• 2023-08-30 07:08:31
  • ភាពយន្ត

PNN ប្រកាសចាក់បញ្ចាំងរឿង “ស្នេហាCOVER” ក្នុងថ្ងៃក្រុងពាលីបើកកាមេរ៉ាថតរឿង“កូនប្រសាស្រី”

  • 2023-08-30 07:08:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នេះ គឺជាថ្ងៃដែលបងប្អូនខ្មែរជាប់សែស្រឡាយចិនរវល់ក្នុងពិធីសែនក្បាលទឹក។ ប៉ុន្ដែនៅស្ថានីយទូរទស្សន៍ PNN សង្កាត់ព្រែកតាសេក ខណ្ឌព្រែកព្នៅ គេឃើញវត្ដមានតារាល្បីៗជាច្រើនដួង បានចូលរួមក្នុងពិធីក្រុងពាលីថតរឿង “កូនប្រសាស្រី” និងការប្រកាសបើកចាក់បញ្ចាំងខ្សែភាពយន្ដភាគ រឿង ”ស្នេហាCOVER”។

“កូនប្រសាស្រី” ដែលជាខ្សែភាពយន្ដភាគមាន ៣វគ្គ សុទ្ធសឹងតែត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ ទៅលើការផលិត ការដឹកនាំសម្ដែង និងការបញ្ជូលអត្ថន័យ ខ្លឹមសារ ដើម្បីជាប្រយោជន៍ដល់ទស្សនិកជន។ ក្នុងឱកាសនោះ ក៏មានការចូលរួមពីវត្តមាន តារាសម្ដែង ជាតួអង្គ ក្នុងសាច់រឿង ផ្ទាល់តែម្ដង ផលិតករ អ្នកនិពន្ធ អ្នកដឹកនាំរឿង និងភ្ញៀវកិត្តិយសជាច្រើននាក់ បានសម្តែងនូវអារម្មណ៍ រំភើបពេញចិត្ត នឹងការចាប់ផ្តើមផលិត ខ្សែភាពយន្តភាគខ្មែរថ្មីៗជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់វិស័យ ភាពយន្តខ្មែរឲ្យកាន់តែមានសន្ទុះ និងមុខមាត់នៅលើឆាកអន្តរជាតិ។

ទន្ទឹមគ្នានេះអ្នកគ្រប់គ្រងកម្មវិធីផ្សាយ នៃស្ថានីយទូរទស្សន៍ និងផលិតករ ក៏បានបង្ហាញខ្សែភាពយន្ដភាគយ៉ាងថ្មីសន្លាងមួយទៀត កាន់តែល្អមើល និងជក់ចិត្ត។ នោះគឺ រឿង”ស្នេហា Cover” ដែលជាសាច់រឿង ស្នេហាមានភាពប្រទាក់ក្រឡាគ្នាពីមួយទៅមួយ រហូតក្លាយជាចំណងស្នេហ៍បន្តពីគ្នាមិនចេះចប់ មិនចេះហើយ។ ខ្សែភាពយន្ដនេះនឹងមានវត្ដមានជាផ្លូវការនៅលើកញ្ចក់ទូរទស្សន៍ PNN ចាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៣ តទៅ ដោយមានផ្សាយជូនទស្សនាពីថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ០៧ យប់តទៅ។

សូមបញ្ជាក់ជូនថា ក្នុងឱកាសធ្វើពិធីក្រុងពាលីថតរឿងថ្មី និងប្រកាសដាក់បញ្ចាំងខ្សែភាពយន្ដភាគរឿង “ស្នេហាCOVER” នៅព្រឹកមិញនេះ គេឃើញមានវត្ដមានតំណាងស្ថានីយទូរទស្សន៍PNN អ្នកគ្រប់គ្រងកម្មវិធីផ្សាយ អ្នកនិពន្ធជើងចាស់ ពាន់ ភួងបុប្ផា ព្រមទាំងតារាល្បីៗជាច្រើនរូបដូចជា៖ កញ្ញា ខ្លឹម ស្រីគា លោក ប៉ែន ចំរុង លោក សាយ សៀរ៉ា លោក ឃីម សានីត លោកណូរ៉ា កញ្ញា វិច្ឆរា កុមារី ម៉ានីកា ព្រមទាំងតារាល្បីៗជាច្រើនដួងផ្សេងទៀត៕

ជិន សុភ័ក្ដ្រ

មតិយោបល់