• 2017-03-02 03:46:04
  • ភាពយន្ត

យឹម​ សម្បត្តិ​ ចេញ​ថត​ទាំង​របួស​ជើង​​ ដើរ​មិន​រួច

  • 2017-03-02 03:46:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​​រឿង "មន្ត​ស្នេហ៍​លេខា" បាន​ចេញ​ថត​នៅ​ប្រលាន​យន្ត​ហោះ​ ដែល​ យឹម សម្បត្តិ​ ជា​តួ​ឯក​ប្រុស​នៅ​ក្នុង​រឿង​នេះ។ ​ សំណាង​មិន​ល្អ យឹម​ សម្បត្តិ ​មាន​របួស​ជើង ដោយសារទាក់​ជើង​​ធ្លាក់​ពី លើ​ផ្ទះ​ដូច្នេះ​ធ្វើ​ឲ្យ​ការ​ថត​ ជួប​ការ​លំបាក​បន្តិច​។

តែ​យ៉ាង​ណា​ក៏​ដោយ​ សាស្ត្រាចារ្យ​សាលា​មធ្យម​​វិចិត្រ​សិល្បៈ​ភ្នំពេញ​ផ្នែក​នាដ​សាស្រ្ត អ៊ុំ វុឌ្ឍី ព្រម​ទាំង​ក្រុម​ការងារ​បាន​ខិត​ខំ​អស់​ពី កម្លាំង​កាយ​ចិត្ត​រៀប​ចំ​បែប​ណាឲ្យ​ ប្លង់​ទាំង​នោះ ទទួល​បាន​ជោគជ័យ​។​​

"តួ​ឯក​ប្រុស​គាត់​ថ្លោះ​ជើង​ ចឹង​កិច្ចការ​ថត​លំបាក​មែន​ទែន​ ប៉ុន្តែ​យ៉ាង​ណា​ទាំង​ក្រុម​ការងារ​ព្យាយាម​ រក​ប្លង់​ណា​ដែល​អាច​ជួយ​​សម្រួល​ឲ្យ​តួ​ប្រុស កុំ​សូវ​ឈរ​ច្រើន​"។ អ្នក​ដឹកនាំ អ៊ុំ វុឌ្ឍី ថ្លែង។

អ្នក​ដឹកនាំ អ៊ុំ វុឌ្ឍី

បុគ្គលិក​នៃ​តួ​អង្គ​​ យឹម សម្បត្តិ នេះ​ ជា​បុរស​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន មិន​តែប៉ុណ្ណោះ​ថែម​ទាំង​ជា​បុរស​សាវ៉ា មាន​ស្នេហា​ជា​មួយ​នារី​រាប់​ភ្លេច។ ក្នុង​រឿង​នេះ​គេ​មាន​ឈ្មោះ​ថា​ សេនី រី​ឯ​​ការ​ថត​នៅ​ប្រលាន​ម្សិលមិញ​នេះ​ ត្រង់​ឈុត​មួយ​ដែល​តួ​ សេនី និង​ លក្ខិណា ជូន ដំណើរ​ រតនា ទៅរៀន​នៅ​បរទេស​ ព្រម​ទាំង ឈុត​មួយ​ទៀត​ ដែល​ សេនី មក​ទទួល​ ចេតនា និង​ អេណា ត្រឡប់​មក​ពី​ព្យាបាល​របួស​ពី​ប្រទេស​ថៃ​វិញ​។

"មន្ត​ស្នេហ៍​លេខា" ជា​ប្រភេទ​រឿង​ស្នេហា កាច់​កុង​គ្នា​តាំង​ពី​ដើម​ដល់​ចប់​ មិន​តែ​ប៉ុណ្ណោះ​ចង់​បង្ហាញ​ពី ភាព​សាវា​របស់​តួ​ប្រុស​ ដែល​មាន​ដៃគូ​ស្នេហា​ច្រើន​ ភាគ​ច្រើន​គេ​តែង​ប្រើ​ប្រាស់​លុយ​ដើម្បី​ទាក់​ទាញ​នារី​ទាំង​នោះ​។ចុង​ក្រោយ​​តួអង្គ​នោះ​ ភ្ញាក់​រលឹក​ និង​កាន់​តែ​ស្វែ​ង​យល់​ថា​ ស្នេហា​ដែល​គេ​បង្កើត​​​រាល់​ថ្ងៃ​​​មិន​មែន​ជា​ស្នេហា​ពិត​ផុស​ចេញ​ពី​បេះដូង​នោះ​ទេ។ ដូច្នេះ​គេ​ក៏​ត្រូវ​ការ​ស្នេហា​មួយ​ដែល​អាច​​មើល​ថែ​គ្នា​ បារម្ភ​ពី​គ្នា​ដល់​ថ្ងៃ​អនាគត​ដែរ៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់