• 2018-02-23 04:39:57
  • ភាពយន្ត

ភាព​នៅ​ទ្រឹង​ភាពយន្ត​បរទេស​ថត​នៅ​កម្ពុជា ធ្វើ​ឲ្យ​កម្ពុជា​ខាត​បង់​ច្រើន

  • 2018-02-23 04:39:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា បាន​ខកខាន​ក្នុង​ការ​ធ្វើ​ឲ្យ​កំណើន​ភាពយន្ត​បរទេស​ថត​នៅ​ប្រទេស​របស់​ខ្លួន​កើន​ឡើង គិត​ត្រឹម​រង្វង់​៣​ឆ្នាំ​ចុង​ក្រោយ ដោយ​ទទួល​បាន​ត្រឹម​ប្រហាក់​ប្រហែល ៥០​គម្រោង ជា​ចំនួន​ថេរ។ អ្នក​​តាម​ស្ថានការណ៍ មើល​ឃើញ​ថា កម្ពុជា​មាន​ការ​ខាត​បង់​ច្រើន​លើ​ចំណុច​នេះ។

ការ​សម្ដែង​ក្នុង​រឿង "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ" ង​របស់​ផលិតករ Agelina jolie ឆ្នាំ ២០១៧

ក្នុង​រយៈ​ពេល​ខាង​លើ កម្ពុជា​ទទួល​បាន​គម្រោង​ភាពយន្ត​បរទេស​មក​ថត​នៅ​កម្ពុជា​តែ​មួយ​រឿង​ប៉ុណ្ណោះ នោះ​គឺ​គម្រោង​របស់​ផលិតករ Agelina jolie ផលិត​រឿង "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ" កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៧។ ក្រៅ​ពី​នេះ​គម្រោង​របស់​ផលិតករ​បរទេស ពិសេស​អឺរ៉ុប និង​អឺរ៉ុប ច្រើន​ជា​ភាពយន្ត​ឯកសារ និង​កម្មវិធី​ប៉ុណ្ណោះ ដូច​ជា​កម្មវិធី us survivor ដ៏​ល្បី​អាមេរិក​ថត​នៅ​កោះរុង​កាល​ពី​ឆ្នាំ ២០១៦។

ខ្វះ​ការ​វិនិយោគ​របស់​ផលិតករ​ភាពយន្ត​បរទេស​នៅ​កម្ពុជា ពិសេស​ប្រភេទ Feature Film ត្រូវ​បាន​គេ​មើល​ឃើញ​ថា កម្ពុជា​ខាត​បង់​ច្រើន។ លោក យឹម សុសត្យា ប្រធាន​ចាត់ចែង​ផលិត​ភាពយន្ត​នៃ​ផលិតកម្ម Rock និង​ជា​ផលិតករ​មួយ​រូប​ដែរ បាន​លើក​ឡើង​ថា ការ​ខាត​បង់​នោះ មាន​ដូច​ជា ទី​១បាត់​បង់​ឱកាស​ការងារ​សម្រាប់​កម្មករ​កុន​ក្នុង​ស្រុក។

ទី​២​បាត់​ឱកាស​ក្នុង Promote ពី​ខ្លួន​ឯង​ទៅ​កាន់​អន្តរជាតិ និង​ទី​៣ ខក​ខាន​បង្ហាញ​ពី​ស្ថិរភាព​សង្គម​ទៅ​ពិភព​លោក​ជា​ដើម ដែល​ចំណុច​ចុង​ក្រោយ​នេះ គឺ​សំខាន់ ដែល​ធានា​ថា ផលិតករ​បរទេស​ហ៊ាន ឬ​មិន​ហ៊ាន​មក​ថត​កុន​នៅ​ស្រុក​យើង​ដែរ។

លោក ឆាយ បូរ៉ា ប្រធាន​សមាគម​ភាពយន្ត​អាណត្តិ​ទី​៣ ទើប​ជាប់​ឆ្នោត​ថ្មី ប្រាប់​ដែរ​ថា ការ​ខាត​បង់​មួយ​ទៀត គឺ​ឱកាស​រៀន​សូត្រ​របស់​កម្មករ ឬ​ផលិតករ​កុន​ក្នុង​ស្រុក​ពី​ការ​ធ្វើ​ការងារ​ជាមួយ​ផលិតករ​បរទេស។ លោក បន្ត​ថា កន្លង​មក បើ​ទោះ​ជា​មាន ដូច​ករណី​អ្នក​ស្រី Angelina jolie មក​ថត​រឿង "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ" ក៏​ឱកាស​ការងារ មិន​បាន​ធ្លាក់​មក​ដល់​ផលិតករ​ពួក​លោក​ដែរ តែ​ជា​ក្រុម​ផ្សេង។

