• 2021-10-26 02:45:30
  • ភាពយន្ត

ស្វាគមន៍ជាថ្មី មកកាន់មហោស្រពភាពយន្តខ្លីចតុមុខ ជាមហោស្រពភាពយន្តខ្លីដំបូងគេនៅកម្ពុជា!

  • 2021-10-26 02:45:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីការវិវត្តឡើងចុះក្នុងការងារជាច្រើនឆ្នាំកន្លងមក “ក្រុមភាពយន្តឈូករ័ត្ន” បានឈានដល់របត់ថ្មី នៃការៀបចំកម្មវិធីក្នុងបរិបទជម្ងឺរាតត្បាតបច្ចុប្បន្ននេះ។ បើទោះបីជាបែបនេះ សមិទ្ធិករទាំងក្នុង និងក្រៅស្រុកនៅតែទន្ទឹងដល់ការប្រកាសទទួលរឿងប្រកួតពីក្រុមឈូករ័ត្ន ដូចដែលពាក្យស្លោកឆ្នាំ២០២១លើកឡើង៖”វេទិកានិទានរឿងរបស់អ្នក”។

ប្រធានមហោស្រពលោក ស៊ុំ ស៊ីថែន សង្កេតឃើញចំណុចពិសេស ហើយប្លែកចំនួន៦ សម្រាប់មហោស្រពភាពយន្ដចតុមុខឆ្នាំ២០២១ នេះ។

ទី១លោក មានប្រសាសន៍ថា ជំនាន់ទី១០របស់យើងនឹងរំលេចប្រភេទភាពយន្តថ្មីមួយទៀត គឺវីដេអូតន្រ្តី ដើម្បីបើកឱកាសឱ្យកាន់តែទូលាយដល់ យុវសមិទ្ធិករកម្ពុជាយើង។ ដូច្នេះហើយ ទើបឆ្នាំនេះ យើងខ្ញុំបើកមហោស្រពជាមួយវីដេអូតន្ត្រីបទ «Sad Toy»របស់អតីតជ័យលាភីរបស់យើង គឺលោក នេត ឥន្ទន្រាសុទ្ធីទ្ឋេព ផលិតដោយផលិតកម្មតន្ត្រីKlapYaHandz។

គួរបញ្ជាក់ដែរថា ស្ថាបនិកផលិតកម្មនេះ គឺលោក សុខ វិសាល ដែលធ្លាប់ជាប្រធានមហោស្រពភាពយន្តខ្លីចតុមុខនៅឆ្នាំ២០១៥។ ការដាក់ វីដេអូនេះ ជាតឹកតាងនៃការផ្សាភ្ជាប់របស់មហោស្រព ជាមួយភាគីពាក់ព័ន្ធនានា ក្រោមដំបូលភាពយន្តកម្ពុជាតែ១។

ទី២លោក មានប្រសាសន៍ថាភាពយន្តឯកសារ នៅបន្តទទួលទាំងក្នុងស្រុក និងក្រៅស្រុក ជាពិសេសពីគម្រោងពីរគឺ៖”តោះថតឯកសារនៅកម្ពុជ” តាំងពីឆ្នាំ២០១៩ មក និង”ជម្រើសដែលមានសុវត្ថិភាព” ក្នុងឆ្នាំនេះ។ ដោយសារគម្រោងទាំងនេះហើយ សិក្ខាកាម៣០នាក់បានចូលរួមវគ្គបណ្តុះបណ្តាលភាពយន្តឯកសាររបស់យើង នៅខេត្តគោលដៅ ដូចជារតនគិរីបានធ្វើដោយផ្ទាល់ រីឯខេត្ដសៀមរាប និងកំពង់ចាម ធ្វើតាមអនឡាញ។

ចំណុចទី៣លោកថា យើងនៅតែត្រូវការក្រុមស្ម័គ្រចិត្តដូចរាល់ដង គ្រាន់តែលើកនេះតិចជាងមុន ដោយសារកម្មវិធីរៀបចំជាលក្ខណៈអនឡាញ។ ចំណុចនេះបញ្ជាក់ពីការរក្សានូវចំណាប់ អារម្មណ៍ និងការបត់បែនពីសំណាក់យុវជនខ្មែរ ក្នុងការកសាងចលនារស់រវើកដល់វិស័យភាពយន្ត។ ពិតណាស់ ការងារចាត់ចែង និងអន្តរបុគ្គលរបស់ពួកគេ បង្ហាញពីគោលដៅមួយទៀតរបស់យើងខ្ញុំក្នុងការរួមចំណែកដល់ធនធាន មនុស្សក្នុងស្រុក៖ គឺអ្នកដឹកនាំគម្រោងភាពយន្ត ហើយមិនមែនត្រឹមតែអ្នកធ្វើភាពយន្ត ឬសមិទ្ធិករទេ។

រីឯចំណុចទី៤ លោក ស៊ុំ ស៊ីថែន មានប្រសាសន៍ថាការអនុញ្ញាតិរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យយើងខ្ញុំរៀបចំមហោស្រពក្នុងឆ្នាំនេះម្តងទៀតបញ្ជាក់ពីការបន្ត យកចិត្តទុកដាក់ដល់ក្រុមភាពយន្តឯករាជ្យដូចយើងខ្ញុំ។

