• 2018-06-26 03:16:04
  • ព័ត៌មាន

ស្ងាត់​ៗ លេច​ដំណឹង ចាន់ ស្រីរ័ត្ន ក្លាយ​ជា​មន្ត្រី​រាជការ​របស់​ក្រសួង​មួយ​បាត់​ហើយ?

  • 2018-06-26 03:16:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង ចាន់ ស្រីរ័ត្ន ដែល​ធ្វើ​ឲ្យ​ប្រិយមិត្ត​ចាប់​អារម្មណ៍​ក្នុង​ស៊េរី​រឿង "ឡូយ៩" និង​រឿង​ជា​ច្រើន​ទៀត​នោះ ពេល​នេះ​មាន​ដំណឹង​ថា នាង​បាន​ក្លាយ​ជា​មន្ត្រីរាជការ​ពេញ​សិទ្ធិ​នៅ​ក្រសួង​មួយ​បាត់​ទៅ​ហើយ។

តាម​ប្រភព​ពី​ក្នុង​ក្រសួង​ព័ត៌មាន បាន​បញ្ចេញ​ឲ្យ​ដឹង​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​ឧស្សាហ៍​ឃើញ តារា​ស្រី​ខាង​លើ​ចេញ​ចូល​បង្ហាញ​ខ្លួន​នៅ​ស្ថានីយវិទ្យុ​ជាតិ ចំណុះ​ឲ្យ​ក្រសួង​ព័ត៌មាន។ តាម​ការ​សន្និដ្ឋាន ប្រភព​ថា តារា​ស្រី​រូប​នេះ អាច​ថា​ជា​អ្នក​ធ្វើ​ការ​នៅ​ទី​នោះ​តែ​ម្ដង ព្រោះ​ការ​ចេញ​ចូល​របស់ ស្រីរ័ត្ន មាន​សភាព​ញឹកញាប់ ជាង​ភ្ញៀវ​ដែល​ត្រឹម​មាន​ការ ម្ដងម្កាល​នោះ​ឡើយ។

"ឯង​បាន​ឃើញ​នាង ចេញ​ចូល​វិទ្យុ​ជាតិ​​នេះ​យូរ​ដែរ​ហើយ អាច​ថា ចូល​ឆ្នាំ​ហើយ ហើយ​ថា​មិន​ត្រូវ​តាម​ឯង​គិត នាង​អាច ជា​អ្នក​ធ្វើ​ការ​នៅ​ទី​នោះ​តែ​ម្ដង ព្រោះ​មិន​អីចឹង មិន​មែន​នាង​ចេញ​ចូល​ញឹកញាប់​បែប​នេះ​ទេ!”។

ការ​បង្ហើប​ពី​ប្រភព​លាក់​មុខ​ខាង​លើ គឺ​ស៊ី​គ្នា​នឹង​ស្ថានភាព​ការងារ​សិល្បៈ​របស់​នាង​សព្វ​ថ្ងៃ ដែល​គេ​មើល​ឃើញ​នាង ដូច​ជា​រយាល។ ជុំវិញ​ការ​ទម្លាយ​ចេញ​ខាង​លើ​នេះ នៅ​ក្នុង​ការ​សន្ទនា​ខ្លី​មួយ​ជាមួយ Sabay ស្រីរ័ត្ន បាន​ទទួល​ថា នាង​ពិត​ជា​បាន​ចេញ​ចូល​ស្ថានីយ​វិទ្យុ​ជាតិ​មែន ដោយ​សារ​តែ​មាន​នាទីជា​ពិធីការិនី​វិទ្យុ​នៅ​ទី​នោះ បន្ថែម​ពី​ការងារ​សិល្បៈ​របស់​នាង។

តួ​ស្រី​ក្នុង​រឿង "វិបល្លាស" បញ្ជាក់​ថា មូលហេតុ ដោយ​សារ​នាង​គឺ​ជា​មន្ត្រី​រាជការ​ពេញ​សិទ្ធិ​របស់​វិទ្យុ​ជាតិ​ចំណុះ​ឲ្យ​ក្រសួង​ព័ត៌មាន ដែល​បាន​ប្រឡង​ជាប់​ក្នុង​ការ​ប្រឡង​ប្រជែង​សមត្ថភាព​ធ្វើ​ឡើង​ដោយ​សាមី​ស្ថានីយ ក៏​ដូច​ជា​សាមី​ក្រសួង។ "ប្រឡង​បង គឺ​ខ្ញុំ​ប្រឡង​ជាប់ ហើយ​ខ្ញុំ​បាន​​ធ្វើ​ការងារ ប្រមាណ​ជា ២​ឆ្នាំ​មក​ហើយ"។ ស្រី​រ័ត្ន ថ្លែង។

យ៉ាង​ណា​ក៏​ដោយ តារា​ស្រី​និយម​ស្រគត់ស្រគំ​រូប​នេះ បដិសេធ​ចំពោះ​ការ​លើក​ឡើង​ពី​ស្ថានភាព​កាងារ​សិល្បៈ​របស់​នាង ដែល​ហាក់​មាន​សភាព​ធាក់​ថយ។ ស្រីរ័ត្ន អះអាង​ថា មក​ទល់​សព្វថ្ងៃ នាង​នៅ​តែ​រវល់​នឹង​ការងារ​សិល្បៈ មាន​ទាំង​ការ​សម្ដែង និង​ការ​ធ្វើ​ជា​ពិធីការិនី​តាម​ការ​ប្រគំ​តន្ត្រី​នានា។

កញ្ញា ចាន់ ស្រីរ័ត្ន គឺ​ជា​តារា​ស្រី​ល្បី​ឈ្មោះ​មួយ​រូប ក្នុង​នោះ​ចំណុច​លេច​ធ្លោ​ចុងក្រោយ​របស់​នាង តាម​រយៈ​រឿង​របស់​កម្មវិធី "ឡូយ៩" និង​រឿង "វិបល្លាស"។ ស្រីរ័ត្ន ប្រាប់​ថា បច្ចុប្បន្ន​មាន​ផលិតកម្ម​មួយ​ចំនួន​ទៀត កំពុង​ទាក់​ទង​គ្នា ប៉ុន្តែ​អ្វី​ៗ​មិន​ទាន់​បាន​ឯកភាព​គ្នា​នៅ​ឡើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់