• 2018-02-08 08:38:27
  • ភាពយន្ត

រំភើប​ស្រក់​ទឹក​ភ្នែក បើ​ដឹង​រឿង​រ៉ាវ​តួឯក​រឿង​ "Titanic” ទាំង​២​រូប​ជួយ​ជីវិត​ស្រ្ដី​ម្នាក់

  • 2018-02-08 08:38:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jack និង Rose បាន​ធ្វើ​ឲ្យ​យើង​ស្រក់​ទឹក​ភ្នែក​ច្រោកៗ​ នៅ​ក្នុង​រឿង "Titanic” ហើយ​នៅ​ពេល​នេះ​ពួក​គេ​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​យើង​រំជួល​ចិត្ត​ម្ដង​ទៀត​ហើយ ដោយ​សារ​តែ​ទឹក​ចិត្ត​ល្អ​របស់​អ្នក​ទាំង​ពីរ​ បាន​ជួយ​ជីវិត​ស្រ្តី​ម្នាក់​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​ ព្រម​ទាំង​មនុស្ស​ជា​ច្រើន​រូប​ទៀត​នៅ​ថ្ងៃ​អនាគត។

អ្នក​នាង Gemma Nuttall ជា​គ្រូពេទ្យ​ធ្មេញ​​ម្នាក់​មក​ពី​ប្រទេស​អង់គ្លេស​វ័យ​២៨​ឆ្នាំ កំពុង​តែ​មាន​ផ្ទះ​ពោះ​ នៅ​ពេល​ជំងឺ​មហារីក​ស្បូន​រើ​ឡើង​។ នាង​មិន​ចង់​សម្លាប់​កូន​នៅ​ក្នុង​ផ្ទៃ​ពោះ ដូច្នេះ​ហើយ​ទើប​​មិន​ព្រម​ទទួល​យក​នូវ​ការ​ព្យាបាល​ត្រឹម​ត្រូវ​។ បន្ទាប់​ពី​ប្រើ​ប្រាស់​ថ្នាំ​លេប​ អស់​រយៈ​ពេល​ជា​ច្រើន​ខែ​ នាង​ក៏​បាន​ជម្នះ​នូវ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​ ប៉ុន្តែ​ស្រាប់​តែ​មាន​អាការៈដុះ​សាច់​ខួរ​ក្បាល​ក្នុង​រយៈ​មិន​យូរ​ប៉ុន្មាន។

អ្នក​នាង Nuttall បាន​ប្រាប់​កម្មវិធី​ទូរទស្សន៍​អង់គ្លេស​ "This Morning” ថា​ពេល​នោះ​គឺ​ជា​ពេល​ ដែល​នាង​រក​ឃើញ​គ្លីនិក​មួយ​ឈ្មោះ "Wonder Clinic” នៅ​ប្រទេស​អាល្លឺម៉ង់ ដែល​អាច​ជួយ​នាង​បាន។ ក៏​ប៉ុន្តែ​ តម្លៃ​ព្យាបាល​គឺ​​​ដល់​ទៅ ៩ម៉ឺន​៨ពាន់​ដុល្លារ សម្រាប់​តែ​ការ​ព្យាបាល​ម្ដងៗ​ ដែល​តម្លៃ​នេះ​គឺ​វា​ថ្លៃ​ហួសហេតុ​ពេក​ ធ្វើ​ឲ្យ​នាង​មិន​មាន​ឱកាស​ព្យាបាល។ ដូច្នេះ​ហើយ​​នាង​ក៏​នៅ​តែ​មិន​បោះ​បង់​ត្រឹម​ហ្នឹង​ដែរ Nuttall បាន​បង្កើត​គម្រោង​រៃ​អង្គាស​មួយ​នៅ​ក្នុង​វិបសាយ​ GoFundMe ដើម្បី​រក​រក​លុយ​ព្យាបាល​ជំងឺ។

អ្នក​ស្រី Gemma Nuttall ពេល​ចូល​រួម​កម្មវិធី "This Morning"៖

ខណៈ​ពេល​នោះ​ដែរ តារា​សម្ដែង Kate Winslet កំពុង​តែ​ធ្វើ​ការ​ស្រាវ​ជ្រាវ​មួយ​នៅ​ មន្ទីរ​ពេទ្យ​ដដែល​ បន្ទាប់​ពី​ម្ដាយ​នាង​ស្លាប់​ដោយ​សារ​តែ​ជំងឺ​មហារីក​ស្បូន។ ជា​ការ​ចៃដន្យ នាង​ស្រាប់​តែ​ក្រឡេក​ឃើញ​ ទំព័រ GoFundMe របស់​អ្នក​ស្រី Natt ហើយ​មើល​ទៅ​វា​ដូច​ជា​មិន​ជោគ​ជ័យ​នោះ​ទេ។

Kate បាន​បញ្ជាក់​ប្រាប់​ទស្សនាវដ្ដី​ People ​ថា៖ "ខ្ញុំ​បាន​គិត​ពី​វា ហើយ​យល់​ថា​ ខ្ញុំ​មិន​អាច​ឲ្យ​រឿង​នេះ​កើត​ឡើង​បាន​ទេ។ ម្ដាយ​ខ្ញុំ​បាន​ឈឺ​ចាប់​យ៉ាង​ខ្លាំង ហើយ​ខ្ញុំ​បាន​គិត​ថា​ម្ដាយ​ខ្ញុំ​ពិត​ជា​សប្បាយ​រីករាយ​បំផុត ប្រសិន​ជា​ខ្ញុំ​អាច​ជួយ​មនុស្ស​អ្នក​ដទៃ​ដែល​រង​គ្រោះ​ ជា​ពិសេស​សម្រាប់​អ្នក​ជា​ម្ដាយ​គេ​ដទៃ​ទៀត។"

​ពេល​នោះ Kate បាន​ជួយ​ជ្រោមជ្រែង​នូវ​គម្រោង​រៃ​អង្គាស​លុយ​នោះ ឲ្យ​បាន​កាន់​តែ​ល្អ ប៉ុន្តែ​វា​នៅ​តែ​មិន​គ្រប់​គ្រាន់ រួច​នាង​ក៏​ពឹង​ពាក់​ឲ្យ​ដៃ​គូ​នាង Jack លោក Leonardo DiCaprio ចូល​រួម។

Kate បាន​និយាយ​ថា៖ "វា​ពិត​ជា​អស្ចារ្យ​មែន​ទែន។ យើង​អាច​ប្រមូល​បាន​ទឹក​ប្រាក់​ដល់​ទៅ​ជិត ២៨​ម៉ឺន​ដុល្លារ ហើយ​មក​ដល់​ចំណុច​នេះ ខ្ញុំ​គិត​ថា នេះ​ជា​ពេល​ល្អ​បំផុត​ដែល​មិត្ត​សំណប់​ខ្ញុំ Leo គួរ​តែ​ចូល​រួម។"

Kate បាន​ទាក់​ទង​ប្រាប់​ដំណឹង​ Leo ពី​បញ្ហា​នេះ​ហើយ ស្នើ​ឲ្យ​បង្កើត​កម្មវិធី​ញ៉ាំ​អាហារ​សប្បុរសធម៌​មួយ។ ពេល​នោះ​ស្រាប់​តែ​តួអង្គ Jack មាន​គំនិត​កាន់​តែ​ល្អ​ជាង​នេះ​គឺ ដេញ​ថ្លៃ​ដើម្បី​ចូលរួម​ ការ​ញ៉ាំ​អាហារ​ជាមួយ​តារា​ទាំង​ពីរ​រូប​ផ្ទាល់​តែ​ម្ដង នៅ​កម្មវិធី​សប្បុរសធម៌​ "Leonardo DiCaprio Foundation (LDF)” នៅ​ទីក្រុង St. Tropez។ ការ​ដេញ​ថ្លៃ​នោះ ទទួល​បាន​ថវិកា​ដល់​ទៅ​ ១,៣៥៦​លាន​ដុល្លារ ដែល​បែង​ចែក​ជាមួយ​ "LDF” និង គម្រោង​របស់​អ្នក​នាង​ Nuttall។

អ្នក​នាង​បាន​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ និង​ជា​សះ​ស្បើយ​ពី​មហារីក​ទាំង​ស្រុង។

Nuttall បាន​និយាយ​ក្នុង​កម្មវិធី​ទូរទស្សន៍​នោះ​ថា៖ "ខ្ញុំ​ចង់​និយាយ​ថា​អរគុណ​ ទៅ​កាន់​អ្នក​ទាំង​អស់​គ្នា​ ដែល​បាន​ជួយ​ខ្ញុំ​តាម​រយៈ​ការងារ​យ៉ាង​មមាញឹក​ រហូត​ដល់​ខ្ញុំ​មាន​លទ្ធភាព​ព្យាបាល​រហូត​ជា​សះ​ស្បើយ។"

មិន​ត្រឹម​តែ​ប៉ុណ្ណោះ Kate ក៏​បាន​ឆ្លើយ​តប​ប្រាប់​កម្មវិធី​ "This Morning” ដែរ​ថា​៖ "ពិត​ជា​មាន​រឿង​ល្អ​ជា​ច្រើន​កើត​ឡើង​ពី​គម្រោង​មួយ​នេះ។ ក្រឡេក​មើល​នាង​ចុះ នាង​ពិត​ជា​ស្រស់​ស្អាត​។ នាង​នៅ​រស់រាន​មាន​ជីវិត និង​គ្មាន​ជំងឺ​មហារីក​ទៀត​ទេ​។ វា​គឺ​ជា​រឿង​ដ៏​អស្ចារ្យ​ណាស់​។ ខ្ញុំ​ពិត​ជា​អារម្មណ៍​រំភើប​ជា​ខ្លាំង ដែល​អាច​ជួយ​នាង​បាន។"

មក​ដល់​នេះ​ គម្រោង​របស់​ Kate គឺ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ ដែល​វា​បាន​ជួយ​ស្ដ្រី​ដែល​មាន​បញ្ហា​ស្រដៀង​នេះ​បាន​យ៉ាង​ច្រើន​រូប៕

ប្រភព៖ goalcast ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់