• 2023-05-03 04:03:53
  • ចម្រៀង

WOW! ពិធីបិទស៊ីហ្គេម សម្រេចយកបទ"ស្រឡាញ់អ្វីដែលខ្មែរមាន" ត្រៀមអ្នករាំជាង ១០០០នាក់

  • 2023-05-03 04:03:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម ២០២៣ សម្រេចយកបទ “ស្រឡាញ់អ្វីដែលខ្មែរមាន” ឬCambodian Pride ទៅច្រៀងក្នុងកម្មវិធីបិទការប្រកួតស៊ីហ្គេម និងប៉ារ៉ាហ្គេម ដែលនឹងធ្វើនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

ក្រសួងវប្បធម៌ និងផលិតកម្ម Galaxy Navatra កំពុងធ្វើការជាមួយគ្នាយ៉ាងញាប់ដៃញាប់ជើង ដើម្បីធ្វើកិច្ចការងារនេះឲ្យល្អប្រសើរបំផុតដែលរៀបចំក្រុមអ្នករាំខ្ទង់ ១០០០នាក់សុទ្ធតែជាស្ត្រី ស្លៀកសំលៀកបំពាក់ខ្វាស៊េដែលបានថតក្នុងMV មិនត្រូវយកមកប្រើឡើយ ពោលដើម្បីឲ្យត្រូវទម្រង់វប្បធម៌ជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជ្រើសរើសក្រុមអ្នកជំនាញរាំមកពីសិស្សសាលាវិចិត្រសិល្បៈ រៀមច្បងបង្ហាត់រាំឲ្យកាន់តែស្ទាត់ជំនាញ ជាមួយការគ្រងសំលៀកបំពាក់ប្រពៃណីយ៉ាងស្រស់ស្អាត។

ទាក់ទងនឹងការចំណាយលើការងារ ហាត់សម និងសំលៀកបំពាក់ នៃបទចម្រៀងមួយបទនេះ ត្រូវបានគេដឹងថា គ្រោងចំណាយថវិកាយ៉ាងច្រើន។ ដើម្បីបុព្វហេតុជាតិ មាតុភូមិ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ផលិតកម្ម Galaxy Navatra បានរៀបចំផលិតឡើងយ៉ាងយកចិត្តទុកដាក់បំផុត ក្រោមការចុះដឹកនាំផ្ទាល់ពីសំណាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

បទ"ស្រឡាញ់អ្វីដែលខ្មែរមាន" បានផ្សព្វផ្សាយតំបន់ទេសចរណ៍ ការអភិវឌ្ឍន៍ និងភាពរីកចម្រើនរបស់កម្ពុជា ក៏ដូចជាការថែរក្សាសិល្បៈវប្បធម៌ បេតិកភណ្ឌជាតិ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

កំពូលតារាចម្រៀង ៤ដួង ត្រូវបានជ្រើសរើសឲ្យច្រៀងបទចម្រៀងនេះ រួមមានកំពូលតារាចម្រៀង ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ខេម និងកំពូលតារាចម្រៀងស្រី តន់ ចន្ទសីម៉ា។ បទនេះ និពន្ធដោយអ្នកនិពន្ធល្បីៗដូចជា៖ លោក សុខ ជំនោរ -លោក ខាំ ភូរិ -ឯកឧត្តម ហ៊ឹម នភា -ឧកញ៉ា យឹម តាស្រង់ និង ឯកឧត្តម ខេមរៈ ភារុណ។ ជាមួយនឹងស្នាដៃធំអស្ចារ្យមួយនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរជាខ្លាំង ចំពោះការផលិត ព្រមទាំងរដ្ឋមន្ដ្រីក្រសួងវប្បធម៌លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា។

អ្វីដែលកាន់តែអស្ចារ្យ និងមានមោទកភាពជាតិចំពោះបទចម្រៀងនេះ គឺត្រឹមរយៈពេលជាង២សប្ដាហ៍ប៉ុណ្ណោះ មានអ្នកចូលទស្សនារហូតដល់ ៦៣លានដង នៅលើបណ្ដាញសង្គមYoutube ផ្លូវការរបស់ Galaxy Navatra មានឈ្មោះថា Cam-Pop Galaxy Navatra ដែលចំនួននេះ អាចនិយាយបានថា សម្រាប់បទចម្រៀងនៅប្រទេសកម្ពុជា មិនធ្លាប់មានឡើយនាពេលកន្លងមក៕

ជិន សុភ័ក្ដ្រ

មតិយោបល់