- 2018-06-29 00:10:00
- ភាពយន្ត
មកស្គាល់កូនខ្មែរជាអ្នកដឹកនាំរឿង និងផលិតករភាពយន្តគំនូរជីវចល ឈ្នះពានអន្តរជាតិនៅបារាំង
- 2018-06-29 00:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់កូនខ្មែរជាអ្នកដឹកនាំរឿង និងផលិតករភាពយន្តគំនូរជីវចល ឈ្នះពានអន្តរជាតិនៅបារាំង
ចន្លោះមិនឃើញ
Denis Do ជាឈ្មោះផលិតករភាពយន្តគំនូសជីវចលរឿង «Funan» ដែលទើបនឹងជាប់ពាន់រង្វាន់អន្តរជាតិ Annecy International Animation Film Festival លើកទី ៤២ ក្នុងប្រទេសបារាំង។
ភាពយន្តនេះចំណាយទុនប្រហែល ៥ លានដុល្លាអាមេរិក និងរយៈពេលជាច្រើនឆ្នាំក្នុងការសរសេរជាសាច់រឿង សម្រាប់ថតជាភាពយន្តគំនូសជីវចល និងចាប់ផ្តើមដំណើរការផលិតតាំងពីឆ្នាំ ២០១៦ នេះបើតាមការរៀបរាប់របស់ ផលិតករ លោក Denis Do សរសេរក្នុងសារមកកាន់ Sabay ពីប្រទេសបារាំង។ ក្នុងការផលិតភាពយន្តនេះ លោក Denis Do ក៏បានបញ្ចូលស្នាដៃគំនូរពីវិចិត្រករខ្មែរជាច្រើនផងដែរ ដោយពឹកផ្អែកលើចំនេៈជំនាញភាពយន្តគំនូសជីវចល។
ជាក់ស្តែងលោក Denis Do ជាសិស្សវិចិត្រសិល្បករ បញ្ចប់ការសិក្សាពី Gobelins, l’ecole de l’Image ឆ្នាំ ២០០៩ ហើយគាត់ចាប់ផ្តើមធ្វើការផលិតភាពយន្តដំបូងរបស់គាត់ ដោយយកសាច់រឿងពិតរបស់ម្តាយរបស់ខ្លួនឯងមកបង្ហាញក្នុងរឿងទាំងស្រុង។ ផលិតកររូបនេះត្រូវធ្វើការ ស្រាវជ្រាវលើប្រវត្តសាស្រ្ត និងការធ្វើបទសម្ភាសន៍ជាមួយម្តាយរបស់លោក ជួបជាមួយសាក្សីប្រវត្តិសាស្រ្ត និងដកស្រង់ឯកសានានារយៈពេល ៩ឆ្នាំជុំវិញរឿងរ៉ាវជាប់ពាក់ព័ន្ធនឹង សម័យខ្មែរក្រហម។ ក្រោយបញ្ចប់ការសិក្សា ក្នុងឆ្នាំ ២០០៩ Denis Do ក៏ចាប់ផ្តើមរៀបចំសាច់រឿង និងផ្តោតលើការផលិតរឿង មួយនេះរហូតមកដោយមិនគិតអ្វីផ្សេងនោះទេទាំងអស់។
រហូតដល់ឆ្នាំ ២០១៦ Denis Do រួមទាំងអ្នកសរសេរ scriptរួមជាមួយលោក និងរូបភាព Graphic ក៏ផ្តើមធ្វើការផលិតរឿង «Funan» ជាមួយផលិតកម្មរបស់បារាំង រួមជាមួយ Ithinkasia និងមានសិល្បករ Animation ជនជាតិខ្មែរច្រើនរូបធ្វើការជាមួយរូបលោក។ តាមការបញ្ជាក់របស់លោក Denis Do ភាពយន្ត “Funan” ទើបតែបញ្ចប់ការកាត់តមិនទាន់បាន ១ ខែផង ក៏ទទួលបានជយលាភី ពានរង្វាន់កំពូលរបស់មហោស្រពអន្តរជាតិមួយនេះ។
រម្លឹកពីឪពុកម្តាយរបស់ Denis Do ពួកគាត់បានមកដល់ប្រទេសបារាំងក្នុងឆ្នាំ ១៩៨០ ហើយក្នុងឆ្នាំ ១៩៨៥ ក៏មានរូបលោកម្នាក់ទៀតក្នុងគ្រួសារ។ ដោយរស់នៅ និងកើតលើទឹកដីប្រទេសបារាំង តែម្តងនោះ លោក មានបញ្ហាបញ្ចេញសម្លេងជាភាសាខ្មែរ ហើយក៏មិនអាចអានអក្សរខ្មែរបានទេ។ តែរូបលោកធំឡើងដោយទទួលបានការអប់រំ និងព័ត៌មានចេញពីឪពុកម្តាយរបស់លោកទាក់ទងនឹងគ្រួសាររបស់លោកមុនមកដល់បារាំង ពិសេសសម័យខ្មែរក្រហម។
ភាពយន្ត «Funan» ដែលរូបលោកព្យាយាមផលិតនេះ ជារឿងពិតដែលបង្ហាញពីដំណើរជីវិតរបស់ម្តាយឪពុករបស់លោក និងបងប្រុសធំរបស់លោក ដែលឆ្លងកាត់សម័យខ្មែរក្រហម និងការជំលាស់ប្រជាជនចេញពីភ្នំពេញ ដោយដំណើររឿងបង្ហាញពីការព្រាត់គ្នារបស់ម្តាយរបស់លោក និងបងប្រុសធំម្នាក់នោះ។ អ្នកដឹកនាំរឿងរូបនេះបានប្រាប់ដឹងដែលថា៖ «ខ្ញុំទទួលបានការជំរុញលើកទឹកចិត្តដោយសាររឿងរ៉ាវដែលឪពុកម្តាយខ្ញុំរៀបរាប់ ហើយសាច់រឿងទាំងស្រុងបង្ហាញពីទឹកដីកំណើតរបស់ឪពុកម្តាយរបស់ខ្ញុំ ពិសេសជីវិតរបស់ពួកគាត់ក្នុងសម័យកាលដ៏លំបាកមួយនោះទាំងស្រុង ដោយមិនមានលើកឡើងពីខ្ញូំក្នុងភាពយន្តនេះឡើយ»។
ទាក់ទងនឹងការផលិតភាពយន្តជាគំនូរជីវចលនេះរូបលោក យល់ថាការផលិតភាពយន្តជាវិធីសាស្រ្តនិទានរឿង ដោយធ្វើការជ្រើសរើសវិធីសាស្រ្ត និងរបៀបខុសៗគ្នា។ វិចិត្រករ ជីវចលរូបនេះយល់ថានេះជាការចែករំលែកបទពិសោធន៍ជីវិតដែលពោរពេញដោយមនោសញ្ចេតនា តថភាព តាមរយៈសិល្បៈ ដោយផ្តើមចេញពីការគូរវាស់ ហើយធ្វើឱ្យរូបភាពមានជីវិត មានអារម្មណ៍ជាទីគាប់ប្រសើររបស់ទស្សនិកជន៕