• 2023-02-23 03:14:06
  • ភាពយន្ត

ដូចការគ្រោងទុក ហ្វៃ សំអាង បានបំពេញក្ដីស្រមៃមុនដកឃ្លាពីអាជីពសិល្បៈ

  • 2023-02-23 03:14:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចការគ្រោងទុក ផលិករជើងចាស់ ហ្វៃ សំអាង ចាប់ផ្ដើមបើកកាមេរ៉ាថតខ្សែភាពយន្ដភាគខ្មែរបុរាណដែលជាស្នាដៃនិពន្ធ និងដឹកនាំសម្ដែងដោយលោកផ្ទាល់។ ខ្សែភាពយន្ដនេះ លោកធ្លាប់បង្ហើបប្រាប់Sabay កាលពីឆ្នាំមុនថា វាអាចជារឿងចុងក្រោយរបស់លោកធ្វើឲ្យអស់ពីដៃពីជើង មុននឹងលោកដកឃ្លាពីការងារផលិតខ្សែភាពយន្ដ។

រូបភាព៖ ហ្វេសប៊ុក

ផលិតកម្មរស្មីហង្សមាស បានធ្វើពិធីក្រុងពាលីថតខ្សែភាពយន្ដភាគរឿង “អប្សរា មហាអង្គរ” ដោយមានការចូលរួមពីសិល្បករ-សិល្បការិនីល្បីៗ គ្រងឈុតបុរាណដ៏គួរឲ្យទាក់ទាញក្នុងឱកាសនោះ។ តារាទាំងនោះមានខ្លះបានបង្ហាញអារម្មណ៍សប្បាយចិត្ដដែលខ្លួនទទួលបានឱកាសម្ដែងខ្សែភាពយន្ដបុរាណនេះ ខណៈដែលមានតួជាច្រើន បានបង្ហោះរូបខ្លួនគ្រងឈុតបុរាណតាមបណ្ដាញសង្គម។

គិតត្រឹមម៉ោង ១០ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ Sabay មិនទាន់អាចទាក់ទងលោក ហ្វៃ សំអាង ដើម្បីបញ្ជាក់បន្ថែមជុំវិញគម្រោងថតរឿងថាត្រូវចំណាយទុនអស់ប៉ុន្មាន ហើយថារឿងមួយពិតជារឿងចុងក្រោយរបស់លោកមុនលោកសម្រាកពីអាជីពផលិតរឿង ឬយ៉ាងណានោះទេ។ ប៉ុន្ដែកន្លងទៅលោកធ្លាប់បញ្ជាក់ថា បើលោកចូលនិវត្ដ ឬឈប់ផលិតរឿងដោយមិនបានថតរឿង “អប្សរា មហាអង្គរ” លោកពិតជាមិនអស់ចិត្ដឡើយ។

ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ គេសង្កេតឃើញអ្នកនិពន្ធ និងដឹកនាំសម្ដែងជើងចាស់ ហ្វៃ សំអាង អ្នកស្រី ពាន់ ភួង បុប្ផា និងលោក កួច ខេវិន បានបង្ហាញអារម្មណ៍ថាខ្លួនហត់ ចង់សម្រាកខ្លះ ដោយម្នាក់ៗសុទ្ធតែបង្ហាញការងារចុងក្រោយ ឬបន្ទាប់ចុងក្រោយ មុនដក់ខ្លួនឃ្លាពីអាជីពដែលខ្លួនធ្វើជាយូរឆ្នាំមកហើយនោះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម