• 2023-02-15 07:30:27
  • ចម្រៀង

ឆ្នាំង​ចាស់​បាយ​ឆ្ងាញ់! ណូយ វណ្ណេត ប្រកាស​ចូល​ច្រៀង​ក្នុង​ផលិតកម្មថ្មី​ ធ្លាប់ល្បីតាំងពីទសវត្ស៨០

  • 2023-02-15 07:30:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង​ជើងចាស់​លោក ណូយ វណ្ណេត ប្រកាស​ថា​ខ្លួន​នឹង​ចូល​ច្រៀង​ឲ្យ​ផលិតកម្ម​ថ្មី​មួយ​របស់​កូន​ប្រុស​បង្កើត​អតីត​ចាងហ្វាង​ផលិតកម្ម​ឆ្លង​ដែន​ដែល​ល្បី​ខ្លាំង​នៅ​ចន្លោះ​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ​២០០០។

ការ​ដឹកនាំ​ថ្មី ប៉ុន្ដែ​ឈ្មោះ​ផលិតកម្ម​ចាស់ គឺ​ផលិតកម្ម​ឆ្លង​ដែន ត្រូវ​បាន​គេ​ឃើញ​លេច​មុខ​ជា​សាធារណៈ អម​ដោយ​តារា​ចម្រៀង​ចាស់ៗ​ប៉ុន្មាន​ដួង​ក្នុង​នោះ​ក៏​មាន​លោក ណូយ វណ្ណេត ដែរ។ លោក​បញ្ជាក់​ថា រូប​លោក និង​លោក ធឹង សុន ម្ចាស់​ផលិតកម្ម​ចាស់ ធ្លាប់​មាន​អនុស្សាវរីយ៍​ថត​បទ​ចម្រៀង​ជា​ច្រើន​ជាមួយ​លោក។

ណូយ វណ្ណេត៖ "នៅ​ថ្ងៃ​នេះ...ខ្ញុំ​ណូយ វណ្ណេត ដែល​ជា​តារា​ចម្រៀង​ឆ្លងដែន​ជាមួយ​គាត់(ធឹង សុន)ជាយូរយា​ណាស់​មក​ហើយ! ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​គាំទ្រ​ផលិតកម្ម​នេះ​បន្ដ ព្រោះ​នេះ​ជា​ការ​បង្កើត​ថ្មី​ដោយ​ក្មួយ​ប្រុស​ត្រូវ​ជា​កូន​គាត់​ផ្ទាល់ ហើយ​ឥឡូវ​នេះ​ខ្ញុំ​បាន​មក​ដល់​ស្ទូឌីយោ​របស់​គាត់ ហើយ​បន្ដិច​ទៀត​ខ្ញុំ​ក៏​មាន​បទ​ចម្រៀង​ជា​បន្ដបន្ទាប់​សម្រាប់​បងប្អូន"។

ផលិតកម្មឆ្លងដែន ដឹកនាំ​ដោយ​លោក ធឹង សុន ធ្លាប់​ផ្ដល់​បទចម្រៀង​ពីរោះៗរាប់ពាន់បទ​កាលពីអតីត​នោះ ចាប់ផ្ដើមឃ្លាតឆ្ងាយពីត្រចៀកមហាជន ក្រោយ​ផលិតកម្ម​ថ្មី​បង្កើត​ជា​ច្រើន ហើយ​បច្ចេកវិទ្យាកាន់​តែ​ទំនើប។ ប្រិយមិត្ដខ្លះ កាន់​តែ​លែង​ឮ ឬបានស្គាល់​ឈ្មោះ​ផលិតកម្ម​ឆ្លងដែន​ ក្រោយ​ពី​លោក ធឹង សុន ទទួលមរណៈភាពកាល​ពី​ឆ្នាំ​២០១៧។

គិត​ត្រឹម​រសៀល​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៣ Sabay មិន​ទាន់​ទាច​ទាក់ទង​កូន​ប្រុស​បង្កើត​លោក ធឹង សុន ដែល​ជា​ម្ចាស់​ផលិតកម្ម​ថ្មី​នេះ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​ការ​បង្កើត​ផលិតកម្ម​ថ្មី​នេះ​នៅ​ឡើយ​ទេ។

ប៉ុន្ដែ​បើ​យោង​តាម​ប្រសាសន៍​លោក ណូយ វណ្ណេត ផលិតកម្ម​នេះ​ទើប​បើក​ថ្មី កំពុង​រៀបចំ​ច្បាប់​ទម្លាប់​អី​ឲ្យ​បាន​ត្រឹម​ត្រូវ ខណៈ​ដែល​គេ​ឃើញ​តារា​ចម្រៀង​លោក ឌី សារ៉ែន កញ្ញា កែវ រមន្នី និង​តារ​ចម្រៀង​ប្រុស​ពីរ​នាក់​ផ្សេង​ទៀត បាន​បង្ហើរ​សំនៀង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ផលិតកម្ម​ឆ្លង​ដែន​ថ្មី​នេះ​ហើយ៕

ជិន សុភ័ក្ដ្រ

មតិយោបល់