• 2023-08-09 02:49:31
  • ភាពយន្ត

តារាសម្ដែង ៣ដួង កំពុង​ចាប់​ដៃគ្នា​បង្កើត​ក្រុមសម្ដែង​ថ្មី ដើម្បី​បម្រើអារម្មណ៍​មហាជន

  • 2023-08-09 02:49:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ប្រុស លឹម ជាឡាយ ឈុន ភក្ដី និង​លោក ខេន វាសនា កំពុង​ចាប់​ដៃ​គ្នា​បង្កើត​ក្រុម​កំប្លែង​មួយ ដោយ​កៀរគរ​រក​អ្នក​មាន​ថ្មីមាត់ និង​ទេពកោសល្យ​ក្នុង​វិស័យសម្ដែង ដើម្បី​បម្រើ​អារម្មណ៍​មហាជន​បន្ថែម​លើ​អាជីព​របស់​ខ្លួន​សព្វថ្ងៃ។

បន្ថែម​លើ​ការ​ប្រកាស​ជ្រើស​រើស​តួ​សម្ដែង​បន្ថែម​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក នៅ​ថ្ងៃ​ទី៩ ខែសីហា ឆ្នាំ​២០២៣ នេះ លោក ខេន វាសនា ហៅ​នាយ​កង្កែប បាន​ប្រាប់​Sabay ថា រូប​លោក​ទាំង​បី​នាក់ គឺ​ជា​ក្បាល​ម៉ាស៊ីន សម្រាប់​និពន្ធ និង​ដឹកនាំ​សម្ដែង​ដោយ​ផ្ទាល់ ដើម្បី​ដាក់​នៅ​Page រួម​មួយ មុន​នឹង​បញ្ចេញ​ទៅ​លើ​Page ផ្ទាល់​ខ្លួន​ដែល​កំពុង​រក​លុយ​បាន​ដូច​គ្នា។

នាយ​កង្កែប បញ្ជាក់​ថា ខ្សែភាពយន្ដ​ខ្លី​ៗ​ដែល​ក្រុម​លោក​នឹង​ថត​ភាគច្រើន គឺ​ជា​រឿង​បែប​កំប្លែង​បង្កប់​នូវ​ការ​អប់រំ។ លោក និង​ក្រុម​ការងារ កំពុង​ពន្លឿន​លើ​ការងារ​នេះ ដោយ​បង្កើត​ឲ្យ​ចេញ​ជា​ផេក​រួម​មួយ​សិន បន្ទាប់​មក​ជ្រើសរើស​តួ​សម្ដែង ខណៈ​ដែល​សម្ភារៈ​ចេញ​ថត និង​ឆ្អឹង​រឿង​មួយ​ចំនួន​ត្រូវ​បាន​លោក​រៀបចំ​រួច​ហើយ។

បើតាម​តារា​សម្ដែង​រូប​នេះ ទាំង​រូប​លោក នាយ​ក្ដី និង​លោក លឹម ជាឡាយ នឹង​ឆ្លៀត​ពេល​ឲ្យ​បាន​ច្រើន​លើ​ការងារ​ផ្ទាល់​ខ្លួន​នេះ ដើម្បី​ភាព​រីកចម្រើន​ទាំង​អស់​គ្នា បើ​ទោះ​បី​ជា​បច្ចុប្បន្ន ឬ​ថ្ងៃ​ខាង​មុខ​ទៅ​ពួកលោក​មាន​ការងារ​សម្ដែង​ច្រើន​តាម​ផលិតកម្ម​ផ្សេងៗ​ក្ដី។ តាមរយៈ​ទេពកោសល្យ​សម្ដែង​របស់​តារា​ទាំង​បី​ដួង​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​មហាជន៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី