• 2018-06-07 06:44:30
  • ភាពយន្ត

មាន​រោងកុន IMAX ហើយ តើ​ភាពយន្ត​ខ្មែរ​អាច​មាន​វាសនា​ទេ​?

  • 2018-06-07 06:44:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រោងភាពយន្ត IMAX មាន​ប្រវត្តិសាស្ត្រ​តាំង​ពី​ឆ្នាំ ១៩៧១ មកតែ​ចំនួន​រោង​ភាពយន្ត​នេះ​មក​ដល់​បច្ចុប្បន្ន​ មាន​ច្រើន​ជាង ២០០០ កន្លែង​ប៉ុណ្ណោះ​ក្នុង ៧៦ប្រទេស​ទូទាំង​ពិភព​លោក​ នេះ​ក៏​ព្រោះ​ប្រណិត​ភាព​នៃ​ភាពយន្ត​ស្រប​តាម​ស្តង់ដារ IMAX នៅ​មាន​ចំនួន​កំណត់​ នេះ​បើ​តាម​ការ​រៀបរាប់​របស់​លោក សៅ សុខនី នាយក​គ្រប់គ្រង​រោងភាពយន្ត Major Cineplex by Smart។

លោក សៅ សុខនី នាយក​គ្រប់គ្រង​រោងភាពយន្ត Major Cineplex by Smart

បើ​តាម​ការ​បញ្ជាក់​របស់​លោក សុខនី បន្ត​ថា រោងភាពយន្ត Cambodia IMAX ស្វាគមន៍​រាល់​ភាពយន្ត​ស្តង់ដារ IMAX ទាំងអស់ មិន​ថា​ភាពយន្ត​បរទេស ឬ​ក៏​ខ្មែរ ហើយ​ក៏​កាន់​តែ​លើក​ទឹក​ចិត្ត​លើ​ការ​ផលិត​ភាពយន្ត​ខ្មែរ​គុណភាព​ស្តង់ដារ​បែប IMAX ផងដែរ ក៏ប៉ុន្តែងការផលិតភាពយន្តប្រភេទនេះ​មិនអាចគ្រាន់តែនិយាយថ្ងៃនេះ ហើយធ្វើបានភ្លាមនោះទេ។ រីឯសាច់រឿងរបស់ភាពយន្ត ក៏ត្រូវជាភាពយន្តលំដាប់ពិភពលោក​ដែរ ទើបអាចធ្វើឱ្យការ​ផលិត​មានអ្នកគាំទ្រច្រើន។

ខាងក្នុងរោងភាពយន្ត Cambodia IMAX

រឿងពិតមួយទៀត ការ​ផលិត​ភាពយន្ត ស្តង់ដារ IMAX ត្រូវ​ប្រើ​កាំម៉េរា IMAX ដែល​មាន​តម្លៃ​ខ្ពស់​នឹក​ស្មាន​មិន​ដល់ ហើយ​កាំម៉េរា​ប្រភេទ​នេះ ​ក៏​មិន​ចេះ​តែ​មាន​លុយ​ទិញ​មក​ប្រើ​លេង​បាន​ដែរ​ ដោយសារ​តែ​វា​មាន​អញ្ញាតប័ណ្ណ​អន្តរជាតិ​ចេញ​ដោយ​ក្រុមហ៊ុន​ IMAX ផ្ទាល់​តែ​ម្ដង​។ ឬ​ម្យ៉ាង​ទៀត​ ភាពយន្ត​ដែល​ថត​ក្នុង​កម្រិត​កាំម៉េរា​អាជីព ឬ​ហៅថា Professional ដែល​មាន​តម្លៃ​រ៉ាប់​ ម៉ឺន​ដុល្លារ​ឡើង​ទៅ ប្រហែល​ជា​អាច​យក​រូបភាព​វីដេអូ​ភាពយន្ត​ទៅ​កាត់​ត ជា​សាច់រឿង​ហើយ​ បម្លែង​ជា​ទម្រង់ IMAX បាន នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក សៅ សុខនី។

អ្នកទស្សនាភាពយន្ត ក្នុងរោងភាពយន្ត Cambodia IMAX

បើ​តាម​ការ​សង្កេត​មើល​ របស់​លោក សៅ សុខនី ផ្ទាល់​រយៈ​ពេល​ជាង ៧ ឆ្នាំ​ក្នុង​វិស័យ​ភាពយន្ត​នេះ​ ផលិតករ​ខ្មែរ​ មិន​ទាន់​មាន​លទ្ធភាព​បង្កើត​ភាពយន្ត​ខ្នាត IMAX នៅ​ឡើយ​ទេ ​ហើយ​កុំ​ថា​ឡើយ​កម្ពុជា សូម្បី​តែ​ប្រទេស​ថៃ ឬ​ប្រជាជាតិ​អាស៊ី​ជិតខាង លើកលែង ប្រទេស​កូរ៉េ ឬ​ជប៉ុន​ ក៏​មិន​ទាន់​ហ៊ាន​ចាយ​ទុន​ផលិត​រឿង​បែប IMAX ដែរ។ យោង​តាម​ហេតុផល​នេះ ទើប​រោង​ភាពយន្ត IMAX មាន​លក្ខណៈ​ពិសេស​លើស​គេ ព្រោះ​វា​ត្រូវ​ការ​ភាពយន្ត​ពិសេស ដែល​មាន​អ្នក​ចង់​ទស្សនា​ទូទាំង​ពិភព​លោក ទើប​ការ​ផលិត​ភាពយន្ត អាច​ទទួល​បាន​ផល​ចំណេញ​មក​វិញ​បាន៕

អត្ថបទ៖ Sunny

មតិយោបល់