• 2023-01-23 06:37:18
  • ភាពយន្ត

Mizter Roy ដាក់ខ្សែភាពយន្ដខ្លីមួយរឿងផ្ទុះការគាំទ្រក្នុងឱកាសបុណ្យចូលឆ្នាំចិន

  • 2023-01-23 06:37:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ដណ្ដើមហុងស៊ុយ” ជាខ្សែភាពយន្ដខ្លីបែបអប់រំ បានចេញមុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន ឬសែនចូលឆ្នាំចិនឆ្នាំ២០២៣ ចូលមកដល់។ គិតត្រឹមថ្ងៃទី២៣ ខែមករា គឺមានរយៈប្រមាណ ១សប្ដាហ៍ប៉ុណ្ណោះ មានអ្នកទស្សនា និងចែករំលែករាប់លានដង អមដោយពាក្យកោតសរសើរម្ចាស់ស្នាដៃទៀតផង។

ខ្សែភាពយន្ដអប់រំនេះ ជាស្នាដៃនិពន្ធ និងដឹកនាំសម្ដែងដោយលោក នាងគួនណូ ចិត្រា ហៅMizter Roy ហើយបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។ ក្នុងរយៈពេលនេះមានការចូលទស្សនារហូតដល់ទៅ១លាន ៨សែនដង។

រឿង “ដណ្ដើមហុងស៊ុយ” បង្ហាញពីស្ថានភាពគ្រួសារមួយដែលមានម្ដាយវ័យជរាហើយមានជំងឺប្រចាំកាយរស់នៅជាមួយកូនស្រីច្បងម្នាក់នៅស្រុកស្រែចម្ការ ហើយកូនប្រុសបង្កើតពីរនាក់ទៀត មានគ្រួសារ និងរស់នៅភ្នំពេញ។ ក្នុងពេលម្ដាយកាន់តែធ្លាក់ដុនដាប បងស្រីបានហៅទូរស័ព្ទទៅប្អូនប្រុសទាំងពីរឲ្យមកអើតម្ដាយ ប៉ុន្ដែពួកគេលើកហេតុផលរវល់នេះរវល់នោះ ទាំងដែលពេលខ្លះខ្លួនមានពេលផឹកស៊ីជួបជុំមិត្ដភក្ដិ និងជួបជុំប្រពន្ធកូនយ៉ាងរំភើយដោយមិនគិតពីម្ដាយឡើយ។

ក្រោយម្ដាយស្លាប់ប្អូនប្រុសទាំងពីរ បាននាំប្រពន្ធ-កូនមកសែនផ្នូរម្ដាយ ដោយមាននំចំណីពោរពាសនៅមុខផ្នូរ ហើយដាក់ព្រលឹងម្ដាយឲ្យហូបចំណីដែលខ្លួនបានដាក់សែន ហើយសន្យាថានឹងធ្វើនំចំណីឲ្យកាន់តែច្រើនឡើងៗ យកមកសែននៅមុខផ្នូរម្ដាយនៅឆ្នាំបន្ទាប់ៗទៀត ពេលដែលមានហុងស៊ុយកាន់តែឡើង។

តួអង្គបងស្រីបានត្រឹមតែអួលដើមក សម្រក់ទឹកភ្នែក ហើយស្ដីបន្ទោសប្អូននៅមុខផ្នូរម្ដាយថា បើពេលម្ដាយនៅរស់ពួកប្អូនៗ ចេះដំណើមគ្នាយកនំណីមកដាក់សែនមុខផ្នូរដូច្នេះ ម្ល៉េះសមម្ដាយសប្បាយចិត្ដខ្លាំងណាស់ ប៉ុន្ដែអ្វីដែលប្អូនៗធ្វើនៅពេលនេះ គឺដើម្បីតែហុងស៊ុយប៉ុណ្ណោះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់