• 2022-08-11 03:08:57
  • ភាពយន្ត

ថ្ងៃនេះចាប់ផ្ដើមបញ្ចាំងរឿង បុព្វេសន្និវាស ហ៊ុយ យ៉ាឡេង ចាប់ផ្ដើមខ្វល់ចិត្ដ និងឈឺចាប់

  • 2022-08-11 03:08:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហ៊ុយ យ៉ាឡេង ដែលទើបប្រកាស ថាខ្លួនបានខាតបង់ប្រាក់យ៉ាងសន្ទឹកលើការផលិតភាពយន្ដ ហើយពុំសូវមានអ្នកគាំទ្រ សម្រេចដកឃ្លាមួយរយៈពីវិស័យនេះ ប៉ុន្ដែលោកនៅតែខ្វល់ខ្វាយចំពោះវិស័យភាពយន្ដខ្មែរ ខណៈភាពយន្ដបរទេសវាយលុកខ្លាំង។

ផលិតកររូបនេះ បានប្រើហ្វេសប៊ុករបស់ខ្លួន ជាវេទិកាបង្ហាញការអន់ចិត្ដចំពោះអ្នកគាំទ្រខ្សែភាពយន្ដបរទេសជាជាងខ្សែភាពយន្ដខ្មែរ ខណៈដែលរឿងបុព្វេសន្និវាសរបស់ថៃ ត្រូវបានបកប្រែជាភាសាខ្មែរ ហើយចាប់ផ្ដើមចាក់បញ្ចាំងនៅតាមរោងភាពយន្ដក្នុងស្រុកចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នេះ។

លោក ហ៊ុយ យ៉ាឡេង ផ្ដាំផ្ញើថា បងប្អូនដែលគាំទ្រភាពយន្ដនាងការ៉ាកេត ឬរឿងបុព្វេសន្និវាស ថា ដូនតាយើងមានប្រវត្ដិដ៏យូរលង់ណាស់មកហើយទាំងវប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទម្លាប់ ការស្លៀកពាក់ ម៉ូតសក់ ម្ហូបអាហារ និងភាសា។ ដូច្នេះអ្នកទស្សនាសូមពិចារណាឲ្យដឹងថា មួយណាជារបស់យើង ហើយមួយណាជារបស់គេ។

ទន្ទឹមគ្នានេះ លោកក៏បានលើករឿងហួសចិត្ដមួយថា មានទស្សនិកជនខ្លះពោលសរសើររឿង ខ្មោចដើមចេកជ្វា និងរឿងធ្មប់ដែលជាស្នាដៃផលិតរបស់លោកថាពិតជាល្អមើល ព្រោះតែធ្វើដូចប្រទេសជិតខាងទៅវិញ។ លោកថាផលិតករខ្មែរខំប្រយុទ្ធនិងភាពយន្តបរទេសរាប់រយរឿងកំពុងហូរចូល ដែលតម្លៃផលិតខុសគ្នាឆ្ងាយ។

លោក ហ៊ុយ យ៉ាឡេង៖ “ដូចរឿងនេះ(បុព្វេសន្និវាស) គេផលិតអស់២លានដុល្លារ រឿងខ្ញុំ៧ម៉ឺនដុល្លារមិនស្មើរគេហូបបាយ១ថ្ងៃផង ប្រជាជនស្រែកថារឿងយើងអន់មិនស្មើរគេ ខ្ញុំនៅវិស័យនេះ២២ឆ្នាំហើយខ្ញុំហ៊ាននិយាយបើមានអ្នកជួយបង្កើនថ្លៃផលិតជូនផលិតករខ្មែរ ផលិតចាប់ពី១៥ម៉ឺនដុល្លារ ទៅ៣០ម៉ឺនដុល្លារ និងឆ្ពោះទៅ៥០ម៉ឺនដុល្លារភាពយន្តខ្មែរនឹងស្មើមុខស្មើមាត់ជាមួយប្រទេសជិតខាងនៅ៣ឆ្នាំខាងមុខ”។

លោក បានលើកសំអាងហេតុដោយភ្ជាប់រូបថតតារាសម្ដែងខ្មែរ ព្រមទាំងបញ្ជីចំណងជើងខ្សែភាពយន្ដខ្មែរយើងជាច្រើនរឿងដែលបានផលិតនៅអំឡុងទស្សវត្ស៦០ និង៧០។ រឿងការ៉ាកេតរបស់ខ្មែរ ដែលមានតួអង្គសម្ដែងប្រុស ជា យុទ្ធថន បានថតតាំងពីឆ្នាំ១៩៦៥។ លោកថា ជំនាន់នោះភាពយន្ដខ្មែរខ្លាំង ហើយប្រទេសជិតខាងមើលរឿងខ្មែរ ប៉ុន្ដែដោយសារសង្គ្រាម ទើបភាពយន្ដខ្មែរធ្លាក់ចុះ ហើយប្រទេសជិតខាងគេអត់សង្គ្រាមគេយកទៅច្នៃយកទៅបង្ហាញពីវប្បធម៌ស្រដៀងយើង ខណៈដែលវិស័យភាពយន្ដយើងទើបងើបឡើងវិញបន្ដិច៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម