• 2023-02-14 02:51:48
  • ភាពយន្ត

ថ្ងៃមុន ហ៊ុយ យ៉ាឡេង បង្ហើបថាចង់ថតរឿង "គុនខ្មែរ" ឥឡូវ​មាន​ឧកញ៉ា​ម្នាក់​ប្រកាស​គាំទ្រ

  • 2023-02-14 02:51:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករ ហ៊ុយ យ៉ាឡេង ធ្លាប់​ប្រកាស​ថា​ខ្លួន​ចង់​ថត​ខ្សែភាពយន្ដ​ខ្នាត​ធំ​រឿង "គុន​ខ្មែរ" ក្នុង​គ្រា​ដែល​អ្នក​និយម​ទស្សនា​កីឡាប្រដាល់​​ខ្មែរ និង​ថៃ មាន​ការ​ជជែក​គ្នា​ខ្លាំង​ជុំវិញ "គុន​ខ្មែរ" និង​"MAUY THAI" ប៉ុន្ដែ​លោក​បង្ហើប​ថាខ្វះ​ការ​គាំទ្រ​ផ្នែក​កម្លាំងចិត្ដ និង​ថវិកា។

ឥឡូវ​នេះ​គេ​ឃើញ​ស្ដេច​នំ​ដូណាត់ គឺ​លោក​ឧកញ៉ា តឹក ង៉ូយ បាន​ចែក​រំលែក​បន្ដ​នូវ​គំនិត​ផ្ដួចផ្ដើម​របស់​ផលិតករ ហ៊ុយ យ៉ាឡេង តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក ហើយ​និយាយ​ថា "គាំទ្រ"។ ប៉ុន្ដែ​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា ការ​គាំទ្រ​របស់​លោក​ឧកញ៉ា នៅ​ពេល​នេះ គឺ​ជា​ការ​គាំទ្រ​ផ្នែក​កម្លាំង​ចិត្ដ ឬ​ជា​ថវិកា សម្រាប់​ផលិត​រឿង​ទាក់ទង​នឹង​ក្បាច់គុន​ខ្មែរ​នេះ ឬ​យ៉ាង​ណា​ទេ ខណៈ​ដែល​Sabay មិន​ទាន់​ទាច​ទាក់ទង​សាមី​ខ្លួន​ទាំង​ពីរ​ដើម្បី​សុំ​ការ​បញ្ជាក់។

ក្រោយ​ពី​បង្ហាញ​ពី​គំនិត​ផ្ដួចផ្ដើម​ផលិត​រឿង​នេះ មាន​ពលរដ្ឋ​ខ្មែរ​មិន​តិច​ទេ​ដែល​គាំទ្រ និង​ចង់​ឃើញ​ស្នាដៃ​នេះ​កើត​ឡើង​ក្នុង​ពេល​ឆាប់ៗ ដើម្បី​បញ្ជាក់​ឲ្យ​កាន់​តែ​ច្បាស់​ទៅ​ទស្សនិកជន​ជាតិ និង​អន្ដរជាតិថា "គុន​ខ្មែរ" មាន​ប្រវត្ដិ​ដ៏​យូរលង់ និងមាន​ភាពអស្ចារ្យ​កម្រិត​ណា។

បើ​តាម​ផលិតករ​ជើងចាស់ ហ៊ុយ យ៉ាឡេង ខ្សែភាពយន្ដ​ខ្នាតធំ​រឿង "គុន​ខ្មែរ"ដែល​លោក​ផលិត​នោះ​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ប្រមាណ ១០​ម៉ឺនដុល្លារ ហើយ​លោក​ធានា​គុនភាព​សមល្មម​អាច​ដាក់​នៅ​លើ​ទីផ្សារជាតិ និង​អន្ដរជាតិ​បាន​មិន​ចាញ់​កុន​ដទៃ​នោះ​ទេ។ អ្វី​ដែល​លោក​សង្កត់​ធ្ងន់ គឺ​ខ្វះ​ការ​វិនិយោគ ឬ​គាំទ្រ​ផ្នែក​ថវិកាដើម្បី​ផលិត​វា​ឡើង៕

ជិន សុភ័ក្ដ្រ

មតិយោបល់