• 2018-12-21 09:00:00
  • ជីវិតតារា

គាប់ជួនម្ល៉េះ បវរកញ្ញាកម្ពុជា៣រូបនេះ សុទ្ធតែមកពីខេត្តកំពង់ចាម

  • 2018-12-21 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ស្អាត​បី​រូប​គឺ ​បវរកញ្ញា​ចក្រ​វាល​កម្ពុជា រឿន ណាត ​បវរកញ្ញា Miss Grand Cambodia ​ឌី លីកា និង​បវរកញ្ញា​អាស៊ី​ប៉ា​ស៊ី​ហ្វិក​កម្ពុជា ខា អាន​ឆានី ​សុទ្ធ​តែ​ជា​កំពូល​ស្រី​ស្អាត ​ធ្លាប់​បង្ហាញ​សម្រស់​លើ​ឆាក​អន្តរជាតិ ក្នុង​ការ​ប្រកួត​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ។ ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ ​គឺ​ កញ្ញា​ទាំង​បី ​សុទ្ធ​តែ​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​កំពង់​ចាម ដូច​គ្នា។

​ក្រៅ​ពី​មក​ពី​ខេត្ត​ដូច​​គ្នា​ហើយ ​ចំណុច​មួយ​ទៀត គឺ​អ្នក​ទាំង​បី ​ចេញ​ពី​គ្រួសារ​​មាន​ជីវភាព​មិន​សូវ​ធូរធារ ​​ជា​កូន​អ្នក​​ស្រែ​ចម្ការ ​តែ​មាន​ការ​តស៊ូ​ក្នុង​ជីវិត ​គួរ​ឲ្យ​សរសើរ។

​​បវរកញ្ញា​ចក្រវាល​កម្ពុជា ​​រឿន ណាត

​ស្រី​ស្អាត​រូប​នេះ ​ធ្លាប់​ធ្វើ​ឲ្យ​ទស្សនិកជន​ខ្លោច​ចិត្ត​ ស្ទើរ​ស្រក់​ទឹក​ភ្នែក ដោយសារ​សូម្បី​អត្តសញ្ញាណ​ឪពុក​ជា​ជន​ជាតិ​អ្វី ​ក៏​មិន​ដឹង។ ​រឿន​ ណាត ​ជា​អ្នក​​មក​ពី​ខេត្ត​កំពង់​ចាម មាន​ជីវិត​ជា​កូន​អ្នក​ស្រែ ជួប​បញ្ហា​ជីវភាព​ខ្វះ​ខាត​មុខ​ក្រោយ។ ​ក្នុង​ការ​ប្រកួត​ដែល​ទើប​បញ្ចប់​ទៅ​ថ្មី​ៗ​នេះ ​ក្នុង​ប្រទេស​ថៃ ​កញ្ញា ​រឿន​​ ណាត ធ្វើ​ឲ្យ​មហាជន​កោត​សរសើរ​គ្រប់​គ្នា ​ដោយសារ​ទេពកោសល្យ​ និង​ភាព​ក្លាហាន​បង្ហាញ​ឲ្យ​អន្តរជាតិ ​បាន​ឃើញ​ពី​វប្បធម៌ និង​ ឈុត​តំណាង​ជាតិ​ដ៏​ស្រស់​ស្អាត​របស់​កម្ពុជា។

បវរកញ្ញា Misss Grand Cambodia ឌី លី​កា ​​​​

ជា​កូន​អ្នក​​​ស្រុក​ក្រូច​ឆ្មា ​ខេត្ត​កំពង់​ចាម ស្រី​ស្អាត​រូប​នេះ ​ក៏​មាន​ប្រវត្តិ​កម្សត់​កើត​ចេញ​ពី​គ្រួសារ​អ្នក​ស្រែ​ចម្ការ​ ផង​ដែរ។ ​​សម្រាប់​ការ​សិក្សា​វិញ ​លី​កា ​រៀន​បាន​ត្រឹម​ថ្នាក់​វិទ្យាល័យ​ប៉ុណ្ណោះ ​ព្រោះ​ត្រូវ​រ៉ាប់​រង​ជីវភាព​គ្រួសារ។ បើ​និយាយ​ពី​ការ​ប្រកួត Miss Grand International ​ដែល​ធ្វើ​​ឡើង​នៅ​ប្រទេស​ហ្វីលីពីន ថ្វី​ត្បិត​ស្រី​ស្អាត​វ័យ២០​ឆ្នាំ មិន​ទទួល​ជយលាភី ​តែ​លីកា បាន​ពាន​រង្វាន់​ប្រជាប្រិយ​ភាព​មួយ​ពី កម្មវិធី​កម្រិត​អន្តរជាតិ​នេះ​ផង​ដែរ។

​បវរកញ្ញា​អាស៊ី​ប៉ាស៊ីហ្វិក​ ​ខា អាន​ឆា​នី

​ស្រី​ស្អាត​រូប​នេះ​ក៏​​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ចាម​ដែរ ​ដោយ​រូប​នាង​មិន​មែន​កើត​ចេញ​ពី​ត្រកូល​អ្នក​មាន​ឡើយ ​ពោល​ក្រុម​គ្រួសារ​របស់​ឆា​នី ជា​គ្រួសារ​កសិករ។ រូបនាង ក៏ធ្លាប់បានចេញទៅប្រកួតប្រជែងសម្រស់នៅប្រទេសហ្វីលីពីន ផងដែរ។ ពេល​ទំនេរ ឆា​នី ចូល​ចិត្ត​នៅ​ផ្ទះ​អាន​សៀវភៅ​ប្រលោម​លោក និង​ស្ដាប់​ចម្រៀង។ បច្ចុប្បន្ន​ ឆា​នី កំពុង​សិក្សា​មុខ​ជំនាញ​គ្រប់​គ្រង​ សណ្ឋាគារ និង​ប​ដិ​សណ្ឋារ​កិច្ច​ នៅ​រាជធានី​ភ្នំពេញ។

អត្ថបទ៖ លឹម សុនា

មតិយោបល់