ដូច្នេះយើងខ្ញុំសង្ឃឹមថាទស្សនិកជនកាន់តែច្រើននឹងមានភាពងាយស្រួលក្នុងការតាមដានភពយន្តខ្លីលើទូរស័ព្ទ ឬឧបករណ៍ទាក់ទងផ្សេងៗគ្នាក្តី និងបង្កភាពរស់រវើកដល់រឿងរ៉ាវ ៦៦ខ្លីៗដែលយើង ជ្រើសរើសពីជុំវិញពិភពលោក តាមរយៈការបោះឆ្នោតដល់រឿងដែលខ្លួនពេញចិត្តតាម Google Form។

លោកបន្ដថា ក្រសួងមួយទៀតដែលចាត់យើងខ្ញុំជាក្រុមគួរឱ្យទុកចិត្ត គឺក្រសួងព័ត៌មាន ដោយមានឯ.ឧ. ខៀវ កាញារីទ្ធ ដែលតែងតែត្រួសត្រាយផ្លូវឱ្យពួកយើងដូចសព្វមួយដង ជាមួយនឹងជំនួយហិរញ្ញវត្ថុរបស់ឯកឧត្ដម។ ការដាក់ភាពយន្តឯកសារចូលកម្មវិធី ក៏បំពេញឱ្យគោលការណ៍របស់ក្រសួង ក្នុងការជម្រុញសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិប្រើប្រាស់ព័ត៌មានផងដែរ។

ការកត់សម្គាល់ចំណុចទី៥ លោក មានប្រសាសន៍ថា ដើម្បីធានាដល់ស្ថានភាពហិរញ្ញវត្ថុ និងប្រតិបត្តិការងារមហោស្រព យើងក៏ទទួលបានមូលនិធិពីស្ថាប័នដែលឈរជើងនៅប្រទេសថៃគឺ SEA Junction។ ស្ថាប័ននេះបង្កើតឡើងក្នុង គោលបំណងជួយស្តារលទ្ធភាពដល់អង្គការ ឬគម្រោងណានៅអាស៊ីអាគ្នេយ៍ ដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩។ ហេតុដូច្នេះហើយ ទើបយើងលើកទឹកចិត្តឱ្យសមិទ្ធិករយើង ដាក់រឿងទាក់ទងនឹងកូវីដ នៅឆ្នាំនេះ។ តែក៏មិនបានន័យថា ឆ្នាំនេះមានសុទ្ធតែ រឿងជម្ងឺរាតត្បាតទាំងអស់ដែរ។

ចំណែកចំណុចទី៦ចុងក្រោយ លោក ស៊ុំ ស៊ីថែន មានប្រសាសន៍ថា ឆ្នាំនេះយើងមានមេប្រយោគសុទ្ធតែនារីៗរួមមាន បណ្ឌិត សាផាន លីនដា អ្នកស្រីគីម កល្យានសុភាព កញ្ញាលំអរពេជ្រ រិទ្ធី និងអ្នកស្រី Jessica Austin។ ដូច្នេះ បើយុវនារីយើងនៅគិតថា គ្មាន លទ្ធភាពធ្វើជាសមិទ្ធិករភាពយន្ត អាចរៀនសូត្រពីពួកគាត់ និងយកគាត់ជាគំរូបាន។

ចំណុចលេចធ្លោទាំងនេះ នាំមកនូវអារម្មណ៍ពិសេសដល់ឆ្នាំ២០២១ ដែលលោកកំពុងឆ្លងកាត់ តាមរយៈការផ្តល់ប្រយោជន៍ ដល់សហគមន៍ភាពយន្តរបស់យើង។ ទោះពេលខ្លះ មានការយ៉ាប់យឺនយ៉ាងណាក្តី ក៏ស្មារតីស្នូលរបស់យើងខ្ញុំនៅមិន ប្រែប្រួល ព្រោះខ្ញុំជឿថា”គ្រាប់ពូជ”ល្អៗនឹងត្រូវបានបណ្តុះចេញមកបន្ថែមទៀត តាមរយៈមហោស្រពយើង នៅពេល រាប់ឆ្នាំទៅមុខ។ ចក្ខុវិស័យនេះកាន់តែក្លាយជាការពិត ខណៈដែល”អង្គការ និងក្រុមភាពយន្តឈូករ័ត្ន”បន្តពង្រីកសម្ព័ន្ធកិច្ច និងភាពជាដៃគូរបស់ខ្លួន ពេញផ្ទៃប្រទេស និងលើឆាកអន្តរជាតិ។

នៅចុងក្រោយប្រធានមហោស្រព លោក ស៊ុំ ស៊ីថែន សង្ឃឹមថា ឯកឧត្តម អស់លោកលោកស្រី ប្រិយមិត្តនឹងនៅតែបន្តគាំទ្រមហោស្រពយើង ជាពិសេស តាមរយៈការទស្សនារឿងទាំងអស់អនឡាញ នៅលើ Chaktomuk Short Film Festival Facebook Page។ លោកអំពាវនាវថា កុំភ្លេចបោះឆ្នោតឱ្យរឿងដែលលោកអ្នក ពេញចិត្តផង។

សូមបញ្ជាក់​ជូន​ថា ចំណាប់អារម្មណ៍របស់ប្រធានមហោស្រពរូបនេះ គឺ​ធ្វើ​ឡើង​ក្នុង​ឱកាស​សម្ពោធកាចាក់បញ្ចាំងភាពយន្ដខ្លីឆ្នាំ២០២១ កាល​ពី​ថ្ងៃ​ទី២៣ ខែ​តុលា។ ការចាក់បញ្ចាំង​នេះ នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី២៣ ដល់​ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ​២០២១ ខាង​មុខ៕

ជិន សុភ័ក្ដ្រ

មតិយោបល់