• 2022-03-03 07:40:48
  • ព័ត៌មាន

ចន ច័ន្ទលក្ខិណា អាណិតតារាថៃ តេងម៉ូ តែត្រូវទាក់ពាក្យគ្នាជាមួយ សួង សុខារ៉ានីត រឿង ពីង រ៉ូហ្សា

  • 2022-03-03 07:40:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងជើងចាស់ និងបច្ចុប្បន្នជាប្រធានសមគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារខ្លីមួយដោយមានភ្ជាប់រូបថតតារាសម្ដែងថៃឈ្មោះ តេងម៉ូ ជាង២០សន្លឹក តាមបណ្ដាញសង្គមនៅព្រឹកថ្ងៃទី៣ ខែមីនា។ សំណេរដែលន័យថា៖ "មិនហ៊ាននិយាយអ្វីច្រើនទេ មានតែពាក្យថា ស្អាតណាស់” ត្រូវបានឆ្លើយតបបែបឌឺដងដោយតារាសម្ដែងស្រី សួង សុខារ៉ានីត។

ខណៈដែលមហាជន ចាប់អារម្មណ៍លើករណីស្លាប់តារាថៃ តេងម៉ូ ដែលគេសង្ស័យថាជាករណីមនុស្សឃាតដ៏រន្ធត់នោះ អ្នកនាង សួង សុខារ៉ានីត បានទាញចំណាប់អារម្មណ៍មហាជនមកគិតរឿងស្លាប់របស់អតីតតារាម៉ូដែល គឺកញ្ញា ពីង រ៉ូហ្សា វិញម្ដង តាមរយៈការចូលComment លើសាររបស់អ្នកនាង ចន ច័ន្ទលក្ខិណា នៅថ្ងៃនេះ។

ដំបូង សួង សុខារ៉ានីត ចូលទៅសរសេរថា គាត់ស្អាតមែនតើបង…ហើយពេលគាត់ស្លាប់គាត់សំណាងត្រង់មានគេឈឺឆ្អាលរកយុត្តិធម៌ជូនគាត់ច្រើន ខុសពីតារាខ្មែរ១រូប គឺប្អូនពីង រ៉ូហ្សា ពេលស្លាប់គេប្រញាប់ដុតចោលដូចខ្មោចឆ្កែគ្មានអ្នកណាដឹង បង្ហោះថាបូជានៅវត្តនេះ តែលួចទៅដុតនៅវត្តនោះ ហើយមានមនុស្សច្រើនចង់រកយុត្តិធម៌ជូនគាត់តែមានមនុស្សម្នាក់ដែលមានសមត្ថភាពជួយ តែម្នាក់នោះប្រកាសដាច់អហាំងការ គឺមិនខ្វល់មិនដឹងជាដាច់ខាត។

ការលើកឡើងនេះ ត្រូវបាន ចន ច័ន្ទលក្ខិណា យល់ថាជាពាក្យសម្ដីឌឺដងឲ្យរូបនាង ហើយក៏តបទៅវិញថា៖ “នាងមិនបាច់មកនិយាយឌឺដងទេ។ អ្នកនាងធ្វើឲ្យអាថ៌កំបាំងសពត្រូវបែកធ្លាយ ទាំងដែលគាត់បានព្យាយាមមកអង្វរខ្ញុំឲ្យរក្សាការសម្ងាត់ ហើយអ្នកនាងគឺជាអ្នកបំបែកបំបាក់មិត្តភាពរបស់ក្រុមខ្ញុំ តែចុងក្រោយពួកគេក៏យល់សាច់រឿង តែវាធ្វើឲ្យខ្ញុំឈឺចាប់ហួសហើយ ព្រោះពេលឈឺមិនមែនពួកអ្នកមកឈឺឆ្អាលទេ គឺមីងគាត់ និងខ្ញុំជាអ្នកចាត់ចែងយកគាត់ទៅពេទ្យ” ។

ចន ច័ន្ទលក្ខិណា បន្ថែមថា នាងស្អប់បំផុតមនុស្សដែលមានពុតត្បុត នាំគ្នាចង់ប្តឹងវែកញែករករឿងម្តាយមីង នៃសព តែពេលទៅបុណ្យម្នាក់ៗធ្វើជាទៅឱបលើកទឹកចិត្តមីងគេ និងសុំពួកនាងថតរូបជាមួយទាំងដែលខ្លួនបង្ករចលាចលវាយប្រហារនាងពេញក្រុម។ ចន លក្ខិណា បញ្ជាក់ថា បើអ្នកនាង សួង សុខារ៉ានីត នៅមិនអស់ចិត្ត ហើយតាមឌឺដងនាងទៀត នាងនឹងហៅក្រុមដដែលនោះ និងមីងរបស់កញ្ញា ពីង រ៉ូហ្សា មកជួបនិយាយជាមួយ សួង សុខារ៉ានីត ម្តង។

ភ្លាមនោះអ្នកនាង សួង សុខារ៉ានីត ក៏បានចូលទៅឆ្លើយតបវិញថា៖ “រឿងទៅជួបមីង តើនិយាយពីអ្វីបើគាត់ប្រញាប់ដុតសពចោលបែបនឹង ហើយយូរទៀត ហើយទូរដែក ឡាន ផ្ទះរបស់អាស្រស់(ពីង រ៉ូហ្សា) ប្រហែលគេលក់ចាយអស់បាត់ហើយនឹង ចំណែកអាស្រស់មើលតែមឈូសដាក់គ្នាទៅដឹងហើយ”។

ទាក់ទងនឹងករណីស្លាប់ និងធ្វើបុណ្យសពរបស់អតីតតារាម៉ូដែល និងសម្ដែង ពីង រ៉ូហ្សា គេមិនដឹងមានអាថ៌កំបាំងអ្វីនៅពីក្រោយនោះទេ ទើបធ្វើឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា និងអ្នកនាង សួង សុខារ៉ានីត ល្អកករកជាមួយគ្នាបែបនេះ។ សប្បាយមិនទាន់អាចទាក់ទងតារាទាំងពីរដួង ដើម្បីលម្អិតព័ត៌មាននេះបាននៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី៣ ខែមីនា។

ប៉ុន្ដែកន្លងទៅអ្នកនាង ចន ច័ន្ទលក្ខិណា ក្នុងនាមជាប្រធានសមាគមសិល្បករខ្មែរ បានចេញមុខប្រកាសភ្លាមៗថា កញ្ញា ពីង រ៉ូហ្សា មានជំងឺរលាកតម្រងនោម ជំងឺថ្លើម និងបញ្ហាប្រព័ន្ធប្រសាតធ្ងន់ធ្ងរ បណ្ដាលឲ្យកញ្ញាកាន់តែទ្រុឌទ្រោម រហូតដល់នាងបានទទួលមរណភាពនៅមន្ទីរពេទ្យលោកសង្ឃ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០៕

ជិន សុភ័ក្ដ្រ

មតិយោបល់