• 2023-02-09 02:53:20
  • ភាពយន្ត

ពូឃ្លាំង ប៉ះជាមួយនាយគ្រឿន ក្នុងខ្សែភាពយន្ដបង្កប់ដោយសំណើច ត្រៀមចាក់បញ្ចាំង​ នៅដើមខែ មីនា

  • 2023-02-09 02:53:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំបូងផ្ទុះការចាប់អារម្មណ៍តែលើតួអង្គនាយគ្រឿន ក្នុងរឿង”លង់ស្នេហ៍ពូ” ដែលជាស្នាដៃថ្មីមួយទៀតរបស់ផលិតកម្ម អិល ឌី តាមរយៈការបញ្ចេញឃ្លីបវីដេអូខ្លីៗថតក្រៅឆាក ហើយបញ្ចេញលើបណ្ដាញសង្គមដោយនាយគ្រឿនផ្ទាល់។ ប៉ុន្ដែពេលនេះ មានប្រភពច្បាស់ការមួយទម្លាយថា ក្នុងរឿងនេះក៏មានវត្ដមានកំពូលតារាចម្រៀងរ៉េប ពូឃ្លាំង ដែរ។

តាមរយៈរួបថតមួយសន្លឹក បញ្ចេញដោយផលិតកម្ម អិល ឌី រូបពូឃ្លាំង ត្រូវបានគេដាក់ធំៗទល់និងនាយគ្រឿន អមដោយចំណងជើង "លង់ស្នេហ៍ពូ”។ ខ្សែភាពយន្ដនេះគ្រោងសម្ពោធចាក់បញ្ចាំងជាផ្លូវការនៅតាមរោងកុន នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ខាងមុខ។

ទាក់ទងដំណឹងនេះ ពូឃ្លាំង ក៏ធ្លាប់បង្ហើបប្រាប់Sabay ថា រូបលោកទើបមានឱកាលបានសម្ដែងក្នុងខ្សែភាពយន្ដខ្នាតធំលើកដំបូង ហើយលោកក៏សប្បាយចិត្ដខ្លាំងដែរ ដែលមានឱកាសសម្ដែងជាមួយនាយគ្រឿន ព្រមទាំងតារាល្បីៗជាច្រើនទៀត។ ក្នុងរឿងនេះ អ្នកដឹកនាំសម្ដែង តម្រូវឲ្យលោកដើរជាតួអង្គថៅកែ មានភាពហ្មត់ចត់ ហើយពេលខ្លះក៏ដំឡើងសសៃកដាក់កូនចៅក្នុងពេលបំពេញការងារដែរ។

ទោះជាយ៉ាងណា កាលណោះលោកមិនទាន់ដឹងថា ផលិតកម្ម អិល ឌី នឹងបញ្ចេញរឿងដែលមានវត្ដមានរបស់លោកនេះនៅពេលណាទេ តែសម្រាប់លោកផ្ទាល់សង្កេតឃើញថា គ្រប់ឈុតឆាក សុទ្ធតែចាប់អារម្មណ៍ ព្រោះវាបង្កប់ដោយមនោសញ្ចេតនាផង សំណើចផង ហើយពេលខ្លះក៏មានឈុតផ្សងគ្រោះថ្នាក់ដែរ។

ទន្ទឹមគ្នានោះ ពូឃ្លាំង ក៏ចង់ឃើញវត្ដមានរបស់អ្នកគាំទ្ររបស់លោក និងនាយគ្រឿនមានវត្ដមាននៅតាមរោងកុន ក្នុងថ្ងៃរឿងនេះចាប់ផ្ដើមចាក់បញ្ចាំង ដើម្បីទស្សនាការសម្ដែងរបស់លោកជាមួយនាយគ្រឿន ព្រមទាំងតារាល្បីៗជាច្រើនរូបទៀត៕

ជិន សុភ័ក្ដ្រ

មតិយោបល់