• 2019-10-21 08:50:32
  • ព័ត៌មាន

កាន់​តែ​ក្ដៅ​ជម្លោះ​ជាមួយ​អតីត​ភរិយា​លើ​ពាក្យ "កូន​អត់​ខាន់​ស្លា" ថ្ងៃ​នេះ លៀក លីដា ចេញ​មុខ​ឆ្លើយ​វិញ

  • 2019-10-21 08:50:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លៀក លីដា ចាងហ្វាង​ផលិតកម្ម LD Picture នៅ​ថ្ងៃ​នេះ បាន​ចេញ​មុខ​យ៉ាង​កម្រ​ក្នុង​វីដេអូ Live ប្រមាណ​៤០នាទី ធ្វើ​ការ​ឆ្លើយ​តប​វិញ​ទៅ​នឹង​ពាក្យ "កូន​អត់​ខាន់​ស្លា" ដែល​អតីត​ភរិយា​បាន​បញ្ចេញ​ដោយ​យក​ពី​ការ​សន្ទនា​រវាង​ពួក​គេ​ទាំង​ពីរ ធ្វើ​ឲ្យ​មាន​ការ​រិះគន់។

នៅ​មុន​នេះ​បន្តិច អតីត​ភរិយា លៀក លីដា អ្នក​នាង ​សុទ្ធ បញ្ច​កា បាន​បញ្ចេញ​វីដេអូ​ខ្លី​បង្ហាញ​ពី​ការ​សន្ទនា​របស់​ពួក​គេ​ទាំង​ពីរ​នាក់ ក្នុង​នោះ​ត្រង់​ចំណុច​មួយ ចាងហ្វាង​ផលិតកម្ម អិលឌី បាន​ឆ្លើយ​តប​ទៅ​អតីត​ភរិយា​ថា កូន​ស្រី​ដែល​ជា​តំណក់​ឈាម​រួម​របស់​ពួក​គេ ជា​កូន​អត់​ខាន់​ស្លា ដែល​ពាក្យ​នេះ បាន​ធ្វើ​ឲ្យ​មហាជន​រិះគន់​លោក​ខ្លាំង ដោយ​សារ​ថា លោក និង​ភរិយា​បាន​រៀបការ​តាម​ប្រពៃណី។ តប​នឹង​បញ្ហា​នេះ​លោក លៀក លីដា ចាងហ្វាង​ផលិតកម្ម LD Picture បាន​អះអាង​ថា អតីត​ភរិយា មាន​បំណង​បង្ខូច​លោក។

លោក​លើក​ឡើង​ថា លោក​មិន​មាន​គំនិត​ដូច្នេះ​ទេ លោក​ស្រឡាញ់​កូន​ស្រី​លោក​ជាង​អ្វី​ទាំង​អស់ ដូច្នេះ​ហើយ​ទើប​លោក​សុខ​ចិត្ត​យក​កូន​មក​ចិញ្ចឹម​ក្រោយ​លែងលះ ដោយ​សុខ​ចិត្ត​ប្រគល់​ផ្ទះ និង​រថយន្ត​ថ្មី​មួយ​គ្រឿង​ជា​ថ្នូរ​ទៅ​ឲ្យ​អតីត​ភរិយា ទាំង​ដែល​កាល​ណោះ លោក​មាន​ជីវភាព​មិន​ទាន់​ប្រសើរ​ផង។ ដូច្នេះ​ហើយ លោក​ស្នើ​មហាជន​ជួយ​ពិចារណា លោក និង​អតីត​ភរិយា​លោក​ជា​មនុស្ស​បែប​ណា ដែល​ម្នាក់​សុខ​ចិត្ត​យក​កូន ម្នាក់​សុខ​ចិត្ត​យក​ទ្រព្យ​ក្រៅ​ខ្លួន។

ចាងហ្វាង​មាន​កំណើត​ពី​កូន​អ្នក​ស្រែ​រូប​នេះ បញ្ជាក់​ថា ពាក្យ​ថា "កូន​អត់​ខាន់​ស្លា" ដែល​ប្រិយមិត្ត​បាន​លឺ​ក្នុង​វីដេអូ​ខ្លី​បង្ហោះ​ដោយ​អតីត​ភរិយា​លោក​នោះ គឺ​លោក​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ពាក់​ព័ន្ធ​នឹង សាឡាត់ ស្រី​ឡាង។ "ដំបូង​ឡើយ​ខ្ញុំ​មិន​និយាយ​ប៉ុណ្ណឹង​ទេ គឺ​ខ្ញុំ​ខល​ទៅ​គាត់​ដើម្បី​ចរចា​គ្នា ខ្ញុំ​សុំ​ជួប​ហើយ​ឲ្យ​គាត់​ហៅ​ម្នាក់​ប្រុស​ហ្នុង(សង្សារ​អតីត​ភរិយា)​មក​ជួប​ចរចា​ដើម្បី​បញ្ចប់​រឿង...តែ​គាត់​បាន​បញ្ជោះ​បន្សោក​ខ្ញុំ​រឿង ស្រី​ឡាង ខ្ញុំ​ថា មិន​បាច់​បញ្ជោះ​បន្សោក​ខ្ញុំ​ទេ រឿង សាឡាត់ ស្រី​ឡាង ខ្ញុំ​អត់​មាន​ចុះ​អេតាស៊ីវិល​ទេ បើ​ខ្ញុំ​ចុះ​អេតាស៊ីវិល​ជាមួយ​គេ កូន​ស្រី​ខ្ញុំ នឹង​ទៅ​ជា​កូន​អត់​ខាន់​ស្លា!"។

លោក លីដា បន្ត​ថា លោក​ចង់​មាន​ន័យ​បែប​នេះ ពោល​គឺ​បើ​លោក​ចុះ​អេតាស៊ីវិល​ជាមួយ តារា​ស្រី សាឡាត់ ស្រីឡាង ដោយ​មិន​បាន​ចូល​រោងការ​តាម​ប្រពៃណី គឺ​កូន​ស្រី​របស់​លោក​សព្វ​ថ្ងៃ​នេះ នឹង​ក្លាយ​ជា​កូន​អត់​ខាន់​ស្លា។ ដូច្នេះ​ហើយ លោក​ថា អតីត​ភរិយា មិន​បាន​បង្ហោះ​នូវ​ការ​សន្ទនា​ទាំង​ស្រុង​របស់​លោក ប៉ុន្តែ​បាន​កាត់​យក​តែ​ចំណុច​នេះ​មក​បង្ហោះ ក្នុង​បំណង​ឲ្យ​សាធារណជន​យល់​ច្រឡំ និង​រិះគន់​លោក។

ជាមួយ​គ្នា​លោក ក៏​ស្នើ​ដល់​សាធារណជន គួរ​ចេះ​ពិចារណា​ស៊ី​ជម្រៅ ដោយ​ចៀសវាង​ការ​ទទួល​បាន​ព័ត៌មាន​តែ​ម្ខាង ហើយ​ធ្វើ​ការ​វាយ​ប្រហារ​លោក ទាំង​មិន​បាន​ដឹង​សាច់​រឿង​ច្បាស់​លាស់។ លោក​បន្ត​ថា នេះ​ជា​រឿង​ផ្ទៃ​ក្នុង​គ្រួសារ​មួយ និង​ជា​រឿង​ធម្មតា ដែល​គ្រួសារ​នីមួយ​ៗ​រមែង​មាន​រឿង​រកាំរកូស។ ដូច្នេះ សាធារណជន​មិន​គួរ​ចំណាយ​ពេល​ជាមួយ​រឿង​ឥត​ប្រយោជន៍​បែប​នេះ​ឡើយ។

ប្រមាណ​ជាង ១​ឆ្នាំ​ហើយ ដែល​លោក លៀក លីដា និង​អ្នក​នាង សុទ្ធ បញ្ចកា បាន​លែង​លះ​គ្នា។ ការ​ចែក​ផ្លូវ​គ្នា​នោះ អ្នក​នាង បញ្ចការ លើក​ឡើង​ថា​ដោយ​សារ​មាន​កញ្ញា សាឡាត់ ស្រី​ឡាង ជា​អ្នក​ទី​៣។ យ៉ាង​ណា​នៅ​ក្នុង​វីដេអូ​បក​សា្រយ​នោះ លោក លីដា ក៏​បាន​លើក​ឡើង​ថា អតីត​ភរិយា ក៏​មិន​ស្មោះ​ត្រង់​ជាមួយ​លោក​ដែរ និង​ថែម​ទាំង​មិន​បាន​បំពេញ​តួនាទី​ជា​ម្ដាយ​ល្អ​ថែម​ទៀត ដោយ​ជា​រឿយ​ៗ អតីត​ភរិយា​ចេញ​ដើរ​លេង​យប់ ចូល​ក្លឹប​ដោយ​មិន​គិត​ពី​សុខ​ទុក្ខ​កូន​ឡើយ។

លោក​បន្ត​ថា អ្វី​ដែល​ចេញ​មុខ​នា​ពេល​នេះ ព្រោះ​មិន​ចង់​ឲ្យ​មាន​ពាក្យ​និន្ទា​ថា​លោក​ជា "អាវែក"។ ជាមួយ​គ្នា លោក​ថា ត​ទៅ​នេះ លោក​នឹង​ឲ្យ​មេធាវី​ដំណើរ​ក្ដី​លើ​ករណី​ជម្លោះ​ពាក្យ​សំដី​ជា​សាធារណៈ​ជាមួយ​អតីត​ភរិយា​អ្នក​នាង សុទ្ធ បញ្ចការ ដែល​លោក​បាន​អះអាង​ថា មាន​ចេតនា​បង្ខូច​ឈ្មោះ​លោក។

ក្រោយ​ពី​លោក លៀក លីដា បក​ស្រាយ​ខាង​លើ គេ​ឃើញ​អ្នក​នាង សុទ្ធ បញ្ជការ អតីត​ភរិយា បាន​ឆ្លើយ​តប​វិញ​ដែរ​ថា អ្វី​ដែល​អតីត​ស្វាមី​អ្នក​នាង លើក​ឡើង​មាន​បំណង​យក​ត្រូវ​តែ​ខ្លួន​ឯង ដោយ​និយាយ​តែ​ចំណុច​ដែល​អ្នក​នាង​ខុស។ ក្រៅ​ពី​នេះ អ្នក​នាង​ថា លោក លីដា ព្យាយាម​មិន​និយាយ​ពី​រឿង​ដែល​ពាក់​ព័ន្ធ​នឹង សាឡាត់ ស្រី​ឡាង និង​ព្យាយាម​ការពារ​តារា​ស្រី​រូប​នេះ ខុស​ពី​ពេល​កន្លង​មក លោក​ដូច​មិន​ការពារ​អ្នក​នាង កាល​នៅ​ជា​ស្វាមី ភរិយា​នឹង​គ្នា​ឡើយ៕

ស្ដាប់​ការ​បកស្រាយ​របស់​លោក លៀក លីដា ខាង​ក្រោម៖

ខាង​ក្រោម​នេះ គឺ​វីដេអូ​បង្ហោះ​ដោយ​អតីតភរិយា​ លៀក លីដា

អត្ថបទ៖ ទារិកា

មតិយោបល់