• 2024-04-01 02:42:50
  • ភាពយន្ត

បេះដូង​ស្រឡាញ់​វិស័យភាពយន្ដ លៀក លីដា អបអរសាទរ សែម វិសាល ចំពោះជោគជ័យ​ថ្មីនៅវៀតណាម

  • 2024-04-01 02:42:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាងហ្វាង​ផលិតកម្ម អិល ឌី លោក លៀក លីដា ត្រូវ​បាន​គេ​ដឹង​ច្បាស់​ថា​ជា​ផលិតករ​ម្នាក់​មាន​ភាព​មោះមុត ហ៊ាន​បោះ​ទុន​ខ្ទង់​លាន​ដុល្លារ​លើ​ការ​ផលិត​ភាពយន្ត​ខ្មែរ​ដែល​មាន​គុណភាព​ជា​ច្រើន​រឿង ដើម្បី​ប្រកួតប្រជែង​ទាំង​នៅ​លើ​ទីផ្សារ​ជាតិ និង​អន្ដរជាតិ។ ហេតុ​តែ​មាន​បេះដូង​ស្រឡាញ់​វិស័យភាពយន្ដ លៀក លីដា មិន​ប្រកាន់​ថា​រឿង​កើត​ចេញ​ពី​ស្នាដៃ​ក្រុមហ៊ុន​របស់​ខ្លួន ឬ​ក្រុមហ៊ុន​ណា​ឡើយ​ឲ្យ​តែ​ផលិតករ​ឡើង​ដើម្បី​លើក​កម្ពស់​ភាពយន្ដ​ខ្មែរ និង​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្ដរជាតិ​បាន គឺ​លោក​គាំទ្រ​ទាំង​អស់។

ជាក់ស្ដែង​កាល​ពី​ថ្ងៃ​ទី២៩ និង​ទី៣០ ខែ​មីនា ឆ្នាំ​២០២៤ លោក លៀក លីដា បាន​បញ្ចេញ​សារ​ជូន​ពរ និង​អបអរសាទរ​ជាប់ៗ​គ្នា ចំពោះ​ផលិតករ សែម សាក់វិសាល ដែល​ជា​ម្ចាស់​ស្នាដៃ​រឿង "កំណើត​អរូប" កំពុង​ចាក់​បញ្ចាំង​តាម​រោងភាពយន្ដ​ធំៗ នៃ​ប្រទេស​វៀតណាម។ នៅ​ក្នុង​សារ​ដែល​មាន​ភ្ជាប់​Poster រឿង"កំណើត​អរូប" ដែល​លោក​ចាត់​ទុក​ថា​ជា​រឿង​ខ្មែរ​មួយ​មាន​គុណភាព​ល្អ​នោះ ត្រូវ​បាន​លោក​គាំទ្រ​តាម​រយៈ​សារ​ជូនពរ​ឲ្យ​រឿង​នេះ​ទទួល​បាន​ជោគជ័យ​ខ្លាំង​នៅ​ថ្ងៃ​ដំបូង នៃ​ការ​ចាក់​បញ្ចាំង​នៅ​លើ​ទឹកដីវៀតណាម។

ទន្ទឹម​គ្នា​នេះ​លោក លៀក លីដា ខ្លួន​ឯង​ក៏​ទន្ទឹង​រង់ចាំ​មើល​លទ្ធផល​ខ្សែភាពយន្ដ​របស់​ខ្លួន​មួយ​ដែរ ដែល​កំពុង​ចាក់​បញ្ចាំង​នៅ​ក្រៅ​ប្រទេស។ នោះ គឺ​រឿង "ប្រុស​លក់ខ្លួន" ដែល​មាន​តារាល្បីៗ​ពី​ប្រទេស​វៀតណាម ថៃ កម្ពុជា និង​ភូមា ចូល​រួម​សម្ដែង​ដែរ។ បើ​ទោះ​បី​ជា​មិន​ទាន់​អ៊ុត​ដឹង​លទ្ធផល​គាំទ្រ​ខ្សែភាពយន្ដ​មួយ​នេះ​កម្រិត​ណា ប៉ុន្ដែ​ផលិតករ​រូប​នេះ ធ្លាប់​លើក​ឡើង​ថា រឿង​ល្អ​របស់​ខ្មែរ​គួរ​តែ​ត្រូវ​បាន​លើក​ទឹកចិត្ដ និង​បញ្ចេញ​ទៅ​ក្រៅ​ប្រទេស​ឲ្យ​បាន​ច្រើន។

បើ​តាម​មន្ដ្រី​ជាន់ខ្ពស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើ​ប្រៀបធៀប​ការ​នាំ​ចេញ​ទៅ​ចាក់​បញ្ចាំង​ក្រៅ​ប្រទេស​របស់​ភាពយន្ដ​ខ្មែរ នៅ​មាន​តិចតួច​នៅ​ឡើយ បើ​ប្រៀបធៀប​ខ្សែភាពយន្ដ​បរទេស​នាំ​ចូល​មក​ចាក់​បញ្ចាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ត្រង់​ចំណុច​នេះ​លោក លៀក លីដា ធ្លាប់​មាន​ប្រសាសន៍​ក្នុង​នាម​ជា​ប្រធាន​សមាគម​ផលិតករ​ខ្មែរ​ម្នាក់​កាល​អំឡុង​ឆ្នាំ​២០២៣ ថា ការ​គាំទ្រ​ពី​អ្នក​វិនិយោគ​ដែល​មាន​ធនធាន​លើ​ដំណើរ​ការ​ផលិត​ភាព​យន្ដ​មាន​គុណភាព គឺ​ជា​គន្លឹះ​សំខាន់ ហើយ​ផលិតករ​វិញ​ក៏​ត្រូវ​ផ្ដល់​ទំនុកចិត្ដ​ខ្ពស់​លើ​ដៃ​គូ​វិនិយោគដែរ។

លោក លៀក លីដា៖ "ផលិតករ ត្រូវ​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ជឿជាក់ ហើយ​ហ៊ាន​ដាក់​ទុន​វិនិយោគ​លើ​រឿង​ណា​មួយ​របស់​យើង​ដោយ​មិន​អល់អែក។ រឿង​មួយៗ ត្រូវ​តែ​មាន​ចំណី​អារម្មណ៍​ថ្មី ហើយ​ត្រូវ​ទៅ​នឹង​បរិបទ​សង្គម ហើយ​តាម​ដាន​ស្ថានភាព​ទីផ្សារ​ឲ្យ​ជាប់ ព្រោះ​សម័យ​ឥឡូវ​ទស្សនិកជន​មួយ​ចំនួន​មាន​ភាព​ឆ្លាត​វៃ​ជាង​ផលិតករ​ទៀត"។

និយាយ​ចំពោះ​ខ្សែភាពយន្ដ​ខ្មែរ​ខ្នាត​ធំ រឿង"កំណើត​អរូប" និង​រឿង "ប្រុស​លក់​ខ្លួន" ដែល​កំពុង​ដំណើរ​ការ​ចាក់​បញ្ចាំង​នៅ​ក្រៅ​ប្រទេស​នេះ មិន​ទាន់​ត្រូវ​បាន​ផលិតករ​ទាំង​ពី​បង្ហាញ​ពី​ភាព​ជោគជ័យ​កម្រិត​ណា​នៅ​ឡើយ​ទេ។ "កំណើត​អរូប" ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​នៅ​កម្ពុជា ហើយ​កាល​ពី​ថ្ងៃ​ទី២៩ ខែ​មីនា ឆ្នាំ​២០២៤ ត្រូវ​គេ​ដាក់​បញ្ចាំង​ប្រទេស​វៀតណាម ខណៈ​រឿង​របស់​ផលិតករ​ផ្សេងៗ​ទៀត​ក៏​បន្ដ​នាំ​ទៅ​ចាក់​បញ្ចាំង​នៅ​ក្រៅ​ប្រទេស​ដែរ។ ប៉ុន្ដែ​ថ្មីៗ​នេះ គេ​ចាប់​អារម្មណ៍​ផលិតករ​ឆ្នើម លៀក លីដា បាន​បង្ហាញ​ការ​គាំទ្រ​ខ្លាំង​លើ​រឿង "កំណើត​អរូប" ហើយ​ជូនពរ និង​អបអរសាទរ​ចំពោះ​រឿង​បែប​ភ័យរន្ធត់​មួយ​នេះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់