• 2019-10-22 08:17:05
  • ជីវិតតារា

បូកសរុបរាល់រឿងចម្រូងចម្រាស ទាក់ទងនឹងតារាៗផលិតកម្ម SM

  • 2019-10-22 08:17:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម SM Entertainment បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៩៥ ហើយ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ មាន​រឿង​ចម្រូង​ចម្រាស​ជា​ច្រើន​បាន​កើត​ឡើង​លើ​តារា​ៗ​ដែល​ស្ថិត​នៅ​ក្រោម​ដំបូល​ផលិតកម្ម​យក្ស​​មួយ​នេះ។ បញ្ជាក់​ថា​ខាង​ក្រោម​នេះ មិន​​មាន​លើក​ឡើង​ទាក់ទង​នឹង​រឿង​​ស្នេហា​របស់​តារា​ៗ SM នោះ​ឡើយ។​

  • ​​​ការ​លេង​ពណ៌​សក់​ទង់ដែងរបស់ក្រុម S.E.S.

នៅ​ឆ្នាំ ១៩៩៩ ក្រុម​ចម្រៀង​ស្រី​ដ៏​ល្បី​របស់ SM គឺ S.E.S. បាន​វិល​ត្រឡប់​ជា​មួយ​បទ​ចម្រៀង​​ចំណង​ជើង​ថា "Love” ដោយ​មាន​ការ​​លេង​ម៉ូដ​សក់​ពណ៌​ទង់ដែង​។ បច្ចុប្បន្ន​នេះ​ការ​លេង​ពណ៌​សក់​ក្នុង​ពិភព​ K-Pop គឺ​ជា​រឿង​ធម្មតា ប៉ុន្តែ​ពេល​នោះ​វិញ​​សមាជិក​របស់ S.E.S ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​បង្ហាញ​មុខ​លើ​ប៉ុស្ត៍​ទូរទស្សន៍​រួម​មាន KBS និង SBS ពី ៣ ទៅ ៤ ឆ្នាំ​ឯណោះ។ យ៉ាងណាក្ដី​ក្រុម​មួយ​នេះ​បាន​ត​ស៊ូ​ជម្នះ ហើយ​ស្តង់ដារ​សង្គម​ក៏​បាន​ផ្លាស់​ប្ដូរ​ ដែល​អនុញ្ញាត​ឲ្យ​តារា​បង្ហាញ​ខ្លួន​ក្នុង​មុខមាត់​ប្លែក​ៗ​បាន។

  • ការ​បំបែក​ក្រុម H.O.T.

នៅ​ខែ​ឧសភា​ ឆ្នាំ ២០០១ ក្រុម​ចម្រៀង​ធំ​ដំបូង​គេ​របស់ SM គឺ H.O.T. ប្រកាស​ថា​ពួក​គេ​នឹង​បំបែក​ក្រុម​ ក្រោយ​ចូល​ប្រឡូក​បាន​ ៥ ឆ្នាំ ដោយ​សារ​ក្រុម​និង​ក្រុមហ៊ុន​មិន​​ព្រមព្រៀង​គ្នា​លើ​កុងត្រា​ថ្មី។ អ្នក​គាំទ្រ​បាន​បង្ហាញ​អារម្មណ៍​ខឹង​ក្រោធ​ចំពោះ SM និង​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សកម្មភាព​មិន​ត្រឹម​ត្រូវ​ចំពោះ H.O.T.។ ក្រោយ​មក​ទើប​មាន​ការ​បង្ហាញ​ថា​​ ការ​មិន​ព្រមព្រៀង​គ្នា​ គឺ​ដោយ​​សារ​ការ​ទាមទារ​កម្រៃ​ខ្ពស់​ ដោយ​​ក្រុម​បាន​ទាមទារ​ឲ្យ SM ចែក​ប្រាក់​ ១ ម៉ឺន​ដុល្លារ​ រៀង​រាល់​ការ​លក់​អាល់ប៊ុម​បាន ១ លាន​បន្ទះ។

