទី៧ ខែ​កក្កដា ឆ្នាំ​២០២១ ហើយ​ចំពោះ​ភាព​ជោគជ័យ ឬ​ការ​រុញ​ភាព​យន្ដ​ល្អ​ៗ​ដល់​អ្នក​ទស្សនា​បាន​ជោគជ័យ​កម្រិត​ណា​នោះ គឺ​លោក​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ការ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​សិន។

ទាក់ទង​នឹង​ការ​បង្កើត​ App នេះ​ដែរ តារា​សម្ដែង និង​ជា​ពិធី​ករ​ល្បី​ឈ្មោះ ប៉ែន ចំរុង និយាយ​ថា សម្រាប់​រូប​លោក​ដែល​មាន​អាជីព​សម្ដែង​ផង និង​ធ្វើ​ជា​ពិធី​ករ​ផង​នោះ មិន​សូវ​ចោទ​ជា​បញ្ហា​ប៉ុន្មាន​ឡើយ ប៉ុន្តែ​អ្នក​ដែល​មាន​អាជីព​សម្ដែង​តែ​មួយ​មុខ​គឺ​អាច​ប្រឈម​នឹង​ខ្វះ​ការងារ។

ប៉ែន ចំរុង៖"និយាយ​មែន ធ្វើ​អីចឹង​ទៅ​ដើរ​ទាំង​ផលិតកម្ម និង​តួ​សម្ដែង! ខ្ញុំ​សរសើរ​លោក លៀក លីដា ម្ចាស់​អិល ឌី ដែល​បង្កើត​កម្មវិធី​មើល​ភាពយន្ត​ខ្នាត​ធំ​តាម​ App។ ដូច​ឥឡូវ​រោង​កុន​បិទ តែ​យើង​អាច​មើល​រឿង​តាម​នេះ​បាន ហើយ​នៅ​ក្នុង​មាន​រឿង​ខ្ញុំ​ខ្លះ​ដែរ​ ដូច​ជា​រឿង​ "បង្គោល​គ្រាក់​សង្កត់​វិញ្ញាណ" ជា​ដើម"។

ជុំវិញ​ការ​បង្កើត​រោងភាពយន្ ត​Digital នេះ មាន​សិល្បករ-សិល្ប​ការិនី​ជា​ច្រើន​បាន​គាំទ្រ ហើយ​ថា​មធ្យោបាយ​នេះ​ហើយ​ដែល​អាច​ជំរុញ​ឲ្យ​ពួកគេ​មាន​ទីផ្សារ​ការងារ​សិល្បៈ​ឡើង​វិញ ជា​ពិសេស​ផ្នែក​សម្ដែង ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ជួបប្រទះ​នឹង​បញ្ហា​ជំងឺ​កូវីដ-១៩ នេះ។ តារា​សម្ដែង​ទាំង​នោះ​រួម​មាន៖ លោក លឹម ជាឡាយ លោក ប៉ែន ចំរុង កញ្ញា លីលី កញ្ញា សំ ស៊ីណា លោក ភុល សុវណ្ណដានីន និង​លោក ជា លាងឈែ ជា​ដើម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់