ករណី​នេះ លោក​ថា ជា​ចំណុច​សំខាន់​មួយ ដែល​ធានា​ថា ឧស្សាហកម្ម​ភាពយន្ត​ក្នុង​ស្រុក អាច​មាន​លទ្ធភាព​​លូត​លឿន​ទៅ​មុខ​បាន ឬ​មិន​បាន។ ជុំវិញ​បញ្ហា​នេះ លោក ប៉ុក បូរក្ស បាន​ទទួល​ស្គាល់​ថា កម្ពុជា​ពិត​ខាត​បង់ ករណី​កង្វះ​ការ​វិនិយោគ​ប្រភេទ Feature Film របស់​កម្ពុជា​ដូច​ដែល​បាន​លើក​ឡើង​មែន។ និយាយ​ជា​រួម គឺ​បង់​ឱកាស​ផ្សព្វផ្សាយ​ចំណុច​វិជ្ជមាន​នានា ពី​ខ្លួន​ឯង​ទៅ​ពិភព​លោក។

យ៉ាង​នេះ​ក្ដី លោក​មាន​សុទិដ្ឋិនិយម​ថា អ្វី​ៗ​នឹង​បាន​ប្រសើរ​នា​ពេល​ខាង​មុខ សំអាង​ថា កម្ពុជា​មាន​សក្ដានុពល​ជា​ច្រើន ដូច​ជា​សក្ដានុពល​វប្បធម៌ ទីតាំង និង​ធម្មជាតិ​ជា​ដើម។ "ក្រៅ​ពី​នេះ យើង​មាន​ធនធាន​ក្មេងៗ​មាន​សក្ដានុពល ទើប​ដុះ​មក​ច្រើន ពួកគេ​មាន​ភាសា​អង់គ្លេស​ល្អ​អាច​ទំនាក់ទំនង​ជាមួយ​ផលិតករ​បរទេស​បាន។ នេះ​ជា​ចំណុច​ល្អ ព្រោះ​ថា វា​នៅ​ជា​ចំណុច​អវិជ្ជមាន​របស់​ប្រទេស​ជិត​ខាង​យើង​មួយ​ចំនួន​នៅ​ឡើយ។ ចំណុច​ល្អ​មួយ​ទៀត គឺ​ថ្លៃ​ពលកម្ម​យើង​ថោក ទាំង​នេះ​អ្វី​ដែល​ផលិតករ​បរទេស​ចូល​ចិត្ត​យើង"។

ឈុត​ក្នុង​រឿង​ហូលីវូដ "No Escape" ថត​នៅ​ថៃ តែ​ដាក់​អក្សរ​ខ្មែរបញ្ច្រាស​ជើង​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​កាល​ពី​ឆ្នាំ ២០១៥

ក្រៅ​ពី​សក្ដានុពល​ដែល​មាន​ស្រាប់ លោក បូរក្ស បាន​លើក​ឡើង​ទៀត​ថា កម្ពុជា​ក៏​បាន​ដាក់​ចេញ​រួច​ហើយ នូវ​គោលនយោបាយ​ច្បាស់​លាស់ ធ្វើ​យ៉ាង​ណា​ប្រែ​ក្លាយ​កម្ពុជា​ជា​ទីតាំង​សម្រាប់​ថត​ភាពយន្ត សម្រាប់​ផលិតករ​ក្នុង​ស្រុក និង​ផលិតករ​បរទេស ដែល​មាន​ចែង​ក្នុង "គោល​នយោបាយ​ជាតិ​ស្ដី​ពី​វប្បធម៌" របស់​រាជរដ្ឋាភិបាល​កម្ពុជា។

កិច្ចការ​នានា ដែល​អនុលោម​តាម​គោល​នយោបាយ​នេះ ប្រធាន​នាយកដ្ឋាន​ដដែល បញ្ជាក់​ថា ក្រសួង​បាន​ធ្វើ​កិច្ច​សហការ​ជាមួយ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល និង​ទទួល​ថត​ភាពយន្ត​ពី​បរទេស​ទៀត ធ្វើ​កិច្ចការ​នានា ផ្សព្វផ្សាយ​ពី​សក្ដានុពល​កម្ពុជា​ទៅ​អន្តរជាតិ រួម​ទាំង​បណ្ដុះបណ្ដាល​ធនធាន​ក្នុង​ស្រុក ដើម្បី​អាច​ធ្វើ​ការ​ជាមួយ​ផលិតករ​បរទេស​បាន​ទៀត។