  • ក្រុម Shinhwa ដើរ​ចេញ​ពី​ផលិតកម្ម

នៅ​ឆ្នាំ ២០០៣ ពេល​ដល់​វេលា​ចុះ​កុងត្រា​ថ្មី​ជា​មួយ​ក្រុម​ចម្រៀង Shinhwa កុងត្រា​គឺ​មាន​ផ្ដល់​ជូន​សមាជិក​ទាំង​អស់​ លើក​លែង​តែ Dongwan ម្នាក់។ ចុង​ក្រោយ​ក្រុម​ទាំង​មូល​ក៏​បាន​សម្រេច​ចុះ​កុងត្រា​ជា​មួយ​ផលិតកម្ម​ថ្មី ហើយ​ SM បាន​បិទ​សិទ្ធ​ក្រុម​​មិន​ឲ្យ​ប្រើ​ឈ្មោះ Shinhwa ឡើយ។ ព្រោះ​រឿង​នេះ ទើប​ធ្វើ​ឲ្យ​មាន​សង្គ្រាម​ផ្លូវ​ច្បាប់​រយៈពេល ១២ ឆ្នាំ ហើយ​ចុង​ក្រោយ​ Shinhwa ជា​អ្នក​ឈ្នះ ហើយ​ក្រុម​នេះ​ក៏​អាច​ដាក់​ឈ្មោះ​ក្រុមហ៊ុន​របស់​ខ្លួន​ទៅ​ជា​ Shinhwa Company បាន​ផង​ដែរ។

  • ការ​ធ្វើ​បាតុកម្ម​ចំពោះ Henry

នៅ​ខែ​តុលា ឆ្នាំ ២០០៧ ផលិតកម្ម SM បាន​ប្រកាស​ថា​ក្រុម Super Junior-M នឹង​ត្រូវ​ប្រឡូក​នៅ​ប្រទេស​ចិន ដើម្បី​វាយ​លុក​ទីផ្សារ​ថ្មី ក្នុង​នាម​ជា​ Sub-Unit។ Han Geng ត្រូវ​បាន​ប្រកាស​ថា​នឹង​ជា ហើយ​សមាជិក​ថ្មី​ឈ្មោះ Henry ក៏​ត្រូវ​បាន​ប្រកាស​ថា​នឹង​ចូល​រួម​ក្រុម​ថ្មី​នេះ​ដែរ ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​សមាជិក​ទី ១៤ នៃ​ក្រុម Super Junior។ យ៉ាងណាក្ដី​អ្នក​គាំទ្រ​របស់ SJ ​មិន​សប្បាយ​ចិត្ត​នឹង​ការ​សម្រេច​ចិត្ត​បន្ថែម​សមាជិក​ថ្មី​នេះ​ទេ ដោយ​ពួក​គេ​យល់​ថា​វា​អាច​ជា​ឱកាស​មួយ​របស់​ SM ក្នុង​ការ​ជំនួស​សមាជិក​ណា​មួយ។ ហេតុ​នេះ​ហើយ​ អ្នក​គាំទ្រ​បាន​ប្រមូល​លុយ​ដើម្បី​ទិញ​ហ៊ុន​នៅ​ផលិតកម្ម SM ដោយ​សង្ឃឹម​ថា​នឹង​អាច​ទទួល​បាន​តំណែង​​មួយ​ក្នុង​ក្រុមប្រឹក្សាភិបាល​ដើម្បី​ហាម​មិន​ឲ្យ SM បន្ថែម​សមាជិក​ថ្មី​ទៅ​ក្នុង​ក្រុម SJ។ អ្នក​គាំទ្រ​បាន​ធ្វើ​បាតុកម្ម​នៅ​​ក្រៅ​អគារ​ SM ហើយ​ថវិកា​ដែល​ពួក​គេ​ប្រមូល​បាន​ អាច​ទិញ​ហ៊ុន​របស់​ក្រុមហ៊ុន​បាន ០,៣% ប៉ុណ្ណោះ ហេតុ​នេះ​ពួក​គេ​ក៏​បាន​ផ្សព្វផ្សាយ​ដំណឹង​នេះ​ដល់​សារព័ត៌មាន​កូរ៉េ។ ចុង​ក្រោយ SM បាន​ប្រកាស​ថា​សមាជិក​ថ្មី​ក្នុង​ក្រុម Super Junior-M នឹង​មិន​បញ្ចូល​ទៅ​ក្រុម​ធំ​នោះ​ទេ។

