• 2023-04-19 04:59:05
  • ភាពយន្ត

ភ្ញាក់ផ្អើល ក្រោយធ្លាយដំណឹងថា Paing Takhon មកដល់ស្រុកខ្មែរនៅល្ងាចនេះ

  • 2023-04-19 04:59:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងជនជាតិភូមា Paing Takhon នឹងមកដល់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ នៅម៉ោង ៤រសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។ នេះបើតាមលោក លៀក លីដា ចាងហ្វាងផលិតកម្ម អិល ឌី បានបង្ហើបដំណឹងនេះតាមបណ្ដាញសង្គមហ្វេសប៊ុក ដោយមានភ្ជាប់រូបថតរបស់លោកជាមួយតួភូមារូបនេះជាច្រើនសន្លឹកទៀតផង។

លោក លៀក លីដា និយាយថា បន្ទាប់ពីរង់ចាំអស់រយៈពេល ៣ឆ្នាំ ទីបំផុតលោកបានធ្វើការផលិត និងសម្ដែងកុនជាមួយ Paing Takhon ដែលជាមិត្ដភក្ដិ និងជាតួសម្ដែងក្នុងរឿង “នាឡិកាដាស់វិញ្ញាណ”កន្លងមកនោះហើយ។ លោកបាននិយាយពាក្យស្វាគមន៍ ហើយប្រកាសឲ្យបងប្អូនដែលគាំទ្រតារាសម្ដែងរូបនេះ ទៅជួប និងអាចថតរូបអនុស្សាវរីយ៍ជាមួយតារារូបនេះទៀតផង នៅល្ងាចនេះ។

ទាក់ទងនឹងតារាសម្ដែង Paing Takhon លោក លៀក លីដា តែងតែនិយាយពីលក្ខណៈសម្បត្ដិ និងកោតសរសើរពីទេពកោសល្យរបស់លោកក្នុងវិស័យភាពយន្ដ ខណៈដែលលោកទន្ទឹងរង់ចាំផលិតខ្សែភាពយន្ដជាមួយគ្នាក្នុងរឿងដ៏អស្ចារ្យមួយនៅស្រុកខ្មែរ។ ប៉ុន្ដែតារាសម្ដែងរូបសង្ហារ Takhon ត្រូវជាប់គាំងនៅស្រុកកំណើតរបស់ខ្លួន អំឡុងពេលដែលវិបត្ដិនយោបាយនៅភូមាធ្ងន់ធ្ងរខ្លាំង គាប់ជួននឹងវិបត្ដិកូវីដ-១៩ វាយលុកទៀតនោះ ទើបធ្វើឲ្យតារាសម្ដែងរូបនេះ អាក់ខានមកស្រុកខ្មែរ ដើម្បីថតកុនជាមួយលោក លៀក លីដា។

ទោះជាយ៉ាងណា គិតត្រឹមម៉ោងនេះ ចាងហ្វាងផលិតកម្ម អិល ឌី មិនទាន់បញ្ជាក់ថា Paing Takhon នឹងមកស្រុកខ្មែររយៈពេលប៉ុន្មានថ្ងៃ ហើយមានគោលបំណងអ្វីខ្លះនោះទេ? ប៉ុន្ដែកន្លងទៅលោក លៀក លីដា ធ្លាប់បង្ហើបថា ខ្សែភាពយន្ដដ៏អស្ចារ្យ ត្រូវចំណាយដើមទុនដ៏ច្រើនមួយ នឹងត្រូវលេចជារូបរាងក្នុងពេលឆាប់ៗ ប៉ុន្ដែដោយតារាសម្ដែងភូមា Paing Takhon មានបញ្ហាមិនទាន់អាចមកចូលរួមថតបាន ទើបត្រូវរាំងស្ទះ រហូតមកដល់ពេលនេះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់