• 2023-04-27 03:20:37
  • ភាពយន្ត

ខ្សែភាពយន្ដ​ រឿង "ចំណងចងក" សម្ពោធដាក់បញ្ចាំង ក្រោមវត្ដមានតារាល្បីៗលំដាប់ប្រទេស យប់មិញ

  • 2023-04-27 03:20:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ដ រឿង”ខ្សែចងក” របស់ផលិតកម្ម P D S Entertainment ត្រូវបានសម្ពោធដាក់បញ្ចាំងជាផ្លូវការហើយ។ រឿង“ខ្សែចងក” ដែលចំណាយទុនជាង ៥ម៉ឺនដុល្លារ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ជាពិសេសអ្នកស្នេហាវិស័យភាពយន្ដ និងមិត្ដសិល្បៈ ដោយក្នុងពិធីសម្ពោធយប់មិញ មានតារាល្បីៗចូលរួមយ៉ាងច្រើនកុះករ។

ចាងហ្វាងផលិតកម្ម P D S អ្នកស្រី ជុន សុធា មានប្រសាសន៍ថា វាជាស្នាដៃថ្មីដំបូងគេ សម្រាប់ផលិតកម្ម ប៉ុន្ដែបន្ទាប់ពីនេះទៅផលិតកម្មនឹងបន្ដផលិតខ្សែភាពយន្ដថ្មីៗ ដើម្បីផ្ដល់សំណើចដល់មហាជន ដោយក្នុងនោះក៏មានបង្កប់នូវសារអប់រំ បង្ហាញពីវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិទៀតផង។

អ្នកស្រី ជុន សុធា៖ “ខ្ញុំមានក្ដីរំពឹង ហើយមានជំនឿយ៉ាងមុតមាំថា ខ្សែភាពយន្ដនេះនឹងទទួលបានការគាំទ្រពីបងប្អូនច្រើន ដើម្បីឲ្យយើងមានទឹកចិត្ដសម្រាប់រឿងក្រោយៗទៀត។ រឿងនេះ យើងបានថតសម្រិតសម្រាំង ហើយអញ្ជើញតួល្បីៗលំដាប់ប្រទេសមកសម្ដែង… ដូចបងគ្រឿនអីហ្នឹង គាត់តស៊ូថតជាមួយយើងណាស់ ព្រោះស៊ីនថតយើងភាគច្រើនពេលយប់ ហើយគាត់ថតគាត់គេងក្នុងមឈូសក៏អត់មានបញ្ហាអី”។

ក្រោយពីសម្ពោធបើកយ៉ាងអធិកអធមកាលពីយប់មិញ ផលិតកម្ម P D S ប្រកាសថា ខ្សែភាពយន្ដបង្កប់ឈុតភ័យរន្ធត់ អប់រំ ព្រមទាំងបង្កប់នូវសំណើចទាំងពីដើមរហូតដល់ចប់នេះ នឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ដចាប់ពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ តទៅ។ ពិធិសម្ពោធកាលពីយប់មិញនៅផ្សារទំនើបអ៊ីអន១ ឃើញវត្ដមានតារាសម្ដែងជាច្រើនដួងបានចូលរួម គឺមានដូចជា៖ ហេង ជាឡាយ នាយគ្រឿន ជា សុវណ្ណនរាហ៍ ពូខេន កញ្ញា គៀត សុវណ្ណាឡាង ព្រមទាំងតារាស្រីល្បីៗជាច្រើនដួងទៀត៕

ជិន សុភ័ក្ដ្រ

មតិយោបល់