• 2020-08-03 03:36:25
  • ជីវិតតារា

លឹម ឡានី និងកូនប្រុស នឹងត្រូវឃ្លាតពីមាតុភូមិហើយ!

  • 2020-08-03 03:36:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

អតីត​តារា​សម្ដែង និង​បង្ហាញ​ម៉ូត​ល្បី​ឈ្មោះ​ម្នាក់​កាល​ពី​ជាង​១០​ឆ្នាំ​មុន ​អ្នកនាង លឹម ឡានី បង្ហើប​ថា​រូប​នាង និង​កូន​ប្រុស​អាយុ​ជាង​២​ឆ្នាំ​ នឹង​ចេញ​ទៅ​រស់នៅ​ប្រទេស​បារាំង​នៅ​ចុង​ឆ្នាំ​២០២១ ខាងមុខ។

លឹម ឡានី បាន​ប្រាប់​​ Sabay ថា បច្ចុប្បន្ន​រូប​នាង​កំពុង​រត់​ការ​ឯកសារ ដើម្បី​ចេញ​ទៅ​រស់នៅ​ប្រទេស​បារាំង​ជា​អចិន្ត្រៃយ៍ ដោយ​មាន​អ្នក​ស្គាល់​គ្នា​នៅ​ប្រទេស​ទី២​នោះ ​ជា​អ្នក​ចូល​ខ្លួន​មក​ធានា​រូប​នាង និង​កូន​ប្រុស។

នៅ​ពេល​នោះ​នាង​ក៏​នឹង​ឡើង​មក​លេង​ស្រុក​ខ្មែរ​ម្ដងម្កាល​​ ឬអាចត្រឡប់មករស់នៅស្រុកខ្មែរជាអចិន្ដ្រៃយ៍វិញទៀត​ផង ក្រោយរស់នៅទីនោះបាន៥ ទៅ៦ឆ្នាំ។ ភាពអល់អែកនេះ ត្រូវបាននាង​បញ្ជាក់​ថា ចិត្ដនាងអាចនឹងប្រែប្រួល ដោយសារដនាង នៅស្រឡាញ់​សិល្បៈខ្លាំង ហើយ​អំឡុងពេលនេះនាងក៏អាចទទួល​ការងារសិល្បៈខ្លះវិញបានដែរ។

លឹម ឡានី មិន​បាន​បញ្ជាក់​ថា​នឹង​ចូល​ទៅ​រស់នៅ​ក្នុង​រដ្ឋ​ណា នៃ​ប្រទេស​បារាំង ហើយ​នឹង​ធ្វើ​ការងារ​អ្វី​នៅ​ទី​នោះ​ដែរ៖ "ខ្ញុំ​ទៅ​រស់នៅ​ហ្នឹង​យ៉ាង​តិច​ក៏​៥ ទៅ​៦​ឆ្នាំ​ដែរ​ បើ​មាន​ការ​ប្រែប្រួល​យ៉ាង​ណា​ខ្ញុំ​នឹង​ត្រឡប់​មក​ស្រុក​វិញ”។

បច្ចុប្បន្ន​អតីត​តារា​ស្រី​រូប​នោះ មាន​វ័យ​៣០​ឆ្នាំ​ហើយ ហើយ​នាង​ក៏​មិន​ដែល​លេចឮ​ដំណឹង​ថា​មាន​ទំនាក់ទំនង​ស្នេហា ឬ​ចូល​រោងការ​ជាមួយ​បុរស​ណា​ម្នាក់​ដែរ ប៉ុន្ដែ​ស្រាប់​តែ​ថ្មីៗ​នេះ​នាងបានបង្ហាញខ្លួនជាមួយកូនប្រុសម្នាក់។

ព័ត៌មាន​ទាក់ទង​នឹង​ការ​ចេញ​ទៅ​រស់នៅ​បរទេស​នេះ គឺ​បន្ទាប់​ពី​នាង​បាន​បញ្ចេញ​ព័ត៌មាន​ដ៏គួរឲ្យភ្ញាក់ផ្អើលមួយមួយ​ថា សព្វថ្ងៃ​នាង​មាន​កូន​ប្រុស​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់ ហើយ​កូន​នោះ​គឺ​ជា​តំណក់​ឈាម​របស់​នាង​ជាមួយ​បុរស​ជនជាតិ​បរទេស​ម្នាក់។ ប៉ុន្តែ​នាង​អះអាង​ថា នាង​មិន​បាន​រស់នៅ​ជាមួយ​បុរស​នោះ​ទេ ដោយ​នាង​គ្រាន់​តែ​ទិញ​មេ​ជីវិត​ពី​បុរស​នោះមកដាក់ក្នុងស្បូន​ដើម្បី​ពពោះ ព្រោះ​នាង​ចង់​បាន​កូន​ម្នាក់​តាម​ក្ដី​ស្រមៃ​របស់​នាង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់