• 2021-10-19 03:27:27
  • ភាពយន្ត

មន្ដ្រីក្រសួងវប្បធម៌ កោតសរសើរក្រុមឈូករ័ត្នពុះពារប្រារព្ធមហោស្រពភាពយន្ដខ្លីចតុមុខឆ្នាំនេះ

  • 2021-10-19 03:27:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅមុនបើកសម្ពោធមហោស្រពភាពយន្ដខ្លីចតុមុខ(CSFF)ឆ្នាំ២០២១ ក្នុងរយៈដ៏ខ្លីខាងមុខនេះ សន្និសីទសារព័ត៌មានមួយត្រូវបានរៀបចំឡើងក្រោមអធិតីភាពរបស់មន្ដ្រីជាន់ខ្ពស់ក្រសួងវប្បធម៌ និងប្រធានមហោស្រពភាពយន្ដខ្លីចតុមុខ ព្រមទាំងតំណាងដៃគូសហការ។

ប្រធានមហោស្រពភាពយន្ដខ្លីចតុមុខ លោក ស៊ុំ ស៊ីថែន បានថ្លែងតាមរយៈវីដេអូអនឡាញក្នុងសន្និសីទកាលពីថ្ងៃទី១៦ ខែតុលា ថា ការប្រារព្ធមហោស្រពភាពយន្ដខ្លីចតុមុខលើកទី១០ ឆ្នាំនេះ បង្ហាញឲ្យឃើញថាទោះនៅក្នុងបរិបទបែបណាក៏ដោយ មហោស្រពភាពយន្ដខ្លីចតុមុខនៅតែព្យាយាម ស្វះស្វែងក្នុងការរួមចំណែកផ្សាភ្ជាប់វិស័យភាពយន្ដខ្មែរទៅកាន់ទស្សនិកជន។

លោក ស៊ុំ ស៊ីថែន៖”យើងព្យាយាមធ្វើយ៉ាងណាឲ្យទស្សនិកជនទាំងក្នុង និងក្រៅប្រទេស បាននៅកៀកគ្នា ថ្វីបើនៅក្នុងបរិបទកូវីដ-១៩ នេះក្ដី”។

ចំណែកមន្ដ្រីកម្មវិធី និងទំនាក់ទំនងរបស់SEA Junction លោក Lattapol Jirapathosakul ដែលជាតំណាងអ្នកឧត្ថម្ភ និងដៃគូសហការមហោស្រពឆ្នាំនេះ បង្ហាញចំណាប់អារម្មណ៍ថា វិបត្ដិកូវីដ-១៩ បានប៉ះពាល់ដល់វិស័យជាច្រើនក្នុងនោះក៏មានវិស័យភាពយន្ដផងដែរ ជាពិសេសផលិតករ និងសមិទ្ធិករ។ លោក Lattapol Jirapathosakul ៖”ទោះជាយ៉ាងណា មហោស្រពភាពយន្ដខ្លីចតុមុខ បានបង្ហាញនូវការប្ដេជ្ញាចិត្ដក្នុងការបន្ដការងាររបស់ពួកគេ ទោះបីជានៅក្នុងកាលៈទេសៈលំបាកក្ដី”។

ថ្លែងគាំទ្រមហោស្រពភាពយន្ដខ្លីចតុមុខឆ្នាំនេះ ប្រធាននាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ និងភាពយន្ដរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោក ប៉ុក បូរក្ស មានប្រសាសន៍ថា បញ្ហារីករាលដាល នៃជំងឺកូវីដ-១៩ បានជំរុញឲ្យកម្មវិធីនេះប្រព្រឹត្ដទៅតាមរយៈអនឡាញ ហើយលោកក៏មើលឃើញថា ឆន្ទះ និងការស្រឡាញ់របស់យុវជនខ្មែរនៅតែបន្ដមានចំពោះការផលិតភាពយន្ដ។

លោក ប៉ុក បូរក្ស៖”តាមរយៈរបាយការណ៍របស់មហោស្រពភាពយន្ដខ្លីចតុមុខ បានសរបញ្ជាក់ថាទោះបីជាមានការប្រឈមនឹងបញ្ហាកូវីដ-១៩ ក្ដី ប៉ុន្ដែសមិទ្ធិករនៅតែបន្ដផលិត ហើយក្រុមការងាររបស់ក្រុមឈូករ័ត្ននៅតែបន្ដខិតខំរៀបចំឲ្យកម្មវិធីចាក់បញ្ចាំងភាពយន្ដក្នុងមហោស្រពភាពយន្ដចតុមុខឆ្នាំនេះកើតឡើង”។

សូមបញ្ជាក់ថា ការចាក់បញ្ចាំងភាពយន្ដខ្លីរបស់មហោស្រពចតុមុខ(CSFF) នឹងត្រូវបើកសម្ពោធនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ តាមរយៈការចាក់បញ្ចាំងនៅលើហ្វេសប៊ុកផេកផ្លូវការរបស់CSFF។ តាមប្រភេទ នៃវីដេអូនីមួយៗដែលបានជាប់ជម្រើសចាក់បង្ហាញនៅក្នុងមហោស្រពចតុមុខលើកទី១០ នេះ មានដូចតទៅ៖

ភាពយន្ដខ្លីក្នុងស្រុកសម្រាប់ការប្រកួតចំនួន៧។ ភាពយន្ដខ្លីក្នុងស្រុកសម្រាប់ចាក់បង្ហាញចំនួន៩។ ភាពយន្ដឯកសារខ្លីក្នុងស្រុកសម្រាប់ការចាក់បង្ហាញចំនួន១៣។ វីដេអូតន្ដ្រីក្នុងស្រុកសម្រាប់ការចាក់បង្ហាញចំនួន៤។ ភាពយន្ដខ្លីអន្ដរជាតិសម្រាប់ការប្រកួតចំនួន៨។ ភាពយន្ដខ្លីអន្ដរជាតិសម្រាប់ការចាក់បង្ហាញចំនួន៤។ ភាពយន្ដឯកសារអន្ដរជាតិសម្រាប់ការចាក់បង្ហាញចំនួន៣។

ភាពយន្ដខ្លីពីឈូករ័ត្នសម្រាប់ការចាក់បង្ហាញចំនួន៤។ ភាពយន្ដខ្លីពី “តោះថតនៅកម្ពុជា” សម្រាប់ការចាក់បង្ហាញចំនួន៨។ ភាពយន្ដឯកសារខ្លីពី”ជម្រើសដែលមានសុត្ថិភាព” សម្រាប់ការចាក់បង្ហាញចំនួន៦៕

ជិន សុភ័ក្ដ្រ

មតិយោបល់