• 2022-10-06 07:52:37
  • ភាពយន្ត

ឆាយ បូរ៉ា៖ គ្រឹះតែមួយគត់ សម្រាប់ផលិតកុនជោគជ័យ គឺខួរក្បាលផលិតករ

  • 2022-10-06 07:52:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករភាពយន្ដជើងចាស់លោក ឆាយ បូរ៉ា ដែលធ្លាប់សិក្សាលើវិស័យនេះទាំងនៅក្នុង និងក្រៅប្រទេស បានកំណត់គុណភាពភាពយន្ដ គឺកើតចេញពីកត្ដាមួយចំនួន ប៉ុន្ដែអ្វីដែលសំខាន់បំផុតនោះគឺឆ្អឹងរឿង ឬគំនិតបង្កើតជាសាច់រឿងរបស់ផលិតករម្នាក់ៗ។

លោក បានប្រាប់Sabay ក្នុងឱកាសសម្ពោធបញ្ចាំងខ្សែភាពយន្ដរឿង“លោកគ្រូប្រពន្ធល្អ”ដែលជាស្នាដៃរបស់លោកនៅផ្សារទំនើបអ៊ីអន១ កាលពីពេលថ្មីៗនេះថា វិស័យភាពយន្ដខ្មែរនៅតែដើរមិនទាន់ប្រទេសជិតខាង ដោយសារគេមានទុនច្រើន ឧបករណ៍បច្ចេកទេសទំនើបៗ និងមានបុគ្គលិកច្រើន។

ឆាយ បូរ៉ា៖ “យើងមិនទាន់ប្រៀបជាមួយគេបានទេ ដោយសារទី១កត្ដាទុនវិនិយោគ ទី២ក្រុមការងារ។ ដូចនៅប្រទេសថៃ គ្រាន់តែកុនតូចបំផុតរបស់គេមួយចំណាយ ៣៥ម៉ឺន(ដុល្លារ) ហើយមានបុគ្គលិកបច្ចេកទេសជាង ៧០នាក់។ ចុះខ្មែរយើងវិញ គឺក្រុមការងារតិច ហើយទុនវចាយប្រហែល១០ម៉ឺន(ដុល្លារ) អីប៉ុណ្ណឹងទេ"។

ទោះជាយ៉ាងណាលោកថា ខ្សែភាពយន្ដខ្នាតមធ្យម និងធំបំផុតរបស់ប្រទេសជិតខាងដែលចំណាយទុនថតចន្លោះពី១លានដុល្លារ ទៅ៥លានដុល្លារ ក៏មានរឿងខ្លះចេញមកមិនសូវល្អដូចរឿងខ្មែរដែលចំណាយទុនថតខ្ពស់អស់ត្រឹម១០ ទៅ២០ម៉ឺនដុល្លារនោះផង។

លោក ឆាយ បូរ៉ា ជឿថាផលិតករខ្មែរនៅតែជ្រៀតចូលទីផ្សារភាពយន្ដ ឬទាញយកចំណាប់អារម្មណ៍ពីទស្សនិកជនបានច្រើន ដោយយកគំនិតគោល ឬconcept នៃសាច់រឿងទាក់ទងនឹងសង្គមខ្មែរ និងវប្បធម៌របស់ខ្មែរជាដើមមកផលិត នោះសាច់រឿងភាគច្រើនអាចនឹងចាក់ចំបេះដូងរបស់អ្នកទស្សនា៕

ជិន សុភ័ក្ដ្រ

មតិយោបល់