• 2018-07-26 00:26:00
  • ភាពយន្ត

ប្រធានសមាគមភាពយន្ត បង្ហាញចំណុចរសើបធ្វើឱ្យកុនខ្មែរអាច​ធា្លក់ចុះជាថ្មី​

  • 2018-07-26 00:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា លោក ឆាយ បូរ៉ា លើក​ឡើង​ថា កង្វះ​បទ​ពិសោធន៍​ផលិត​របស់​ផលិតករ​ខ្មែរ​មួយ​ចំនួននា​ពេល​បច្ចុប្បន្ន កំពុង​តែ​ទាញ​ទម្លាក់​វិស័យ​ភាពយន្ត​ខ្មែរ​ឱ្យ​ធ្លាក់​ចុះ​ជា​ថ្មី​ម្ដង​ទៀត។ លោក ឆាយ បូរ៉ា អះ​អាង​ដូច្នេះ ដោយ​មើល​ឃើញ​កុន​ខ្មែរ​ជា​ច្រើន​នា​ពេល​ថ្មីៗ បាន​ដាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​នានា ហាក់​មិន​សូវ​ទទួល​ការ​គាំទ្រ​ពី​ទស្សនិក​ជន ព្រោះ​តែ​គុណភាព ភាពយន្ត​របស់​ផលិតករ​ខ្លះ​នៅ​មាន​កម្រិត​ទាប ខណៈ​កុន​បរទេស​កំពុង​វាយ​លុក​ខ្លាំង។

ផលិតករ និង​ជា​ចាង​ហ្វាង​ផលិតកម្ម ដើម​ត្នោត រូប​នេះ និយាយ​ថា ក្នុង​ចំណោម​ភាពយន្ត ១០ ដែល​បាន​ដាក់​បញ្ចាំង​តាម​បណ្ដា​រោង​ភាពយន្ត គឺ​មាន​តែ ២​ទៅ​៣​រឿង​ប៉ុណ្ណោះ អាច​រក​ចំណូល​បាន ហើយ​ចំណូល​នោះ​ទៀត​សោធ គឺ​ភាគ​ច្រើន​បាន​ត្រឹម​ទប់​ទល់​នឹង​ការ​ចំណាយ​ប៉ុណ្ណោះ ខណៈ​៧ ទៅ​៨រឿង​​ផ្សេង​ទៀត គឺ​តែង​តែ​ខាត។

ចំណុច​នេះ​លោក ឆាយ បូរ៉ា មើល​ឃើញ​ថា ជា​ហេតុផល​ដ៏​រសើប​មួយ កំពុង​តែ​ទាញ​វិស័យ​ភាពយន្ត​ខ្មែរ​ឱ្យ​ធ្លាក់​ចុះ​ជា​ថ្មី។ លោក​ថា​ការ​ធ្លាក់​ចុះ ព្រោះ​តែ​ផលិតករ​មួយ​ចំនួន គ្មាន​បទ​ពិសោធន៍​ផលិត មិន​យល់​ពី​ទី​ផ្សារ​ភាពយន្ត ពោល​គឺ​ចេះ​តែ​ផលិត​ឱ្យ​តែ​បាន មិន​ព្រម​ស្ដាប់​យោបល់​អ្នក​ដទៃ ដោយ​ពួក​គេ​អះអាង​ភាពយន្ត​របស់​ខ្លួន​ល្អ អាច​រក​ចំណូល​បាន។ ប៉ុន្តែ​ទី​បំផុត​ភាពយន្ត​ខ្លះ ស្ទើរ​តែ​គ្មាន​អ្នក​ទស្សនា។

ប្រធាន​សមាគម​ភាពយន្ត​រូប​នេះ ស្នើ​ឱ្យ​ផលិតករ​ម្នាក់ៗ យក​ចិត្ត​ទុក​ដាក់​ខ្ពស់​​ថែម​ទៀត​លើ​គុណភាព​រឿង មុន​នឹង​ចេញ​ផលិត។ ជា​ពិសេស Script រឿង​តែ​ម្ដង ដែល​ជា​ចំណុច​ចម្បង​បំផុត អាច​ធ្វើ​ឱ្យ​ភាពយន្ត​របស់​​ពួក​គេ អាច​រក​ចំណូល​បាន។

កត្តា​ដ៏​រសើប​មួយ​ទៀត​ដែល​លោក ឆាយ បូរ៉ា មើល​ឃើញ គឺ​ការ​ហូរ​ចូល​នៃ​ភាពយន្ត​បរទេស ខណៈ​ក្រសួង​ពាក់​ព័ន្ធ​ហាក់​មិន​សូវ​ចាប់​អារម្មណ៍។ ភាពយន្ត​ហូលីវូដ និង​ភាពយន្ត​ប្រទេស​ជិត​ខាង​មួយ​ចំនួន ដែល​ពូក​គេ​ផលិត​ដោយ​ចាយ​ដើម​ទុន​​ខ្ពស់ និង​មាន​គុណ​ភាព បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​កុន​ខ្មែរ ងាក​ទៅ​គាំទ្រ​ភាពយន្ត​ទាំង​នោះ ហើយ​លែង​ចង់​គាំទ្រ​ភាពយន្ត​ជាតិ។ ចំណុច​នេះ​លោក​ក៏​ស្នើ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ យក​ចិត្ត​ទុក​ដាក់​ផង​ដែរ ប្រសិន​បើ​មិន​ចង់​ឱ្យ​ភាពយន្ត​ខ្មែរ បន្ត​ធ្លាក់​ចុះ​ជា​ថ្មី។

បើ​តាម​របាយការណ៍ ចេញ​ដោយ​នាយកដ្ឋាន​សិល្បៈ​ភាព​យន្ត និង​ផ្សព្វ​ផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ឱ្យ​ដឹង​ថា ក្នុង​មួយ​ឆ្នាំៗ​មាន​ភាពយន្ត​ខ្មែរ​ដាក់​បញ្ចាំង​តាម​រោង​ភាពយន្ត ប្រហែល​ជា​ជាង​៣០​រឿង​ប៉ុណ្ណោះ ខណៈ​ភាពយន្ត​បរទេស​មាន​ជាង ៣០០រឿង​ក្នុង​មួយ​ឆ្នាំៗ។

ភាពយន្ត​ខ្មែរ​ធ្លាប់​ឡើង​ដល់​កំពូល​អំឡុង​ទសវត្សរ៍ ៩០ ដោយ​ផលិតករ​ខ្មែរ​អាច​ផលិត​បាន​ជិត ១០០​រឿង និង​ល្បី​ល្បាញ​ដល់​ប្រទេស​ជិត​ខាង​ថែម​ទៀត។ តែ​យ៉ាង​ណា​វិស័យ​នេះ បាន​ធ្លាក់​ចុះ​មក​វិញ​ស្ទើរ​ដល់​ចំណុច​សូន្យ ដោយ​ទើប​តែ​ងើប​ខ្លាំង​អំឡុង​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៤ ប៉ុណ្ណោះ ហើយ​បាន​បន្ត​រហូត​ដល់​បច្ចុប្បន្ន៕

អត្ថបទៈ ចរិយា

មតិយោបល់
អត្ថបទថ្មី