• 2024-01-11 03:19:21
  • ភាពយន្ត

ថ្ងៃសម្ពោធសើចផ្អើលរោងកុន ថ្ងៃនេះ រឿង“ស្រឡាញ់បងល្អពេក” ចាប់ផ្ដើមចាក់បញ្ចាំងហើយ!

  • 2024-01-11 03:19:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នេះ ខ្សែភាពយន្ដបែបកំប្លែង ស្នេហាឌឺដងដាក់គ្នា គឺរឿង”ស្រឡាញ់បងល្អពេក” មានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ដ ក្រោយសម្ពោធដាក់បញ្ចាំងជាផ្លូវការកាលពីយប់មិញ នាផ្សារទំនើប Chip Mong ២៧១ រាជធានីភ្នំពេញ។

“ល្អពេក” គឺជាឈ្មោះរបស់តួអង្គឯកប្រុសសម្ដែងដោយលោក ជា សុវណ្ណនរាហ៍ បង្ហាញចរិតស្លូតបូត សម្ដីមួយៗប៉ុន្ដែតួអង្គឯកស្រីដែលសម្ដែងដោយអ្នកនាង សារ៉ាយ សក្កណា ចេះតែទាញមាត់ នាំកាយតួប្រុសបង្កើតជាសំណើចស្ទើរគ្រប់ឈុតឆាក។

ខ្សែភាពយន្ដ រឿង”ស្រឡាញ់បងល្អពេក” គឺជាស្នាដៃនិពន្ធ និងដឹកនាំសម្ដែងដោយក្រុមហ៊ុន អិល ឌី ដែលមហាជនបានទទួលស្គាល់ និងកោតសរសើរលើគុណភាពភាពយន្ដជាច្រើន ជាពិសេសរឿងបែបកំប្លែងដូចបានដាក់សម្ពោធនៅពេលនេះ។

តួអង្គសំខាន់នៅក្នុងខ្សែភាពយន្ដ គេឃើញមានលោក ជា សុវណ្ណនរាហ៍ អ្នកនាង សារ៉ាយ សក្កណា BIG ពូខេន ឌឿ វិសាល ស្រីអ៊ីត ហើយជាពិសេសនោះគេឃើញវត្ដមានអ្នកប្រដាល់ជនជាតិបរទេស មានសញ្ជាតិខ្មែរ គឺម៉ានូ សិល្បៈ បានដើរជាតួអង្គបងថ្លៃរបស់ “ល្អពេក” គឺកំប្លុកកំប្លែងមែនទែន បើទោះបីជាលោកនិយាយខ្មែរមិនសូចច្បាស់។

ខណៈដែលសកម្មភាពថតខ្សែភាពយន្ដខ្នាតធំមួយនៅខេត្ដតាកែវ ហើយតួអង្គល្បីៗមួយចំនួនក៏បណ្ដុំនៅទីនោះ ផលិតកម្ម អិល ឌី ក៏ឆ្លៀតបញ្ចេញខ្សែភាពយន្ដ រឿង”ស្រឡាញ់បងល្អពេក” នេះ ទុកជាកិច្ចស្វាគមន៍ដើមឆ្នាំ២០២៤។ ក្នុងពិធីសម្ពោធកាលពីយប់ថ្ងៃទី១០ ខែមករា គេក៏ឃើញវត្ដមានផលិតករ សិល្បករ-សិល្បការិនី ព្រមទាំងទស្សនិកជនជាច្រើនបានចូលរួមអបអរសាទរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី