• 2022-06-02 07:03:44
  • ភាពយន្ត

ខ្សែភាពយន្ដភាគខ្មែរ រឿង“រសជាតិអ្នកមាន៣” សម្ពោធដាក់បញ្ចាំង ហើយខ្ទង់ចំណាយវិញកប់ហ្មង!

  • 2022-06-02 07:03:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ដភាគខ្មែរ រឿង“រសជាតិអ្នកមាន៣” វគ្គ ហេឡូអ្នកម៉ាក់ របស់អ្នកស្រី ពាន់ ភួងបុប្ផា ត្រូវបានសម្ពោធដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ ភី អិន អិន ជាផ្លូវការហើយនៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២។ អ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះ គឺរឿងនេះបានចំណាយទឹកប្រាក់រហូតដល់ទៅ ៥០ម៉ឺនដុល្លារ។

ថ្លែងទៅកាន់ភ្ញៀវកិត្ដិយស សិល្បករ-សិល្បការិនី និងអ្នកសារព័ត៌មានជាច្រើនស្ថាប័ន នាស្ថានីយទូរទស្សន៍ ភី អិន អិន ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌព្រែកព្នៅដោយផ្ទាល់ អ្នកស្រី ពាន់ ភួងបុប្ផា ថា រឿងនេះ គឺជារឿងប្រឌិតទាំងស្រុងរបស់អ្នកនិពន្ធខ្មែរមួយរូបដែលធ្លាប់ឆ្លងកាត់ជីវិតស្រ្ដីមេម៉ាយដល់ទៅពីរដង។ ដ្បិតថានេះ ជារឿងប្រឌិត ប៉ុន្ដែក្នុងខ្លឹមសារ នៃសាច់រឿង អាចជាគតិ ឬឆ្លុះបញ្ចាំងពីតថភាពសង្គមក្នុងគ្រួសារអភិជន ជាពិសេសបង្ហាញពីជីវិតស្រ្ដីមេម៉ាយត្រូវចិញ្ចឹមកូនៗ។

បន្ថែមលើនេះអ្នកគ្រប់គ្រងការផ្សាយរបស់ស្ថានីយទូរទស្សន៍ ភី អិន អិន កញ្ញា ទូច បុប្ផា បានប្រាប់Sabay ថា សម្រាប់ខ្សែភាពយន្ដភាគខ្មែរមួយនេះ បានចំណាយទុនសរុបរហូតដល់៥០ម៉ឺនដុល្លារ ខណៈដែលរឿង “រសជាតិអ្នកមានវគ្គ១ និងវគ្គ២”សរុបចំនួន ៨៥ភាគ បានចំណាយអស់ ៣០ម៉ឺនដុល្លារ។

អ្នកនិពន្ធ និងដឹកនាំសម្ដែងចាស់វស្សា ពាន់ ភួងបុប្ផា បានសហការកាន់តែស៊ីជម្រៅលើការផលិតរឿងជាមួយ ភី អិន អិន។ ក្នុងរយៈពេលចុងក្រោយនេះ គេឃើញមានស្នាដៃលេចធ្លោចំនួនបីរបស់អ្នកស្រីនៅលើកញ្ចប់ទូរទស្សន៍ដ៏ល្បីមួយនេះ ពោលគឺមានដូចជា៖ រឿង“អ្នកម៉ាក់វ័យក្មេង” រឿង“បាបស្នេហ៍អតីត” និងរឿង “រសជាតិអ្នកមាន”។ ក្នុងចំណោមរឿងទាំងភាគទាំងបី សុទ្ធតែមានវគ្គ១ វគ្គ និងវគ្គ៣។

សូមរំលឹកថា ពិធីសម្ពោធចាក់បញ្ចាំងខ្សែភាពយន្ដ រឿង “រសជាតិអ្នកមាន៣” មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលៗរបស់ស្ថានីទូរទស្សន៍ ភី អិន អិន អ្នកនិពន្ធ សិល្បករ-សិល្បការិនីសរុបប្រមាណ១០០នាក់។ ខ្សែភាគនេះ នឹងចាប់ផ្ដើមចាក់បញ្ចាំងរៀងរាល់ថ្ងៃច័ន្ទ ដល់ព្រហស្បត្ដិ៍ ចន្លោះម៉ោង៨ ទៅម៉ោង៩យប់ ចាប់ពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ តទៅ៕

ជិន សុភ័ក្ដ្រ

មតិយោបល់