• 2020-07-21 03:51:00
  • ជីវិតតារា

ស្វាមី សួស វីហ្សា ហែកកេរ្ដិ៍ខ្លួនឯងកាលពីនៅលីវខ្ទេចគ្មានសល់ជាមួយម៉ូតូកញ្ចាស់១គ្រឿង

  • 2020-07-21 03:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​រូប​សង្ហា Tommy ដែល​ជា​ស្វាមី​របស់​តារា​ចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​រស្មីហង្ស មាស សួស វីហ្សា បាន​ហែកកេរ្តិ៍​ខ្លួនឯង​ខ្ទេច​គ្មាន​សល់​កាល​នៅ​លីវ​ជាមួយ​នឹង​ម៉ូតូ​ហុងដា​គប់​កញ្ចាស់​មួយ​គ្រឿង។

កាល​ពី​ថ្ងៃ​ម្សិលមិញ​តារា​សម្ដែង និង​ដើរ​ម៉ូត​រូប​នេះ បាន​បង្ហោះ​រូប​ថត​របស់​ខ្លួន​ចំនួន​៣​សន្លឹក​ជាមួយ​នឹង​ម៉ូតូ​កញ្ចាស់​មួយ​គ្រឿង​នៅ​ឯ​ស្រុក​កំណើត ហើយ​លោក​រៀបរាប់​ថា រូប​លោក​មាន​អនុស្សាវរីយ៍​ជាមួយ​ម៉ូតូ​នេះ​ច្រើន​ណាស់​កាល​ពី​នៅ​កំលោះ។ ទម្រាំ​លោក​មាន​ថ្ងៃ​នេះ ឆ្លងកាត់​នូវ​ការងារ​តូចតាច​ជា​ច្រើន​ដូច​ជា៖ លក់​ស្បែក​ជើង​ជជុះ​តាម​ចិញ្ចើម​ផ្លូវ ចែក​ខិត្តប័ណ្ណ​តាម​ស្ដុប និង​រត់​តុ​ហាង​ចិន​ជាដើម។

យ៉ាង​ណា គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​​ ថា​តើ​ម៉ូតូ​ចាស់​ក្នុង​រូប​ដែល ថមមី ថត​ជាមួយ​នេះ ជា​របស់​លោក​ផ្ទាល់ ឬ​ក៏​ជា​របស់​អ្នក​ផ្សេង ដែល​លោក​យក​មក​ថត​ដើម្បី​រំលឹក​ពី​អនុស្សាវរីយ៍​របស់​លោក ឬ​យ៉ាង​ណា​ឡើយ។

Tommy រំលឹក​ថា ពេល​ខ្លះ​លោក​ត្រូវការ​ម៉ូតូ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ជា​ចាំបាច់​ដើម្បី​ទៅ​សាលារៀន ឬ​ធ្វើ​ការ​ម្ដងម្កាល ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ខ្មាស​ម៉ូតូ​នោះ គឺ​លោក​ពុំ​មាន​ទាំង​លុយ​ចាក់​សាំង​ផង។ ដូច្នេះ​ម៉ូតូ​នេះ​លោក​នឹង​មិន​លក់​ទៅ​ណា​ឡើយ គឺ​ទុក​វា​គ្រាន់​ឲ្យ​កូន ឬ​ចៅ​ជំនាន់​ក្រោយ​ដឹង​ពី​អនុស្សាវរីយ៍​តស៊ូ​របស់​ឪពុក ឬ​ជីតា​របស់​វា ថា​តើ​មាន​មាន​ប្រវត្តិ​តស៊ូ​យ៉ាង​ណា​ខ្លះ​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​នេះ។

សារ​ដែល​លោក​បាន​បង្ហោះ​មាន​ខ្លឹមសារ​ដើម​ដូច្នេះ ៖ "អនុស្សាវរីយ៍​ជាមួយ​វា​ច្រើន​ណាស់​នៅ​ភ្នំពេញ កាល​ហ្នឹង​យើង​ក្រ​ណាស់​គ្មាន​លុយ​ចាក់សាំង​លើ​ឯង​គ្រប់​ផង។ ពេល​ជិះ​ឯង​ម្ដងៗ​គឺ​ខ្មាស​ឯង​ណាស់​ធ្វើ​ការ​ងើប​តាំង​ពី​ម៉ោង​៤​ទៀបភ្លឺ បទ​ពិសោធន៍​ការងារ​ដែល​ឆ្លងកាត់​ពី​មុន​រហូត​មក​ដល់​ពេល​នេះ គឺ​ច្រើន​ណាស់​មាន​ដូច​ជា៖ រត់​តុ​ហាង​ចិន គិត​លុយ​ហាង​តែ​បៃតង ចែក​ខិត្តប័ណ្ណ​តាម​ស្ដុប លក់​ទឹកអប់​ឲ្យ​គេ លាង​ឡាន​យក​លុយ​ទៅ​រៀន លក់​ស្បែក​ជើង​ជជុះ​ឲ្យ​គេ"។

បើ​តាម​សារ​ដដែល​នេះ​បញ្ជាក់​ថា ស្វាមី​របស់​តារា​ចម្រៀង​ស្រី សួស វីហ្សា ក្រោយ​ពេល​ប្រឡង​ជាប់​ក្នុង​កម្មវិធី Freshy boy and Girl មាន​ការងារ​ធ្វើ និង​ទទួល​បាន​ប្រាក់​ខែ​សម​ល្មម​ហើយ​ក្ដី​ក៏​លោក​នៅ​តែ​បន្ត​ជិះ​ម៉ូតូ​នេះ​ដដែល។ ដូច្នេះ​ប្រវត្តិ​តស៊ូ​របស់​លោក​នៅ​ជាប់​ជាមួយ​នឹង​ម៉ូតូ​នេះ ហើយ​លោក​ប្ដេជ្ញា​ថា​នឹង​រក្សា​វា​ទុក​ឲ្យ​បាន​យូរ​អង្វែង​ទៅ​មុខ​ទៀត​សម្រាប់​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​បាន​ដឹង​៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម