• 2022-06-29 04:22:24
  • ភាពយន្ត

ភ្ញាក់ផ្អើល ចំពោះស្លាយបង្ហាញ​រូបថតអតីតវីរៈសិល្បករភាពយន្ដ លី ប៊ុនយីម កណ្ដាលចំណោម​ផលិតករល្បីៗ

  • 2022-06-29 04:22:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងឱកាសសម្ពោធបើកមហោស្រពភាពយន្ដអន្ដរជាតិកម្ពុជាលើកទី១១ ឆ្នាំ២០២២ កាលពីល្ងាចថ្ងៃទី២៨ ខែមិថុនា ក្រោមអធិបតីភាពរដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិត្ដចិត្រសិល្បៈ គេឃើញវត្ដមានផលិតករភាពយន្ដជាតិ និងអន្ដរជាតិចូលរួមយ៉ាងច្រើនកុះករ។

ក្រៅពីជួបមុខគ្នា និងនិយាយស្វាគមន៍គ្នានៅខាងមុខសាលមហោស្រពជាមួយតារាសម្ដែង ក្រុមផលិតករ ឬអ្នកដឹកនាំរឿង ក៏បានថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍ នៅពីខាងមុខប៊ែន័រដែលដាក់ថា មហោស្រពភាពយន្ដអន្ដរជាតិលើកទី១១ រៀបចំដោយក្រសួងវប្បធម៌ និងដៃគូសហការជាច្រើន។

ចាងហ្វាងផលិតកម្ម ផលិតករភាពយន្ដ និងអ្នកដឹកនាំរឿងល្បីៗ ដែលលេចធ្លោរក្នុងចំណោមមហាជនកាលពីយប់មិញ គេឃើញមានដូចជា៖ ផលិតករ និងជាម្ចាស់ផលិតកម្ម អិល ឌី លោក លៀក លីដា តារាសម្ដែង និងផលិតករវ័យក្មេង រ៉េត ហ្សារីតា អ្នកដឹកនាំរឿង ឌៀប សុវណ្ណារ៉ា និងលោក លៀក លីណា ជាដើម។

អ្វីដែលគេកាន់តែចាប់អារម្មណ៍ក្នុងចង្កោមផលិករភាពយន្ដក្នុងឱកាសសម្ពោធបើកមហោស្រពយប់មិញនោះ គឺការបញ្ចាំងស្លាយរូបថត និងសកម្មភាពផលិតរបស់អតីតផលិតករដ៏ឆ្នើមរបស់កម្ពុជា គឺព្រឹទ្ធាចារ្យ លី ប៊ុនយីម។ ដ្បិតរូបលោកបានស្លាប់ទៅហើយ ប៉ុន្ដែកេរ្ដិ៍ឈ្មោះ និងស្នាដៃរបស់លោកជាច្រើនក្នុងវិស័យភាពយន្ដត្រូវបានគេរំលឹកឡើងយ៉ាងអស្ចារ្យនៅចំពោះមុខផលិតករភាពយន្ដជាតិ និងអន្ដរជាតិ ជំនាន់ក្រោយៗឲ្យបានស្គាល់ស្នាដៃលោក និងការខិតខំរបស់លោកលើវិស័យភាពយន្ដ។

សូមរំលំកថា ពិធីសម្ពោធបើកមហោស្រពភាពយន្ដអន្ដរជាតិកម្ពុជាលើកទី១១ កាលពីយប់មិញធ្វើឡើងនៅសាលមហោស្រពចតុម្មុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្នុងឱកាសនោះ គេក៏ឃើញមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាដទៃទៀត ព្រមទាំងតំណាងអង្គទូតនានាប្រចាំនៅកម្ពុជាទៀតផង។

មហោស្រពភាពយន្ដអន្ដរជាតិលើកទី១១ ឆ្នាំ២០២២ នេះ នាំមកជូនខ្សែភាពយន្ដពីប្រទេសចំនួន ២៦ និងមានរឿងចំនួន ១៤៤ចំណងជើង។ ក្នុងនោះមានភាពយន្ដខ្នាតខ្លី ភាពយន្ដខ្នាតវែង ភាពយន្ដឯកសារ និងគំនូរជីវចល។ ភាពយន្ដទាំងនេះ នឹងចាក់បញ្ចាំងរយៈពេល ១សប្ដាហ៍ពេញ ពោលគឺចាប់ពីថ្ងៃទី២៨ ខែមិថុនា រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ នៅតាមទីតាំង និងរោងភាពយន្ដល្បីៗដូចជា៖ រោងកុន Legend Cinema រោងកុន Major Cineplex រោងកុន Prime Cineplexវិទ្យាស្ថានបារាំង មជ្ឈមណ្ឌលបុប្ផាណា សាលចតុម្មុខ Rosewood Hotel Java Creative និងនៅ Factory Phnom Penh៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម