• 2020-03-06 02:10:00
  • ជីវិតតារា

ការងារ​សិល្បៈចាប់ផ្ដើម​ត្រូវ​ប៉ាន់ ចាន់ នីកា តាំង​មាន​ចិត្ត​អល់អែក​ហើយ!

  • 2020-03-06 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ជា​ពិធី​ការិនី​ប្រចាំ​នៅ​ទូរទស្សន៍ Fresh News កញ្ញា ចាន់ នីកា កំពុង​អល់អែក​ក្នុង​ការ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ផ្នែក​ធនាគារ​របស់​ខ្លួន​វិញ ក្រោយ​មើល​ឃើញ​ថា​ការងារ​សិល្បៈ​នៅ​ដើមឆ្នាំ​២០២០ នេះ ហាក់​ត្រូវ​ប៉ាន់​សម្រាប់​នាង។

ដោយ​ចូល​ចិត្ដ​វិស័យ​សិល្បៈ និង​ចង់​ក្លាយ​ខ្លួន​ជា​តារា​ផង​នោះ។ ចាន់ នីកា បាន​សម្រេច​ចិត្ដ​ព្យួរ​ឈ្មោះ​ពី​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ហក់​ចូល​ក្នុង​វិស័យ​សិល្បៈពេញលេញនៅអំឡុងឆ្នាំ២០១៨។ នាង​បាន​វិវត្តន៍​ខ្លួន​បន្តិច​ម្ដងៗ ពី​សិស្ស​សាលា​ដែល​គំនិត​ក្មេង​ខ្ចី មក​បញ្ចេញ​ភាព​ក្លាហាន​នៅ​មុខ​កាម៉េរា​តាម​រយៈ​ធ្វើ​ជា​ពិធី​ការិនី និង​ថត​រឿង​ជាច្រើនទៀត។

តារា​សម្ដែង​ដែល​ទស្សនិកជន​ស្គាល់​ច្រើន​តាម​រយៈ​ការ​ដើរ​ជាឯក​ស្រី​ក្នុង​បទ​ចម្រៀង​របស់​នាយ​ចឺម គឺ​បទ​" ហេតុ​អី​កុហក​បង​ថា​គ្មាន​សង្សារ" របស់​ផលិតកម្ម​សាន់ដេ។ នីកា និយាយ​ថា នៅ​ដើម​ឆ្នាំ​២០២០ នេះ នាង​កាន់តែ​មមាញឹក​ក្នុង​ការងារ​ធ្វើ​ពិធី​ការិនី​តាម​កម្មវិធី​ផ្សេង​ៗ បន្ថែម​លើ​ការងារ​ស្នូល​នៅ​ទូរទស្សន៍ ហើយ​ក៏​ឆ្លៀត​សម្ដែង​ភាពយន្ត និង​ថត អឹម វី ជា​ហូរហែ​ដែរ។

ទោះជាយ៉ាងណា ចាន់ នីកា ថា​ការ​សិក្សា​បន្ត​ដើម្បី​ចាប់​យក​ការងារ​ក្នុង​វិស័យ​ធនាគារ​ក៏​ល្អ ហើយ​ការ​បន្ត​អាជីព​សិល្បៈ​ក៏​ល្អដែរ។ ​ប្រសិន​បើ​ទីផ្សារ​សិល្បៈ​របស់​នាង​នៅ​តែល្អ​ប្រសើរ​ដូច​សព្វថ្ងៃ។ បើ​មិន​បាន​សិក្សា​បន្ដ​ នីកា ចង់​បើក​ហាង​សម្អាងការ​មួយ បន្ថែម​លើ​ការងារ​សិល្បៈ ដើម្បី​កសាង​អនាគត​ឲ្យ​កាន់​តែ​ប្រសើរ ដើម្បី​កុំ​ឲ្យ​តូច​ចិត្ដ​ខ្លួនឯង​ថា​ខំ​ព្យួរ​ឈ្មោះ​ពី​ការ​សិក្សា​ហើយ​មក​ប្រឡូក​ក្នុង​សិល្បៈ​គ្មាន​ប្រយោជន៍។

រូបភាព៖ ហ្វេសប៊ុក នីកា

កញ្ញា ចាន់ នីកា ទើប​ប្រឡូក​ក្នុង​សិល្បៈ​បាន​ពីរ​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្ដែ​កញ្ញា​បាន​សម្ដែង​ជា​តួអង្គ​សំខាន់​ៗ​ក្នុង​រឿង​ភាគ និង​ភាពយន្ត​ខ្នាត​ធំ​ចំនួន​៨​រឿងហើយ។ ក្រៅ​ពី​នេះ​កញ្ញា​ធ្លាប់​ដើរ​ម៉ូត ផ្សព្វផ្សាយ​ផលិតផលក្រុមហ៊ុនជាច្រើន ព្រមទាំងបានថត MV ឲ្យ​ផលិតកម្ម​ក្នុងស្រុក​ខ្លះដែរ៕

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់
អត្ថបទពេញនិយម