• 2022-10-04 03:19:55
  • ភាពយន្ត

ខ្សែភាពយន្ដរឿង“លោកគ្រូប្រពន្ធល្អ” ចាប់ផ្ដើមចាក់បញ្ចាំងជាផ្លូវការពីស្អែកនេះហើយ

  • 2022-10-04 03:19:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ដ រឿង“លោកគ្រូប្រពន្ធល្អ” ចាប់ផ្ដើមចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ដពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ តទៅហើយ បន្ទាប់ពីសម្ពោធបើកកាលពីយប់មិញ ក្រោមការអញ្ជើញចូលរួមពីមន្ដ្រីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងផលិតករ និងតារាសម្ដែងល្បីៗជាច្រើនដួង។

ចាងហ្វាងផលិតកម្មដើមត្នោត និងជាម្ចាស់រឿង"លោកគ្រូប្រពន្ធល្អ"លោក ឆាយ បូរ៉ា ថ្លែងថា ខ្សែភាពយន្ដបែបអប់រំ បង្កប់ដោយឈុតឆាកមនោសញ្ចេតនាស៊ីជម្រៅ និងកំប្លែងស្ងួតនេះ ត្រូវបានលោក និងភរិយាចំណាយពេលផលិតរយៈពេលជិត ១ឆ្នាំ។

ទន្ទឹមគ្នានេះលោកក៏បង្ហើបពីមូលហេតុ នៃការសម្រេចចិត្ដមិនបញ្ចេញស្នាដៃនេះភ្លាមៗក្រោយស្ថានភាពឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ ស្ងប់ស្ងាត់ភ្លាមៗ បើទោះបីជារឿងនេះបានថតចប់តាំងពីមុនជំងឺកូវីដ-១៩ ផ្ទុះឡើងក្នុងឆ្នាំ២០១៩។ លោកថា កាលណោះបើទោះបីជាពលរដ្ឋមានវ៉ាក់សាំងគ្រប់គ្នា ហើយរោងកុនចាប់ផ្ដើមបើកឲ្យចូលទស្សនា១០០%ឡើងវិញ តែលោកមើលឃើញទស្សនិកជនខ្លះនៅខ្លាច។

ទើបមកដល់ដើមខែតុលា ឆ្នាំ២០២២ នេះ លោកគិតថាជាពេលវេលាសមស្របអាចបញ្ចេញរឿងនេះបាន ព្រោះទស្សនិកជនលែងខ្លាចអ្វីទៀត។ លោក ឆាយ បូរ៉ា ថាវីរៈសិល្បករ ព្រហ្ម ម៉ាញ ដែលធ្លាប់តែច្រៀងអាយ៉ៃ យល់ដឹងច្រើនពីរឿងរ៉ាវប្រវត្ដិសាស្ដ្រ ដូច្នេះលោកដែលជាតួអង្គសម្ដែងសំខាន់ក្នុងរឿងនឹងអង្រួនអារម្មណ៍ទស្សនិកជន ហើយលោកជឿថាប្រិយមិត្ដនឹងចូលចិត្ដការសម្ដែងរបស់លោក។

ខ្សែភាពយន្ដ រឿង“លោកគ្រូប្រពន្ធល្អ” បានសម្ពោធចាក់បញ្ចាំងជាផ្លូវការកាលពីល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នាផ្សារទំនើបអ៊ីអន១។ ពិធីនេះគេឃើញវត្ដមាន អនុរដ្ឋលេខាធិការក្រសួងវប្បធម៌លោក ទិត្យ ថាវិទ្ធ ប្រធាននាយកដ្ឋានភាពយន្ដលោក ប៉ុក បូរក្ស ចាងហ្វាងផលិតកម្មដើមត្នោតលោក ឆាយ បូរ៉ា។ រីឯតារាវិញគេឃើញមានដូចជា៖ លោក ព្រហ្ម ម៉ាញ នេន ទុំ ទេព រិនដារ៉ូ និងអ្នកនាងគ្រតជាដើម៕

ជិន សុភ័ក្ដ្រ

មតិយោបល់