  • រឿង​ក្ដី JYJ

​​​​​​​​នៅ​ខែ​កក្កដា ឆ្នាំ ២០០៩ សមាជិក TVXQ មាន Jaejoong, Xia Junsu និង Yoochun បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ផលិតកម្ម SM ទាក់ទង​នឹង​ "កុងត្រា​ទាសករ" ដែល​កុងត្រា​មាន​រយៈពេល​វែង និង​ការ​ចែក​ប្រាក់​ចំណេញ​មិន​សម​រម្យ។ ​ការ​ប្ដឹង​ផ្ដល់​បាន​បន្ត​ជា​ច្រើន​ឆ្នាំ ហើយ​ចុង​ក្រោយ​ពួក​គេ​ទាំង​បី​ជា​អ្នក​ឈ្នះ ហើយ​រឿង​ក្ដី​នេះ​​បាន​​ឲ្យ​គេ​ដឹង​ខ្លះៗ​អំពី​ពិភព​ខ្មៅ​ងងឹត​ក្នុង​សហគ្រាស​ K-Pop ធ្វើ​ឲ្យ​តារា​ K-Pop ជា​ច្រើន​ធ្វើ​ការ​ចរចា​ឡើង​វិញ​លើ​កុងត្រា​របស់​ពួក​គេ និង​បាន​នាំ​ឲ្យ​រដ្ឋាភិបាល​កំណត់​នូវ​រយៈពេល​អតិបរមា​ ៧ ឆ្នាំ សម្រាប់​កុង​ត្រា K-Pop។

  • ​​​ឧបទ្ទវហេតុ​បុក​រត់​របស់ Kangin

ថ្ងៃ​ទី ១៦ ខែ​តុលា ឆ្នាំ ២០០៩ សមាជិក​ Super Junior គឺ Kangin ត្រូវ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បុក​-រត់ ពេល​ដែល​រូប​គេ​ជិះ​បុក​រថយន្ត​តាក់ស៊ី​ចត​ចោត​គ្មាន​មនុស្ស​នៅ​ក្នុង​រថយន្ត។ រូប​គេ​បាន​ចូល​ខ្លួន​សារភាព​ប្រាប់​ប៉ូលិស​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ និង​មាន​​កម្រិត​ជាតិ​អាល់កុល ០,០៨២%។ ​Kangin ត្រូវ​បាន​តុលាការ​​សម្រេច​​ថា​មាន​ទោស​ចំពោះ​ហេតុការណ៍​នេះ​នៅ​ខែ​មករា ឆ្នាំ ២០១០ និង​ត្រូវ​ពិន័យ​ប្រមាណ ៦ ៨០០ ដុល្លារ។ សកម្មភាព​ការងារ​របស់ Kangin ត្រូវ​ SM ផ្អាក​នៅ​ពេញ​មួយ​ឆ្នាំ ២០០៩ ហើយ​រូប​គេ​បាន​ចូល​បម្រើ​​ក្នុង​ជួរ​កង​ទ័ព​នៅ​ឆ្នាំ ២០១០។

  • រឿង​ក្ដី Han Geng

​Hang Geng ឬ Hankyung គឺ​ជា​សមាជិក​សញ្ជាតិ​ចិន​ដំបូង​គេ​របស់ SM ហើយ​ក៏​ជា​សមាជិក​សញ្ជាតិ​បរទេស​តែ​ម្នាក់​ក្នុង​ក្រុម​ Super Junior ដំបូងៗ​។ នៅ​ថ្ងៃ​ទី ១៩ ខែ​ធ្នូ ឆ្នាំ ២០០៩ Han Geng បាន​ដាក់​ពាក្យ​បណ្ដឹង​ សុំ​បញ្ចប់​កុងត្រា​ជា​មួយ​ផលិតកម្ម SM ដោយ​លើក​ឡើង​អំពី​កុងត្រា​ដែល​មាន​រយៈពេល​ដល់ ១៣​ឆ្នាំ ការ​ចែក​ប្រាក់​ចំណេញ​មិន​សម​រម្យ និង​ការងារ​ដែល​ច្រើន​លើសលប់។ មាន​ការ​រាយការណ៍​ថា​ Han Geng មិន​ដែល​បាន​ឈប់​សម្រាក​សោះ​ក្នុង​ពេល​ ២ ឆ្នាំ ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​​​តម្រង​នោម។ នៅ​ថ្ងៃ​ទី ២១ ខែ​ធ្នូ ឆ្នាំ ២០១០ រូប​គេ​​បាន​ឈ្នះ​ក្ដី​ ហើយ SM ក៏​សម្រេច​ប្ដឹង​ឧទ្ធរណ៍​លើ​ការ​សម្រេច​នេះ។ នៅ​ថ្ងៃ​ទី ២៧ ខែ​កញ្ញា ឆ្នាំ ២០១១ មាន​ការ​បង្ហាញ​ថា​ភាគី​ទាំង​ពីរ​បាន​សម្រេច​សម្រួល​គ្នា ដែល​អនុញ្ញាត​ឲ្យ​ Han Geng ​ផ្ដាច់​កុងត្រា និង​ចេញ​ពី​ក្រុម Super Junior។

