• 2017-11-17 04:07:07
  • ភាពយន្ត

មក​មើល ឈុត​ក្រៅ​ឆាក និង​វីដេអូ​តុប​តែង​តួ​ខ្មោច​រឿង "សសរ​កន្លោង"(វីដេអូ)

  • 2017-11-17 04:07:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ផលិត​ភាពយន្ត​បែប​ភ័យ​រន្ធត់ ឬ​រឿង​ខ្មោច ​ចាំ​បាច់​បំផុត​ត្រូវ​មាន​តួ​ខ្មោច​ដែល​សក្ដិសម​បំផុត ដូច្នេះ​អ្នក​ផលិត​ត្រូវ​ធ្វើ​យ៉ាង​ណា​តុប​តែង​តួ​ខ្មោច​ និង​ទីតាំង​ភ័យ​រន្ធត់​ទាំង​នោះ​ឲ្យ​បាន​ល្អ​ មើល​ទៅ​ប្លែក​ភ្នែក។

​រឿង "សសរកន្លោង" ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ភាពយន្ត​ភ័យ​រន្ធត់​ខ្នាត​ធំ​​១​ប្រចាំ​ឆ្នាំ​២០១៧​ ដោយ​ក្នុង​នោះ​មាន កញ្ញា យ៉ែម ស្រីពេជ្រ គ្រង​តំណែង​ជា​តួ​ខ្មោច។ ការ​តុប​តែង​ជា​តួ​ខ្មោច​នេះ តួ​សម្ដែង​ស្រី​ខាង​លើ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ​ព្រោះ​តារា​ស្រី​ដែល​មាន​សម្ផស្ស​ស្អាត​ និង​ចរិត​សុភាព​រាប​សារ ​​បាន​ផ្លាស់​ប្ដូរ​​​ទៅ​ជា​ខ្មោច​គួរ​ឲ្យ​ខ្លាច​រអា។

ផលិតករ រ៉ូណាន់ ចាន់ណា

ក្នុង​នោះ ផលិតករ​ ចាន់ណា រ៉ូណាន់ ថ្វី​បើ​ដឹង​ថា​ ការ​យក​តួ​ឯក​ស្រី​ទៅ​តុប​តែង​ជា​តួ​ខ្មោច​អាក្រក់ ត្រូវ​ចំណាយ​ពេល​យូរ​ និង​ថវិកា​ច្រើន​ក្ដី​ តែ​លោក​នៅ​តែ​បន្ត​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​ ព្រោះ​នេះ​វា​ជា​ចំណុច​ទាក់​ទាញ​របស់​ភាពយន្ត​លោក។

ជាក់​ស្ដែង​ ផលិតករ​ដែល​ធ្លាប់​បាន​មហាជន​ទទួល​ស្គាល់​ក្រោយ​ស្នាដៃ​រឿង "កំណត់​ហេតុ​នាង​នាថ" បាន​ឲ្យ​ដឹង​ថា​ លោក​និង​ក្រុម​ការងារ​បាន​ធ្វើ​ការ​សិក្សា​យ៉ាង​​ច្រើន​ពី​របៀប​តុប​តែង​ខ្មោច ពិសេស​ខាង​ផលិតកម្ម​ថែម​ទាំង​បាន​បញ្ជូន​ក្រុម​ការងារ​ឲ្យ​សិក្សា​ពី​តិចនិក​តុបតែង​នេះ​ដល់​ប្រទេស​ថៃ​ទៀត​ផង។

លោក​បាន​ឲ្យ​ដឹង​ថា ស្នាដៃ​ទី​២​នេះ​​មាន​ភាព​លំបាក​ខ្លះ​ដែរ​ តែ​ងាយ​ស្រួល​ជាង​ខ្មោច​នាង​នាថ ព្រោះ​ក្រុម​ការងារ​បាន​​​ច្នៃ​ពុម្ព​មុខ​ខ្មោច​ហើយ​ស្រេច​សម្រាប់​ផ្នែក​ក្បាល ឯ​ផ្នែក​ផ្សេងៗ​ទៀត​គឺ​តុបតែង​បន្ថែម​ដោយ​អ្នក​ជំនាញ​ផាត់​មុខ។

"សសរ​កន្លោង​" គឺ​ជា​វណ្ណកម្ម​ទី២​ របស់​ផលិតកម្ម "ឥន្ទ្រានិម្មិត" ដែល​​កំពុង​ចាក់​ផ្សាយ​នៅ​គ្រប់​រោង​កុន ក្នុង​រាជធានី​ភ្នំពេញ ​រោង​ភាពយន្ត​បារាយ​អណ្ដែត​ខេត្ត​សៀម​រាប និង​ខេត្ត​បាត់​ដំបង៕​

វីដេអូតែង​ខ្មោច​សសរកន្លោង

វីដេអូ​ខ្មោច​កំណត់​ហេតុ​នាង​នាថ

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទពេញនិយម