• 2020-03-03 09:32:58
  • ជីវិតតារា

អាចទៅរួចទេ...នាយ ក្រឹប ត្រៀមបង្កើត​ក្រុម​កំប្លែង​អាជីព!

  • 2020-03-03 09:32:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​មាឌ​តូចល្អិត តែ​បាន​វោហារ គឺ​ ​នាយ ក្រឹប ចង់​វិវត្តន៍​ខ្លួន​ពី​តារា​សម្ដែង​ទៅ​ជា​តារា​កំប្លែង​ដោយ​បង្កើត​ក្រុម​កំប្លែង​អាជីព​ប្រចាំ​នៅ​ស្ថានីយទូរទស្សន៍​ណាមួយ​នា​ថ្ងៃ​អនាគត នៅគ្រាដែលលោក​កំពុងស្វះស្វែង​រក​ឱកាស​ដើម្បី​សម្រេច​នូវគោលបំណង​មួយនេះ។

នាយ ក្រឹប និយាយ​ថា រូប​លោក​មាន​សមត្ថភាព​ដើរ​តួ​បែប​កំប្លែង ឬ​ជា​ឪពុក​គេ​តាម​អ្នក​ដឹកនាំ​រឿង​តម្រូវ ប៉ុន្តែ​អារម្មណ៍​ពិត​របស់​លោក គឺ​ចង់​ឲ្យ​ក្រុម​កំប្លែង​របស់​លោក​ដែល​មាន​គ្នាជិត​១០​នាក់ មាន​លំនឹង​ខាង​ការ​សម្ដែង ដើម្បី​ទទួលបាន​ចំណូល​ទៀងទាត់សម្រាប់ផ្គង់ផ្គង់ជីវភាព។

ក្រុម​កំប្លែង​នាយ ក្រឹប ធ្លាប់​សំដែង​នៅ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍ និង​លើ​ឆាក​ប្រគំតន្ត្រី​តាម​ខេត្ត​ជាច្រើន​ដង ប៉ុន្តែ​ក្រុម​កំប្លែង​នេះ​ពុំ​មាន​កុងត្រា​ផ្ដាច់​មុខ​ឲ្យ​ស្ថានីយ ឬ​ក្រុម​តន្ត្រី​ណាមួយ​ឡើយ។ សព្វថ្ងៃ​សមាជិក នៃ​ក្រុម​កំប្លែង​របស់លោក​ កំពុងរស់នៅ​រាយ​ប៉ាយ​នៅ​ឡើយ ព្រោះ​តែ​ពួកគេពុំ​មាន​ការ​សម្ដែង​ជាប់​លាប់ជុំគ្នានៅក្នុងកម្មវិធីផ្សេងៗ។ លើក​លែង​តែ​នាយ ក្រឹប ម្នាក់​គត់​ដែល​មានភាពមមាញឹក​ក្នុង​ការ​ថត​ភាពយន្ដ។

នាយ ក្រឹប៖" តាម​ពិត​ទៅ...កំប្លែង​មាន​គន្លឹះ​ធ្វើ​ឲ្យ​គេ​សើច​តែ​បន្តិច​ៗ​ទេ ហើយ​ខ្ញុំ​ក៏​ធ្លាប់​លេង​កំប្លែង​ច្រើន​ដងជាមួយ​ក្រុម​បង​ពាក់​មី​ដែរ។ តាម​រយៈ​ដែល​ក្រុម​ខ្ញុំ​ធ្លាប់​ធ្វើ​កន្លង​មក ខ្ញុំ​គិត​ថា​ខ្ញុំ​អាច​ធ្វើ​បាន​ឲ្យ​តែ​មាន​ឱកាស​ថា​ទូរទស្សន៍​ណា​មួយ​ឲ្យ​ភ្លើង​ខៀវមក ខ្ញុំនឹងចាប់ផ្ដើមធ្វើភ្លាម"។

រូបភាព៖ ហ្វេសប៊ុក

នាយ ក្រឹប ដែល​ពេល​នេះ​មាន​វ័យ​៣៥​ឆ្នាំ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ ជាពិសេស​ក្នុងសកម្មភាព​ថត​ភាពយន្ត​តាំង​ពី​ឆ្នាំ​២០០៨។ រឿង​ដែល​លោក​ពេញ​ចិត្ដ​ជាង​គេ​ក្នុង​ចំណោម​៣០​រឿង​ដែល​លោក​បាន​ថត គឺ​រឿង"អាប​ពាក់មួក​សុវត្ថិភាព"របស់​ផលិតកម្ម អិល ឌី។ រូប​លោក​ក៏​ចាប់​ផ្ដើម​មានមុខមានមាត់ និងទទួល​បាន​ការ​គាំ​ច្រើន​ពី​ទស្សនិកជន​តាម​រយៈ​ខ្សែភាពយន្ត​មួយ​នេះ​ដែរ៕

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់
អត្ថបទពេញនិយម