  • រឿង​ក្ដី​សមាជិក​ក្រុម EXO-M

នៅ​ថ្ងៃ​ទី ១៥ ឧសភា Kris សមាជិក​ក្រុម EXO បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ផលិតផល SM សុំ​បញ្ចប់​កុងត្រា​របស់​ខ្លួន​ ដោយ​លើក​ឡើង​ថា​ក្រុមហ៊ុន​មាន​ការ​ចែក​ប្រាក់​ចំណេញ​មិន​សម​រម្យ មិន​ឲ្យ​តម្លៃ​លើ​សុខភាព​ខ្លួន បិទ​សិទ្ធ​សេរីភាព និង​ចាត់​ទុក​រូប​គេ​ដូច​ជា​ផលិតផល​ជា​ជាង​មនុស្ស។

នៅ​ថ្ងៃ​ទី ១០ តុលា ឆ្នាំ​ដដែល Luhan សមាជិក​ EXO គឺ​ជា​សមាជិក​ចិន​ទី​ពីរ​ដែល​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ក្រុមហ៊ុន ដោយ​លើក​យក​រឿង​ដូច​ជា​ Kris ដែរ និង​​​បាន​ចោទ​ប្រកាន់​ថា​ SM មិន​យក​ចិត្ត​ទុក​​ដាក់​រូប​គេ ដូច​ជា​សមាជិក​កូរ៉េ​នោះ​ទេ។

នៅ​ឆ្នាំ​បន្ទាប់​ Tao នៃ​ក្រុម EXO ជា​សមាជិក​ចិន​ទី ៣ ដែល​ដាក់​ពាក្យ​ប្ដឹង​ SM សុំ​ផ្ដាច់​កុងត្រា​ ក្រោយ​ពី​កើត​មាន​របួស​នៅ​អំឡុង​ពេល​ផ្សព្វផ្សាយ​ពី​បទ​ចម្រៀង​ថ្មី។

SM បាន​ធ្វើ​ការ​ឆ្លើយ​តប​ដោយ​និយាយ​ថា ៖ "ក្រុមហ៊ុន​របស់​យើង គ្រោង​នឹង​ប្រើ​ប្រាស់​គ្រប់​យ៉ាង​ដែល​យើង​មាន​ រួម​មាន​អ្នក​ជំនាញ​ផ្នែក​ច្បាប់​ទាំង​កូរ៉េ និង​ចិន និង​ដៃ​គូ​ដើម្បី​ឆ្លើយ​តប​តាម​ផ្លូវ​ច្បាប់​ ទាំង​នៅ​កូរ៉េ និង​ចិន។” ផលិតកម្ម​បាន​ធ្វើ​ការ​ប្ដឹង​បក​​ទៅ​សមាជិក​ទាំង ៣ ស្រប​ពេល​ដែល​ពួក​គេ​ទាំង ៣ មាន​សកម្មភាព​​ល្មើស​នឹង​កុង​ត្រា។

