• 2022-06-15 07:36:11
  • ភាពយន្ត

មហោស្រពភាពយន្ដរជាតិកម្ពុជា ធ្វើសន្និសីទកាសែត មុនសម្ពោធបើកមហោស្រពភាពយន្ដអន្ដរជាតិកម្ពុជាលើកទី១១

  • 2022-06-15 07:36:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុនសម្ពោធបើកមហោស្រពភាពយន្ដអន្ដរជាតិលើកទី១១ ឆ្នាំ២០២២ ចូលមកដល់ ថ្នាក់ដឹកនាំ នៃមហោស្រពភាពយន្ដអន្ដរជាតិកម្ពុជា (CIFF) បានរៀបចំសន្និសីទសារព័ត៌មានមួយនៅសណ្ឋាគារ Rosewood នៃអគារវឌ្ឍនៈ នៅថ្ងៃទី១៥ ខែមិថុនា។

មហោស្រពភាពយន្ដឆ្នាំនេះ នឹងនាំមកជូនខ្សែភាពយន្ដមកពី ២៦ប្រទេសខុសៗគ្នា និងមានរឿងចំនួន ១៤៤ចំណងជើង។ ក្នុងនោះមានភាពយន្ដខ្នាតខ្លី ភាពយន្ដខ្នាតវែង ភាពយន្ដឯកសារ និងគំនូរជីវចល។ ប្រធានមហោស្រពភាពយន្ដអន្ដរជាតិកម្ពុជា ថ្លែងថា មហោស្រពឆ្នាំនេះ នឹងសម្ពោធបើកនៅសាលចតុម្មុខ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។

មហោស្រពនឹងរៀបចំឲ្យមានការចាក់បញ្ចាំងនូវភាពយន្ដ និងគំនូរជីវចលទាំងនេះរយៈពេល ១សប្ដាហ៍ ពោលគឺចាប់ពីថ្ងៃទី២៨ ខែមិថុនា រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ នៅតាមទីតាំង និងរោងភាពយន្ដល្បីៗដូចជា៖ រោងកុន Legend Cinema រោងកុន Major Cineplex រោងកុន Prime Cineplexវិទ្យាស្ថានបារាំង មជ្ឈមណ្ឌលបុប្ផាណា សាលចតុម្មុខ Rosewood Hotel Java Creative និងនៅ Factory Phnom Penh។

ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានកាលពីព្រឹកមិញ ក៏មានកម្មវិធីប្រគល់ពានរង្វាន់ម្ចាស់ស្នាដៃ ឬផលិតករឆ្នាំឆ្នើមផងដែរ។ តាមពិតកម្មវិធីប្រគល់ពានរង្វាន់ ត្រូវធ្វើតាំងពីឆ្នាំ២០២០ ក៏ប៉ុន្ដែដោយស្ថានភាពជំងឺកូវីដ-១៩ មិនទាន់ធូរស្រាលក៏ពន្យាពេលរហូតមកដល់ពេលនេះ។

សន្និសីទសារព័ត៌មាននេះ មានការអញ្ជើញចូលរួមពីផលិតករជាតិ និងអន្ដរជាតិ សិល្បករ-សិល្បការិនី និងអ្នកសារព័ត៌មាន ព្រមទាំងក្រុមការងារមហោស្រពភាពយន្ដអន្ដរជាតិកម្ពុជាសរុបប្រមាណ១០០នាក់។ ក្នុងនោះគេក៏ឃើញវត្ដមានលោក ផលិតករ លៀក លីដា លោក នាង កាវ៉ិច លោក ប៉ាន់ ឬទ្ធី និងអ្នកនាង រ៉េត សារីតា ជាដើម៕

ជិន សុភ័ក្ដ្រ

មតិយោបល់