ក្រៅ​ពី​នេះ ការ​បន្ធូរបន្ថយ​ពន្ធ​នាំ​ចូល​សម្ភារៈ​បម្រើ​ឲ្យ​ការ​ថត​ខ្សែ​ភាពយន្ត និង​ជំរុញ​ពន្លឿន​ដំណើរ​ការ​ឯកសារ​នានា​ជូន​ផលិតករ​ក្រៅ​ស្រុក​ជា​ដើម សុទ្ធ​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ទាក់​ទាញ​ក្រុម​ផលិត​ពី​បរទេស។

កម្ពុជា​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ ២០០៩ ជាមួយ​តួលេខ​ស្ទើរ​គ្មាន សម្រាប់​ផលិតករ ឬ​ក្រុមហ៊ុន​មក​ថត​នៅ​ក្នុង​ស្រុក។ ប៉ុន្តែ​តួលេខ ចាប់​ផ្ដើម​ប្រែ​ប្រួល គឺ​លោត​ឡើង​ខ្លាំង​គិត​ត្រឹម​ឆ្នាំ ២០១៤ ដោយ​ទទួល​បាន​គម្រោង​សុំ​ថត​នៅ​កម្ពុជា​ប្រមាណ ៣០​គម្រោង និង​ឡើង​ដល់​ប្រមាណ ៥០​គម្រោង នៅ​ឆ្នាំ ២០១៥-២០១៦។

រូបភាព​ក្នុង​កម្មវិធី "US Survivor" អាមេរិក​មក​ថត​នៅ​កោះរុង​របស់​កម្ពុជា​កាល​ពី​ឆ្នាំ ២០១៦

មក​ដល់​ឆ្នាំ ២០១៧ កម្ពុជា ក៏​មិន​បាន​ទទួល​ចំនួន​កើន​ឡើង​ពី​តួលេខ​ខាង​លើ លើ​គម្រោង​ថត​ភាពយន្ត​បរទេស​នៅ​ក្នុង​ស្រុក​ដែរ។ ទន្ទឹម​នឹង​មិន​មាន​កំណើន ផលិតករ​បរទេស​ខ្លះ ចូល​ហើយ ដក​លែង​ថត​នៅ​កម្ពុជា​ទៀត​ក៏​មាន។ បញ្ហា​នេះ សាធារណមតិ បាន​បន្ទោស​ទៅ​លើ​ប្រព័ន្ធ​ការងារ​សម្រប​សម្រួល​ខ្លះ​របស់​ស្ថាប័ន​ពាក់​ព័ន្ធ​នៅ​មាន​ភាព​អសកម្ម ឬ​ក៏​អវិជ្ជមាន​ច្រើន។

ជាក់​ស្ដែង​ការ​ដក​ខ្លួន​ចុង​ក្រោយ​បំផុត​នៃ​រឿង "បេសកកម្ម​ទន្លេ​មេគង្គ" របស់​ផលិតករ​ចិន​កាល​ពី​ឆ្នាំ ២០១៥ បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ជា​ច្រើន​លើ​បញ្ហា​អវិជ្ជមាន​ផ្សេង​ៗ​លើ​ការងារ​សម្របសម្រួល​នេះ។

និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ តារា​ប្រុស​ម្នាក់​ដែល​ធ្លាប់​ត្រូវ​បាន​ជ្រើស​រើស​ចូល​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត "បេសកកម្ម​ទន្លេ​មេ​គង្គ" មុន​ពេល​ក្រុម​ផលិត​នេះ ដក​ខ្លួន​ទៅ​វិញ បាន​ខ្សឹប​ប្រាប់​ថា អាច​មាន​ពាក់​ព័ន្ធ​នឹង​រឿង​លុយ​ក្រោម​តុ។ "គេ​ចូល​មក ខ្ញុំ​ជឿ​ថា មិន​មែន​នៅ​សុខ​ៗ នឹក​ឃើញ​មក​ទេ គឺ​ប្រាកដ​ជា​ចាប់​អារម្មណ៍​អ្វី​ពី​យើង ចង់​និយាយ​ថា គេ​ចង់​ថត​នៅ​យើង​ហើយ ព្រោះ​បាន​រើស​តួ​ខ្លះ​ហើយ​តើ​បង ដល់​ស្រាប់​តែ​ដក​ទៅ​វិញ​ភ្លាម​ៗ​ចឹង នេះ​តាម​ខ្ញុំ​គិត​ទេ គឺ​គ្មាន​អី​ក្រៅ​រឿង​លុយ​ហ្នឹង​ទេ”។

ស្រដៀង​នេះ​ដែរ លោក យឹម សុសត្យា ថ្លែង​ថា "ហ្នឹង​ហើយ...លឺ​តែ​គេ​ថា​អីចឹង​ដែរ វា​អាច​ពាក់​ព័ន្ធ​នឹង​ការ​ស៊ី​កុំមីស្យុង​អីចឹង​ណា លុយ​ក្រោម​តុ​អី​ហ្នឹង​ខ្លះ​ទៅ អានេះ គ្រាន់​តែ​លឺ​ល្ហៀងៗ​ទេ តែ​ជាក់​ស្ដែង មិន​ដឹង​ជា​យ៉ាង​ម៉េច​ដែរ!”។

ការ​សម្ដែង​ក្នុង​រឿង "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ" ង​របស់​ផលិតករ Agelina jolie ឆ្នាំ ២០១៧

មិន​អធិប្បាយ អំពី​ករណី​អសកម្ម​នានា​នោះ លោក ប៉ុក បូរក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត បាន​ទទួល​ស្គាល់​ថា កម្ពុជា​ពិត​ជា​នៅ​ទ្រឹង​សម្រាប់​ការ​សុំ​ថត​ភាពយន្ត​បរទេស​នៅ​កម្ពុជា​មែន ប៉ុន្តែ​ថា និន្នាការ​នេះ បាន​កើត​មាន​នៅ​ប្រទេស​នានា​ដូច​គ្នា។ លោក​អះអាង​ថា បញ្ហា​នេះ មួយ​ផ្នែក កើត​ឡើង​មក​ពី​ការ​ដណ្ដើម​ទីផ្សារ​រៀង​ៗ​នៃ​ប្រទេស​ក្នុង​តំបន់​ប៉ុណ្ណោះ។

“មិន​ដឹង​ថា​មក​បញ្ហា​រក​ប្រាក់​របស់​ពួក​គេ ឬ​យ៉ាង​ម៉េច ប៉ុន្តែ​វា​អាច​ថា​អីចេះ គឺ​អាច​មក​ពី​ប្រទេស​នានា គេ​មាន​គោលនយោបាយ​ទាក់ទាញ​ផលិតករ​បរទេស​រៀង​ខ្លួន ដូច​ថៃ​អី​គេ​មាន​គោល​នយោបាយ​លើក​ទឹក​ចិត្ត ដោយ​ឲ្យ​ប្រាក់ ២០​%​ត្រឡប់​វិញ ដែល​យន្តការ​នេះ គឺ​ទាក់ទាញ​ផលិតករ​មែន​ទែន ខ្មែរ​យើង​អត់​ទាន់​មាន​ទេ។ ប៉ុន្តែ​តាម​ខ្ញុំ​បាន​ជួប​ផលិតករ​បរទេស​ខ្លះ គេ​ថា គ្រាន់​ជា​ការ​ប្រូ​ម៉ូត​លើ​ក្រដាស​ទេ ប៉ុន្តែ​ជាក់​ស្ដែង ក៏​ការ​បំពេញ​ឯកសារ​ដើម្បី​ទទួល​បាន​ប្រាក់​នោះ​វិញ​ក្រោយ​ពេល​ចាយ គឺ​មាន​ភាព​រញ៉េរញ៉ៃ​ស្មុគស្មាញ​មែន​ទែន ដែល​ធ្វើ​ឲ្យ​ផលិតករ​មិន​ទាន់​សប្បាយ​ចិត្ត​ដូច​គ្នា"។

បន្ទាប់​ពី​ភាពយន្ត​ហុងកុង​ខាង​លើ​ចូល​ហើយ​ដក​ថយ​វិញ តាម​របាយការណ៍​ពី​នាយកដ្ឋាន​ភាពយន្ត ​ឆ្នាំ ២០១៧​នេះ កម្ពុជា​ទទួល​កំណើន​វិនិយោគ​របស់​ផលិត​ករ​ចិន​ទៅ​វិញ យ៉ាង​កម្រ ចំនួន​៣​គម្រោង​ធំ​ៗ ក្នុង​នោះ ២​បាន​ថត​ចប់​នៅ​កម្ពុជា។ លោក បូរក្ស លើក​ឡើង​ថា នេះ​ជា​ផល​ចំណេញ​មួយ​របស់​កម្ពុជា ខណៈ​ចិន ជា​ទីផ្សារ​ធំ​មួយ ជាមួយ​ចំនួន​ប្រជាជន​ច្រើន​ជាង​គេ​លើ​ពិភព​លោក៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី