• 2021-09-07 08:26:15
  • ភាពយន្ត

ចេញ​ផ្លូវការ​ហើយ! មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ បង្ហាញ​ប្រាក់​រង្វាន់​សម្រាប់​ម្ចាស់​ជយលាភី​ភាពយន្ត​ខ្លី​ឆ្នាំ​នេះ

  • 2021-09-07 08:26:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ឬCSFF ឆ្នាំ​២០២១ ប្រកាស​ពី​អត្ថប្រយោជន៍ និង​ប្រាក់​រង្វាន់​ផ្លូវការ​ដែល​នឹង​ប្រគល់​ជូន​ម្ចាស់​ជយលាភី​សម្រាប់​ការ​ប្រកួត​ខ្សែ​ភាពយន្ត​ខ្លី​ឆ្នាំ​នេះ បន្ទាប់​ពី​អ្នក​រៀបចំ​មហោស្រព​នេះ ប្រកាស​ជ្រើសរើស​ខ្សែ​ភាពយន្ត​ដែល​មាន​សិទ្ធិ​ចូល​រួម​ប្រកួត​ឆ្នាំ​នេះ​រួច​រាល់ កាល​ពី​ខែ​សីហា ឆ្នាំ​២០២១ កន្លង​ទៅ។

ប្រធានមហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ(CSFF) លោក ស៊ុំ ស៊ីថែន មាន​ប្រសាសន៍​ថា ការ​ប្រកួត និងចាក់បញ្ចាំងជា​ផ្លូវ​នឹង​ចាប់​ផ្ដើម​ពី​ទី២៣ រហូត​ដល់​ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ​២០២១ ហើយ​ម្ចាស់​ជយលាភី​មហោស្រព​ឆ្នាំ​នេះ នឹង​ប្រកាស​នៅ​យប់​ថ្ងៃ​ទី២៧ ខែ​តុលា ពោល​គឺ​នៅ​បន្ទាប់​ពី​ការ​ប្រកួត​ដោយ​មាន​គណៈកម្មការ​ជំនាញ​ភាពយន្ត និង​មហាជន​ដាក់​ពិន្ទុ​តាម​អនឡាញ។

យោង​តាម​ការ​ប្រកាស​របស់​មហោស្រព​ភាពយន្ដ កាល​ពី​ថ្ងៃ​ទី៦ ខែ​កញ្ញា ឲ្យ​ដឹង​ថា ប្រាក់​រង្វាន់​សម្រាប់​ភាពយន្ត​ខ្លី​ឆ្នើម​របស់​កម្ពុជា នឹង​ទទួល​បាន​៤​លាន​រៀល ឬ​ស្នើ​នឹង​១០០០​ដុល្លារ។ ប្រាក់​រង្វាន់​សម្រាប់​ភាពយន្ត​ខ្លី​ឆ្នើម​បន្ទាប់ នឹង​ទទួល​បាន​២​លាន​រៀល ឬ​ស្មើនឹង​៥០០​ដុល្លារ។ រង្វាន់​ទស្សនិកជន​ដល់​ភាពយន្ត​ខ្លី​ក្នុង​ស្រុក នូវ​ទឹក​ប្រាក់​ចំនួន​១​លាន​២​សែន​រៀល ឬ​ស្មើនឹង​៣០០​ដុល្លារ និង​រង្វាន់​ទស្សនិកជន​ដល់​ភាពយន្ត​ខ្លី​អន្តរជាតិ នូវ​ទឹកប្រាក់​២​លាន​រៀល ឬ​ស្មើនឹង​៥០០​ដុល្លារ។

ទាក់ទង​នឹង​ព្រឹត្តិការណ៍​ប្រកួត​ភាពយន្ត​ខ្លី​ចតុមុខ នេះ ម្ចាស់​ជយលាភី​លេខ២ កាល​ពី​ឆ្នាំ​២០១៩ គឺ​លោក សេង ធី បាន​រំលឹក​នូវ​អារម្មណ៍​រំភើប​កាល​ពី​ទទួល​រង្វាន់​កាល​ណោះ​ថា រូប​លោក​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​ដោយ​លោក​មិន​បាន​ត្រៀម​ខ្លួន ឬ​នឹកគិត​ថា​រឿង"នារី​របាំ"​របស់​លោក​ដែល​បាន​ដាក់​ចូល​ប្រកួត​នោះ​បាន​ជាប់​ចំណាត់​ថ្នាក់​សោះ ប៉ុន្តែ​មុន​នឹង​ដាក់​រឿង​មួយ​នេះ​ចូល​ប្រកួត​លោក​បាន​ប្រឹង​ធ្វើ​វា​អស់​ពី​សមត្ថភាព​ហើយ។

រូបភាព៖ CSFF ឆ្នាំ២០១៩

បើ​តាម​ការ​បញ្ជាក់​របស់​ប្រធានមហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ(CSFF) លោក ស៊ុំ ស៊ីថែន នេះ​ជា​លើក​ទី១ ដែល​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ធ្វើ​តាម​អនឡាញ ដោយសារ​ស្ថានភាព​ជំងឺ​កូវីដ-១៩ មិន​ទាន់​ស្រាកស្រាន្ត។ ត្បិត​ថា មហោស្រព​ធ្វើ​តាម​អនឡាញ ប៉ុន្ដែ​លោក​ជឿ​ថា​នឹង​មាន​ការ​គាំទ្រ​ច្រើន​ដោយ​កម្មវិធី​បាន​ធ្វើ​ច្រើន​ដង​រួច​មក​ហើយ ហើយ​ឆ្នាំ​មហោស្រព​ឆ្នាំ​នេះ ទទួល​បាន​រឿង​ច្រើន​សម្រាប់​យក​មក​ពិចារណា ឬ​ជ្រើសរើស​ចូល​ប្រកួត ព្រោះ​វា​បាន​បូក​បញ្ចូល​គ្នា​ទាំង​រឿង​ដែល​សមិទ្ធិករ​បាន​ដាក់​ទាំង​ក្នុង​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ ដោយសារ​កាល​ពី​ឆ្នាំ​២០២០ អាក់​ខាន​ប្រកួត៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់