• 2023-01-10 06:35:59
  • ចម្រៀង

ទើបចាប់ភ្លឹក ចង់ស្គាល់ម្ចាស់ដើមបទ “សំបុត្រក្រោមខ្នើយ” ក្រោយមរណភាពជំទាវ កាន់ ម៉ារី

  • 2023-01-10 06:35:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកជំទាវ កាន់ ម៉ារី ហ្គាឡូតូ ហួត សម្បត្ដិ ទទួលមរណកាលហើយកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៥ និង៣៥នាទីព្រឹក ដោយរោគាពាធ ក្នុងជន្មាយុ ៨៨ឆ្នាំ។ មរណភាពរបស់លោកជំទាវ ធ្វើឲ្យគេនឹកឃើញដល់បទ "សំបុត្រក្រោមខ្នើយ" ហើយមានមនុស្សតិចតួចណាស់ដែលបានដឹងថាលោកជំទាវជាម្ចាស់ដើម នៃបទដ៏ពីរោះនេះ។

ទំព័រហ្វេសប៊ុក Amazing Cambodia បានបញ្ជាក់ថា កាន់ ម៉ារី ហ្គាឡូតូ ហួត សម្បត្ដិ ហៅសាវតី គឺជាអតីតតារាចម្រៀងខ្មែរជំនាន់ដំបូងគេ ហើយលោកជំទាវក៏ជាម្ចាស់សំនៀងដើម និងជាម្ចាស់សាច់រឿងពិតក្នុងបទ “សំបុត្រក្រោមខ្នើយ"ដែរ។

បទ “សំបុត្រក្រោមខ្នើយ” ដែលជាសំនៀងដើមរបស់លោកជំទាវ កាន់ ម៉ារី ត្រូវបានតារាចម្រៀងល្បីៗជំនាន់ក្រោយមកច្រៀងឡើងវិញជាច្រើននាក់។ បទនេះនៅតែពីរោះ និងពេញនិយមស្ដាប់សម្រាប់ប្រិយមិត្ដស្រឡាញ់សនៀងជំនាន់ដើម។

Youtube៖​ ក្រុមព្រះសុរិយា

កាន់ ម៉ារី ល្បីថាមានសម្រស់ស្រស់ស្អាតលើគេ ហើយមានមុខមានមាត់ក្នុងសង្គមសិល្បៈ នាសម័យនោះ។ លោកជំទាវ គឺជាភរិយារបស់លោក ហួត សម្បត្ដិ ដែលជាអតីតឯកអគ្គរាជទូតប្រចាំអង្គការសហប្រជាជាតិ សម័យសង្គមរាស្ដ្រនិយម។ ប៉ុន្ដែស្វាមីរបស់លោកជំទាវបានស្លាប់ក្នុងរបបខ្មែរកហម បន្ទាប់ពីអង្គការចាប់ខ្លួនចូលមន្ទីរស-២១ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៧៦ ហើយសម្លាប់នៅថ្ងៃទី១៧ ខែវិច្ឆិកា ក្នុងឆ្នាំដដែលនោះ បន្ទាប់ពីសួរចម្លើយចំនួន១២លើក។

លោកជំទាវ កាន់ ម៉ារី និងលោក ហួត សម្បត្ដិ ក៏មានកូនប្រុសម្នាក់ធ្វើការក្នុងស្ថាប័នអង្គព្រះមហាក្សត្រដែរ គឺឯកឧត្ដម សម្បត្ដិ សុធា ដែលមានតួនាទីជាឯកអគ្គរាជទូតអមព្រះរាជលេខាធិការដ្ឋាន ព្រះមហាក្សត្រ។ ក្នុងឱកាសកាន់ទុក្ខដ៏ក្រោមក្រំនេះ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ក៏បានចេញព្រះរាជសាររំលែកទុក្ខចំពោះឯកឧត្ដម សម្បត្ដិ សុធា កាលពីថ្ងៃទី៤ ខែមករា ផងដែរ។

សពលោកជំទាវ កាន់ ម៉ារី ហ្គាឡូតូ ហួត សម្បត្ដិ បានតម្កល់ធ្វើបុណ្យ និងបូជានៅវត្ដស្វាយពពែ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣។ មរណភាពរបស់លោកជំទាវនៅពេលនេះ ត្រូវបានមហាជនសោកស្ដាយ ហើយយល់ថាកម្ពុជាបានបាត់បង់ធនធានសិល្បៈដ៏កម្រនៅជំនាន់ដើមម្នាក់ទៀតហើយ៕

ជិន សុភ័ក្ដ្រ

មតិយោបល់