• 2023-07-17 02:58:07
  • ភាពយន្ត

សាយ សៀរ៉ា ស្ថិតក្នុងចំណោមតួប្រុស ៤រូប ត្រូវរើសឲ្យប៉ះ សុខ ស្រីនាង ដំបូងគេបង្អស់​ កាលKH នៅល្បីខ្លាំង

  • 2023-07-17 02:58:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះស្នាដៃខ្សែភាពយន្ដ និងចម្រៀងMV នៃផលិតកម្ម KH Promotion ត្រូវបានគាស់រំលើងឡើងវិញដោយសិល្បករ-សិល្បការិនីល្បីៗ បន្ទាប់ពីធ្លាយវីដេអូម្ចាស់ផលិតកម្ម គឺលោក គឹម ហេង សម្រក់ទឹកភ្នែកនឹកស្រណោះខ្លួនដែលផលិតកម្មលោកដួលរលំ ហើយក៏បានរំលឹករឿងរ៉ាវជាច្រើនកាលផលិតកម្មនៅល្បីខ្លាំង។

រឿង”និស្ស័យស្លាប់រស់” គឺជាខ្សែភាពយន្ដសម្រាប់ចាក់បញ្ចាំងតាមរោងកុនធំដំបូងគេរបស់ផលិតកម្ម KH Promotion ដែលបានផលិតនៅអំឡុងឆ្នាំ២០០៦ ប៉ុន្ដែរឿងនេះមិនទាន់បានបញ្ចេញនៅតាមរោងនៅឡើយ។ និយាយដល់រឿងនេះ លោក គឹម ហេង ក៏បានរំលឹកដល់តួសម្ដែង និងតារាចម្រៀងល្បីៗប្រចាំផលិតកម្មលោកដែរ ដោយបញ្ជាក់ថា សាយ សៀរ៉ា និងសុខ ស្រីនាង សម្ដែងជាតួអង្គឯកសមគ្នាណាស់ ក្នុងរឿង”និស្ស័យស្លាប់រស់”។

ក្រោយទម្លាយភាពអស្ចារ្យ នៃផលិតកម្ម KH ធ្លាប់ជោគជ័យខ្លាំង ប៉ុន្ដែត្រូវបិទទ្វារវិញនៅមុនឆ្នាំ២០១៩ ស្រាប់តែគេឃើញតារាសម្ដែងប្រុស សាយ សៀរ៉ា រំលឹកអនុស្សាវរីយ៍របស់ខ្លួនដែរ ដោយនិយាយថា សុខ ស្រីនាង គឺជាតួស្រីដំបូងគេដែលលោកសម្ដែងជាមួយដំបូងគេក្នុងអាជីពសិល្បៈទាំងចម្រៀងខារ៉ាអូខេ និងខ្សែភាពយន្ដ។

នៅអំឡុងឆ្នាំ២០១៦ ដែលផលិតកម្មល្បីខ្លាំង រូបលោក និងសុខ ស្រីនាង បានសម្ដែងក្នុងចម្រៀងMV ជាច្រើន ហើយទទួលបានការគាំទ្រពីម្ចាស់ផលិតកម្ម និងទស្សនិកជន។ ដោយមើលឃើញថា លោក និងសុខ ស្រីនាង សម្ដែងជាមួយគ្នាបានល្អ ទើបនៅក្នុងរឿង “និស្ស័យស្លាប់រស់” ម្ចាស់ផលិតកម្មបានផ្ដល់ឱកាសតួឯកឲ្យលោកសម្ដែងជាមួយតួឯកស្រី គឺអ្នកនាង សុខ ស្រីនាង។

បើតាម សាយ សៀរ៉ា ក្នុងរឿង “និស្ស័យស្លាប់រស់” មានតួអង្គប្រុសដល់ទៅ ៤រូប ដែលត្រូវជ្រើសរើសឲ្យសម្ដែងជាតួឯកជាមួយ សុខ ស្រីនាង។ ក្នុងនោះ គឺមាន ប៉ែន ចំរុង លី ឡានី រ៉ាយុទ្ធ និងរូបលោក។ ប៉ុន្ដែជាជម្រើសចុងក្រោយ ត្រូវបានម្ចាស់ផលិតកម្មផ្ដល់ឱកាសឲ្យលោក ដោយមើលឃើញថា រូបលោកបានសម្ដែងច្រើនជាមួយ សុខ ស្រីនាង ហើយសម្ដែងបានសមគ្នាទៀត៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម