• 2024-03-15 03:44:30
  • ភាពយន្ត

តារា Hollywood ល្បីឈ្មោះ Maurice Chan ត្រៀម​​ជួប​អ្នក​ចង់បង្ហាញសមត្ថភាពច្រើន​រូប​លើ​ទឹកដីកម្ពុជា

  • 2024-03-15 03:44:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយថ្ងៃ បន្ទាប់​វត្ដមាន​របស់​តារាសម្ដែងHollywood ដ៏ល្បីឈ្មោះ គឺ​លោក Maurice Chan ដែល​ជា​កូន​ខ្មែរ​សញ្ញាតិ​បារាំង នៅ​លើ​ទឹកដី​កម្ពុជា នៅថ្ងៃ​នេះ​គេ​ទទួល​បាន​ដំណឹង​ដ៏​រំភើប​មួយ​ទៀត​សម្រាប់​អ្នក​ស្នេហា​វិស័យ​ភាពយន្ដ​បែប Action movie។ នោះ គឺ​ជា​ការ​ជួប​សម្ដែង និង​បង្ហាញ​ទេពកោសល្យ​ដ៏​កម្រ​មួយ​ជាមួយ​តារា​សម្ដែង​ជាតិ និង​អន្ដរជាតិ​នៅ​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០២៤។

តាម​រយៈ Poster មួយ​សន្លឹក​ដែល​បាន​ចែក​រំលែក​ដោយ​លោក Maurice Chan លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​នៅ​មុន​នេះ​បាន​ឲ្យ​ដឹង​ថា សកម្មភាព​សម្ដែង​ដែល​មាន​រូប​លោក តារា​បរទេស​ម្នាក់​ទៀត ព្រម​ទាំង​តារា​សម្ដែង​ស្រី​ពោពេញ​ដោយ​សមត្ថភាព និង​វិជ្ជា​គុនល្បុក្កតោ សំ ថារ័ត្ន នឹង​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​សាលា​គុនល្បុក្កតោ តារាជ ស្ថិតនៅ​រាជធានី​ភ្នំពេញ ចាប់​ពី​ម៉ោង​២ រហូត​ដល់​ម៉ោង ៦​ល្ងាច។

ជាមួយ​នឹង​ពាក្យ​ថា "ពិត​ជា​មាន​មោទនភាព​ដែល​បាន​ធ្វើ​រឿង​ដ៏អស្ចារ្យជាមួយ​តារា​ដែល​មាន​ទេពកោសល្យ​នៅ​ថ្ងៃ​នេះ"។ តារា​សម្ដែង​មាន​ទេព​កោសល្យ ឬ​ចូលចិត្ដ​រឿង​បែប​វាយតប់ អាច​បង្ហាញ​ទេពកោសល្យ​របស់​ខ្លួន​បាន​ដោយ​ផ្ទាល់​ជាមួយ​កញ្ញា សំ ថារ័ត្ន លោក Maurice Chan និង​លោក Derek Bidaut ដែល​ពួកគាត់​សុទ្ធ​តែ​ជា​តារា​សម្ដែង​ក្នុង​ខ្សែភាពយន្ដ​បែប​វាយតប់ បាញ់បោះ​ល្បីៗ​ជា​ច្រើន​រឿង​នៅ​លើ​ពិភពលោក។

ទាក់ទង​នឹង​ជំនួប​ដ៏​កម្រ​ជាមួយ​តារាល្បីៗ​នៅ​ល្ងាច​ថ្ងៃ​ទី១៦ ខែ​មីនា នេះ​ដែរ កញ្ញា សំ ថារ័ត្ន ដែល​បាន​ទៅ​ទទួល​លោក Maurice Chan ដល់​ព្រលាន​យន្ដហោះ បាន​សម្ដែង​ក្ដី​សប្បាយ​រីករាយ​ដែល​ខ្លួន​មាន​ឱកាស​ជួប​សម្ដែង និង​ហាត់​បន្ថែម​ពី​រៀមច្បង​មួយ​ចំនួន​ទៀត។

ទន្ទឹម​គ្នា​នេះ​កញ្ញា​ក៏​ចង់​ឃើញ​តារា ឬ​អ្នក​មាន​ទេពកោសល្យ​ខាង​ក្បាច់​គុន​ខ្មែរ​ចូល​រួម​ឲ្យ​បាន​ច្រើន ព្រោះ​កញ្ញា​បាន​ឃើញ​សមត្ថភាព​លោក Maurice Chan ពិត​ជា​ល្អ​មែន​ទែន​ក្នុង​ការ​សម្ដែង​នៅ​ក្នុង​រឿង Hollywood ប្រមាណ​ជា១០០​រឿង។ អ្វី​ដែល​មហាជន​កាន់​តែ​ចាប់​អារម្មណ៍​លើ​តារា Hollywood រូប​នេះ នៅ​លើ​ទឹក​ដី​កម្ពុជា គឺ​ដោយសារ​តែ​លោក​ទើប​តែ​ថត​បញ្ចប់​នូវ​ខ្សែភាពយន្ដ​ខ្នាត​ធំ​មួយ​ទៀត គឺ​រឿង"Jack Ryan"៕

ជិន សុភ័ក្ដ្រ

មតិយោបល់