• 2020-12-16 02:56:27
  • ព័ត៌មាន

ហ៊ុយ យ៉ាឡេង ចេញ​វីដេអូ​មួយ​នេះ​ដូច​គាស់រំលើង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​របស់​នេន ទុំ

  • 2020-12-16 02:56:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករ​ភាពយន្ត ហ៊ុយ យ៉ាឡេង ដែល​ជា​អ្នក​ផ្ដួចផ្ដើម​ឲ្យ​មាន​កម្មវិធី"១ម៉ោង​ដើម្បី​សង្គម​ជាតិ" កាល​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២០ បាន​ចេញ​វីដេអូ​អប់រំ​ខ្លី​ទី៦ ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​បង្ក​ឡើង​ដោយ​សត្វ​ពាហនៈ។ វីដេអូ​នេះ ដូច​ជា​បាន​រំលឹក​ឡើង​វិញ​នូវ​ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​មួយ​របស់​តារា​ចម្រៀង​រ៉េប នេន ទុំ ដែល​បើក​ឡាន​ទៅ​បុក​ក្របី នៅ​ខេត្ត​ព្រះសីហនុ​​ កាល​ពី​ដើម​ឆ្នាំ​នេះ។

លោក ហ៊ុយ យ៉ាឡេង និយាយ​ថា ត្បិតថា​គោ-ក្របី ដែល​កសិករ​ខ្មែរ​ប្រើ​ជា​កម្លាំង​អូសទាញ និង​ដឹកជញ្ជូន​ក្នុង​វិស័យ​កសិកម្ម​យ៉ាង​សំខាន់​តាំង​ពី​ដូន​តា​មក​នោះ ប៉ុន្ដែបងប្អូនត្រូវចាប់ចង ឃ្វាល ឬ​មើល​ថែ​វាឲ្យ​បាន​ដិតដល់​កុំ​ឲ្យ​ដើរ​ប្រសាច​ពេញ​ដង​ផ្លូវ​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ដល់​អ្នក​បើកបរ​នៅលើ​ដង​ផ្លូវដែលគ្នាមិនដឹងអី។

ហ៊ុយ យ៉ាឡេង៖"សូម​ចូល​រួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ទាំង​អស់​គ្នា ជា​ពិសេស​បង​ប្អូន​ដែល​ចិញ្ចឹម​គោ មេត្ដា​ថែ​គោ ឃ្វាល​គោ ចង​គោ​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​បង្ក​គ្រោះ​ថ្នាក់​ដល់​បងប្អូន​យើង​ដែល​កំពុង​បើកបរ​នៅ​លើ​ដង​ផ្លូវ"។

លោក ហ៊ុយ យ៉ាឡេង បញ្ជាក់​ថា ម្ចាស់​គោ ប្រឈម​នឹង​ទោស​ទណ្ឌ និង​ការ​ផាក​ពិន័យ បើ​បណ្ដែត​បណ្ដោយ​ឲ្យ​សត្វ​គោ ឬ​ក្របី ដើរ​ពាសវាលពាសកាល​នៅ​លើ​ដង​ផ្លូវ​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ដល់​អ្នក​ដែល​កំពុង​បើកបរ​នៅ​លើ​ដង​ផ្លូវ។

នៅកម្ពុជាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយចំនួនបង្កឡើងដោយសត្វគោ-ក្របី។ ជាក់ស្ដែង នេន ទុំ និង​មិត្តភ័ក្ដិ ធ្លាប់​បើក​ឡានជ្រុល​ចង្កូត​ទៅ​បុក​ក្របី​ទាំង​យប់​កាល​ពី​ថ្ងៃ​ទី១១ ខែ​មីនា ឆ្នាំ​២០២០ បណ្ដាល​ឲ្យ​រូប​លោក និង​មិត្តភ័ក្ដិ​៣​នាក់​ទៀត​របួស​ស្រាល។ រីឯ​ឡានLuxus 330 របស់លោក ត្រូវខ្ទេច​មួយ​កំណាត់​មុខ និង​ក្របី​ដែល​បាន​បុក​នោះ​ងាប់​ភ្លាមៗ។ គ្រាហ៍​នោះ​រូប​លោក រកម្ចាស់ក្របីដើម្បីឲ្យទទួលខុសត្រូវឃើញឡើយ ទើប​ក្រោយមកលោក​ត្រូវ​ចំណាយ​លុយ​ព្យាបាល​របួស និង​ជួសជុល​រថយន្ត​ដោយ​ខ្លួន​ឯង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់