ពេល​ដែល​ EXO បន្ត​​ដំណើរ​ជា​មួយ​សមាជិក​ទាំង​ ៩ នាក់ សង្គ្រាម​ផ្លូវ​ច្បាប់​សម្រាប់​សមាជិក​ ៣ នាក់​ទៀត បាន​បន្ត​អស់​ជា​ច្រើន​ឆ្នាំ។ ចុង​ក្រោយ Kris និង Luhan សម្រេច​សម្រួល​គ្នា ដោយ​​ពួក​គេ​ត្រូវ​ជាប់​កុង​ត្រា​ជា​មួយ SM ​រហូត​ដល់​ឆ្នាំ ២០២២។ ចំណែក​ Tao វិញ បាន​ចាញ់​ក្ដី​​មួយ​ចំនួន ដោយ​សារ​មិន​អាច​​សង​លុយ​ឲ្យ​ក្រុមហ៊ុន​ពេល​ចាក​ចេញ និង​ការ​ពន្យារ​ពេល​បង់​ប្រាក់​ផង​ដែរ។ គេ​យល់​ឃើញ​ថា​កុងត្រា​របស់ Tao ជា​មួយ​ SM នៅ​បន្ត​មាន​សុពលភាព រហូត​ដល់​ពេល​កំណត់​​មាន​លើ​កុង​ត្រា។

  • ​​​​​​​Sulli ចាក​ចេញ​ពី f(x)

នៅ​ថ្ងៃ​ទី ២៤ ខែ​កក្កដា ឆ្នាំ ២០១៤ អំឡុង​ការ​ផ្សព្វផ្សាយ​បទ​ "Red Light” របស់ f(x) សមាជិក​ក្រុម​គឺ Sulli ស្រាប់​តែ​សុំ​សម្រាក​ ដោយ​ថា​នាង​រង​ទុក្ខ​ទាំង​ផ្លូវ​ការ​និង​ផ្លូវ​ចិត្ត ដោយ​សារ​ការ​បញ្ចេញ​មតិ​មិន​ត្រឹម​ត្រូវ និង​មិន​ពិត​អំពី​នាង។ នៅ​ខែ​សីហា ឆ្នាំ ២០១៥ Sulli បាន​ចេញ​ពី​ក្រុម​ជា​ផ្លូវ​ការ។

  • វីដេអូ​ចម្រៀង​ "Happiness” របស់ Red Velvet

នៅ​ថ្ងៃ​ទី ១ ខែ​សីហា ក្រុម Red Velvet បាន​ចេញ​​ប្រឡូក​ជា​ផ្លូវ​ការ​ជា​មួយ​វីដេអូ​ចម្រៀង​សម្រាប់​បទ "Happiness”។ ក្រោយ​ពី MV ចេញ​ភ្លាម​ ក្រុម​នេះ និង​ផលិតកម្ម SM ទទួល​រង​ការ​វាយ​ប្រហារ​ពី​អ្នក​គាំទ្រ និង​ស្ថាប័ន​ព័ត៌មាន​ជុំវិញ​ពិភពលោក​ ដោយ​សារ​ការ​ប្រើ​ប្រាស់​រូបភាព​​ចម្រូងចម្រាស​នៅ​ក្នុង MV ដែល​រួម​មាន​រូបភាព​នៃ​​គ្រាប់​បែប​បរមាណូ​នៅ​ហីរ៉ូហ្សីម៉ា និង​ណាហ្គាសាគី​ពី​សង្គ្រាម​លោក​លើក​ទី ២ និង​រូបភាព​នៃ​ការ​វាយ​ប្រហារ​អគារ​ភ្លោះ​នៅ​អាមេរិក។ ក្រោយ​មក MV នៃ​បទ​ "Happiness” ​ត្រូវ​បាន​ដក​ចេញ និង​បង្ហោះ​សា​ជា​ថ្មី​ដោយ​ធ្វើ​ការ​លុប​រូបភាព​​ចម្រូងចម្រាស​ចេញ។

  • Jessica ចេញ​ពី​ក្រុម Girl's Generation

នៅ​ថ្ងៃ​ទី ៣០ ខែ​កញ្ញា ឆ្នាំ ២០១៤ សមាជិក​ Girls' Generation គឺ Jessica ផ្ទាល់ បាន​ប្រកាស​ថា​នាង​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ចេញ​ពី​ក្រុម ដោយ​ប្រកាស​តាម​រយៈ​គណនី Weibo របស់​ខ្លួន។ ក្រោយ​មក​ផលិតកម្ម SM បាន​បញ្ជាក់​​ថា​នាង​លែង​ជា​សមាជិក​ Girls' Generation ត​ទៀត​ដោយ​សារ​ ​បញ្ហា​រៀប​ចំ​កាល​វិភាគ។ ក្រុម Girls' Generation ត្រូវ​បន្ត​​ដំណើរ​ដោយ​មាន​សមាជិក ៨ នាក់ ហើយ​ SM ត្រូវ​គ្រប់​គ្រង​លើ​សកម្មភាព​ទោស​របស់ Jessica។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី ៦ ខែ​សីហា ឆ្នាំ ២០១៥ មាន​ការ​បង្ហាញ​ថា Jessica និង​ផលិតកម្ម SM បាន​ចែក​ផ្លូវ​គ្នា​ជា​ផ្លូវ​ការ។

  • ​​​​​ការ​បង្ហោះ​បោក​ប្រាស់​របស់ Taeyong សមាជិក NCT

នៅ​ខែ​ធ្នូ ឆ្នាំ ២០១៤ ដែល​ពេល​នោះ Taeyong នៅ​ជា​សមាជិក​ SMROOKIES នៅ​ឡើយ បាន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​ចម្រូង​ចម្រាស​ដំបូង ដោយ​កាល​រៀន​នៅ​មធ្យម​សិក្សា រូប​គេ​បាន​បោក​ប្រាក់​មនុស្ស​នៅ​លើ​វិបសាយ​លក់​ទំនិញ​អនឡាញ​យ៉ាង​សកម្ម។ រូប​គេ​យក​ការ​ផ្សព្វផ្សាយ​កន្លែង​ក្លាយ​មក​បង្ហោះ រួច​យក​លុយ​ពី​អតិថិជន ហើយ​មិន​ផ្ញើ​ឥវ៉ាន់​ឲ្យ​អតិថិជន​នោះ​ទេ ទោះ​បី​ផ្ញើ​ក៏​ផ្ញើ​ផលិតផល​មាន​បញ្ហា​ដែរ។​ សារ​ទូរសព្ទ​បង្ហាញ​ថា​ Taeyong បាន​ប្រើ​ពាក្យ​អសុរោះ ទៅ​កាន់​អ្នក​ដែល​ខ្លួន​បាន​បោក ក្រោយ​ពី​គេ​តាម​ទាន់​។ ផលិតកម្ម SM បាន​បញ្ចេញ​ការ​សុំទោស​ជំនួស​ Taeyong ដោយ​និយាយ​ថា​ SM នឹង​ធានា​ថា​ Taeyong នឹង​ដឹង​ខុស​ ហើយ​នឹង​ជួយ​បណ្ដុះ​បណ្ដាល​រូប​គេ​ឲ្យ​​ក្លាយ​ជា​តារា​មាន​អត្តចរិត​ល្អ។

  • ​មង្គល​ការ​របស់​ Sungmin ក្រុម SJ និង​ការ​ជំទាស់​ពី​អ្នក​គាំទ្រ​

នៅ​ថ្ងៃ​ទី ១៣​ ខែ​ធ្នូ ឆ្នាំ ២០១៤ សមាជិក SJ គឺ Sungmin បាន​រៀប​​ការ​ស្ងាត់ៗ​ជា​មួយ​តារា​សម្ដែង​ Kim Sa-eun ក្រោយ​ពី​មាន​ការ​បញ្ជាក់​អំពី​ទំនាក់ទំនង​ស្នេហា​នៅ​ខែ​កញ្ញា។ អ្នក​គាំទ្រ​មិន​សប្បាយ​ចិត្ត ដោយ​សារ​មង្គល​ការ​ធ្វើ​ឡើង​ អំឡុង​ការ​ហាត់​សម​សម្រាប់​​ការ​ប្រគំ​តន្ត្រី​ដំណើរ​កម្សាន្ត​ Super Show ហើយ​ផលិតកម្ម និង​សមាជិក​​រួម​ក្រុម​ក៏​បាន​ជំទាស់​នឹង​ការ​រៀប​ការ​នេះ​ដែរ។ ​នៅ​ឆ្នាំ ២០១៧ នៅ​ពេល​ប្រកាស​​ថា​ Super Junior នឹង​វិល​ត្រឡប់​ដោយ​មាន​សមាជិក​តែ ៨ នាក់ ក្រោយ​សម្រាក​ ២ ឆ្នាំ អ្នក​គាំទ្រ​បាន​ធ្វើ​​បាតុកម្ម​សុំ​ឲ្យ​ដក​ Sungmin ចេញ​ពី​ក្រុម និង​​គំរាម​ឈប់​គាំទ្រ SJ ​ទៀត​ផង ដោយ​សារ​ការ​ផ្គើន​របស់ Sungmin។

  • រឿង​ក្ដី Minwoo នៃ​ក្រុម Trax

នៅ​ឆ្នាំ ២០១៥ តារា​ចម្រៀង​និង​តារា​សម្ដែង No Minwoo នៃ​ក្រុម Trax បាន​ដាក់​ពាក្យ​ប្ដឹង​ផលិតកម្ម SM ទាក់ទង​នឹង​កុងត្រា​ទាសករ និង​ការ​ហាម​ឃាត់​មិន​ឲ្យ​លេច​មុខ​លើ​ទូរទស្សន៍។ កុងត្រា​របស់​គេ​មាន​រយៈពេល​ដល់ ១៧ ឆ្នាំ ហើយ Minwoo អះអាង​ថា​ពេល​ដែល​គេ​បង្ហាញ​អារម្មណ៍​មិន​ពេញ​ចិត្ត​នឹង​កុងត្រា​ ផលិតកម្ម​ក៏​បាន​​កាត់​ផ្ដាច់​ការ​ផ្គត់ផ្គង់​លើ​សកម្មភាព​របស់​ Minwoo។ រូប​គេ​បាន​ចាប់​ផ្ដើម​មាន​សកម្មភាព​សិល្បៈ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​ផលិតកម្ម​បាន​បិទ​​ផ្លូវ​មិន​ឲ្យ​រូប​គេ​លេច​មុខ​លើ​ទូរទស្សន៍​បាន​។ នៅ​ឆ្នាំ ២០១៨ Minwoo បាន​ចាញ់​ក្ដី និង​ចាញ់​ការ​ប្ដឹង​ឧទ្ធរណ៍​ដោយ​សារ​មាន​ភស្តុតាង​មិន​គ្រប់គ្រាន់​លើ​ការ​អះអាង។

  • រូប​អាក្រាត​របស់​អ្នក​ហាត់​ការ​ Yu Zhi

នៅ​ខែ​ឧសភា ឆ្នាំ ២០១៦ អ្នក​ហាត់​ការ​ឈ្មោះ Yu Zhi ដែល​ដើម​ឡើង​ត្រូវ​ដាក់​បញ្ចូល​ក្រុម NCT ត្រូវ​អ្នក​គាំទ្រ​ចិន​ទម្លាយ​រឿង​អតីត​នៅ​លើ​បណ្ដាញ​សង្គម អះអាង​ថា​នៅ​ពេល​រូប​គេ​ចូល​រួម​កម្មវិធី​ប្រកួត​នៅ​ចិន​ឆ្នាំ ២០១៣ រូប​គេ​បាន​ផ្ញើ​រូប​អាក្រាត​របស់​ខ្លួន​ទៅ​កាន់​អ្នក​គាំទ្រ​ ហើយ​ថែម​ទាំង​មាន​បុរស​ចិញ្ចឹម​នៅ​វ័យ ១៥ ឆ្នាំ​ទៀត។ អ្នក​គាំទ្រ​ខឹង​សំបារ​ និង​ប្រាប់​​ SM ឲ្យ​បណ្ដេញ Yu Zhi ចេញ​ពី​ក្រុមហ៊ុន​។ មក​ទល់​ពេល​នេះ​គេ​មិន​ឃើញ​វត្តមាន​របស់ Yu Zhi ត​ទៀត​ឡើយ។

  • ​Onew ក្រុម SHINee ​ជាប់​​ចោទ​​ពី​បទ​បៀតបៀន​ផ្លូវ​ភេទ

ខែ​សីហា ឆ្នាំ ២០១៧ Onew សមាជិក​ SHINee បាន​ជាប់ពាក់ព័ន្ធ​ទៅ​នឹង​បទ​ល្មើស​បៀតបៀន​ផ្លូវ​ភេទ​នារី​ម្នាក់​ ក្នុង​ក្លឹប​កម្សាន្ត​មួយ​ក្នុង​ទីក្រុង​សេអ៊ូល។​ ខាង​ផលិតកម្ម​ SM Entertainment បាន​ស្នើ​ឲ្យ​នាង​ដក​ពាក្យ​បណ្ដឹង​វិញ ដោយ​​ថា​វា​គ្រាន់​តែ​ជា​ការ​យល់​ច្រឡំ​មួយ​ពេល​តែ​ប៉ុណ្ណោះ។

  • ​​​ឆ្កែ​ Siwon ខាំ​មនុស្ស​

នៅ​ខែ​តុលា ឆ្នាំ ២០១៧ ឆ្កែ​របស់ Siwon បាន​ខាំ​ស្ត្រី​ម្នាក់​បណ្ដាល​ឲ្យ​ស្លាប់ ​ដោយ​សារ​​​មេរោគ​ជ្រាប​ចូល​ក្នុង​ឈាម។ ឆ្កែ​របស់​ Siwon ពេល​នោះ​គឺ​​ឪពុក Siwon ជា​អ្នក​បណ្ដើរ។ ក្រោយ​មាន​រឿង​ធ្ងន់​បែប​នេះ ទាំង​ Siwon និង​ឪពុក​ បាន​បញ្ចេញ​សារ​សុំទោស​ជា​ហូរហែ ​ជា​​សាធារណ​ និង​ចំពោះ​គ្រួសារ​នៃ​សព្វ​ផង​ដែរ។

  • ការ​ធ្វើ​អត្តឃាត និង​បញ្ហា​ផ្លូវ​ចិត្ត​របស់ Jonghyun

នៅ​ថ្ងៃ​ទី ១៨ ខែ​ធ្នូ ឆ្នាំ ២០១៧ សមាជិក SHINee គឺ Jonghyun បាន​ធ្វើ​អត្តឃាត ក្រោយ​​​​ជួប​ប្រទះ​នឹង​ជំងឺ​​បាក់​ទឹក​ចិត្ត​​ធ្ងន់ធ្ងរ​ជា​ច្រើន​ឆ្នាំ។ ការ​ស្លាប់​របស់​ Jonghyun បាន​ធ្វើ​ឲ្យ​សហគមន៍ K-Pop ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​លើ​ពិភព​ខ្មៅ​ងងឹត​នៃ​សហគ្រាស​ K-Pop។ ពិភពលោក​ក៏​បាន​ដាក់​សំនួរ​សួរ​ដល់​​ផលិតកម្ម SM និង​ចំពោះ​សហគ្រាស​ K-Pop ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខភាព​ផ្លូវ​ចិត្ត និង​អត្តចរិត​តារា​របស់​ខ្លួន​ផង​ដែរ។

  • ​​​​ការ​ធ្វើ​អត្តឃាត​របស់ Sulli

នៅ​ល្ងាច​ថ្ងៃ​ទី ១៤ ខែ​តុលា ឆ្នាំ ២០១៩ ដំណឹង​នៃ​ការ​ស្លាប់​របស់​ Sulli បាន​ធ្វើ​ឲ្យ​កក្រើក​ពិភព K-Pop និង​ពិភពលោក​ទាំង​មូល ដែល​ដំបូង​ឡើយ​គ្រប់​គ្នា​គិត​ថា​ជា​ព័ត៌មាន​មិន​ពិត។ ប៉ុន្តែ​ក្រោយ​មក​មាន​ការ​បញ្ជាក់​អំពី​ប៉ូលិស និង​ពី​ផលិតកម្ម SM អំពី​ការ​ស្លាប់​របស់​តារា​វ័យ ២៥ ឆ្នាំ​នេះ។ ប៉ូលិស​បាន​បញ្ជាក់​ថា​​​ Sulli បាន​សម្រេច​ចិត្ត​បញ្ចប់​ជីវិត​គ្មាន​ស្រណោះ​ឡើយ ហើយ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ Sulli ឈាន​ដល់​ការ​គិត​ខ្លី​នេះ​ ក៏​ព្រោះ​នាង​ជួប​វិបត្តិ​ផ្លូវចិត្ត ទើប​បណ្ដាល​ឲ្យ​នាង​សម្រេច​ចង​ក​ខ្លួន​ឯង​ នៅ​ជាន់​ទី២​តែម្ដង៕

ចុចអាន ៖ រឿងរ៉ាវខ្មៅងងឹតពីក្រោយពិភព K-Pop គ្រប់គ្នាអាចស្មានមិនដល់

ប្រភព៖ DareDB KPop ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម