• 2020-08-07 06:40:40
  • ភាពយន្ត

រឿង​ខ្មែរ​មួយ​រឿង​ល្បី​ថា​ល្អ​មើល នឹង​ឡើង​ផ្ទាំង​សំពត់​ស Major Cineplex by Smart ថ្ងៃ​នេះ

  • 2020-08-07 06:40:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ដំណឹង​ពី​ការ​ខាង​ Major Cineplex by Smart បាន​ឲ្យ​ដឹង​ថា ខាង​រោងភាពយន្ត​បាន​ដាក់​បញ្ចេញ​ភាពយន្ត​ខ្មែរ​មួយ​រឿង ស្វាគមន៍​ការ​បើក​ដំណើរ​ការ​ឡើង​វិញ​នៅ​ថ្ងៃ​នេះ ទុក​ជា​កាដូ​សម្រាប់​ប្រិយមិត្ត​អ្នកគាំទ្រ​រោងភាពយន្ត។

ភាពយន្ត​ខ្មែរ​មួយ​រឿង​នេះ មាន​ចំណង​ជើង​ថា "ស្នាម​ញញឹមចុងក្រោយ" ជា​វណ្ណកម្ម​ និង​ជា​ខ្សែ​ភាពយន្ត​រសជាតិ​ថ្មី​របស់​ផលិតកម្ម LD។ កញ្ញា តាំង ហ៊ីហៅ ប្រធាន​គ្រប់​គ្រង​កម្មវិធី​ចាក់​បញ្ចាំង​ភាពយន្ត​របស់ Major Cineplex by Smart បាន​ឲ្យ​ដឹង​ថា "ស្នាម​ញញឹមចុងក្រោយ" គឺ​ជា​ខ្សែ​ភាពយន្ត​ប្រភេទ​ស្នេហា​យុវវ័យ លើក​ដំបូង​របស់ LD ដែល​កញ្ញា អះអាង មាន​ភាព​ទាក់​ទាញ​ខ្លាំង។ "រឿង​នេះ ខ្ញុំ​បាន​មើល​ហើយ បើ​តាម​ភ្នែក​ខ្ញុំ គឺ​ល្អ​មើល​ណាស់!”។

ទន្ទឹម​នឹង​ការ​គ្រោង​ឡើង​លើ​ផ្ទាំង​សំពត់​ស​របស់​រឿង "ស្នាម​ញញឹមចុងក្រោយ" ក៏​មាន​ដំណឹង​ថា LD គ្រោង​នឹង​ធ្វើ​សន្និសីទ​កាសែត​ខ្លី​មួយ​នៅ​រសៀល​នេះ។ យ៉ាង​ខ្លឹមសារ​នៃ​សន្និសីទ​សារព័ត៌មាន​នេះ មាន​ខ្លឹមសារ​យ៉ាង​ណា មិន​ទាន់​ត្រូវ​បញ្ចេញ​ឲ្យ​នៅ​ឡើយ។ ក្រៅ​ពី​ភាពយន្ត​ខ្មែរ​តែ​មួយ​ខាង​លើ កញ្ញា ហ៊ីហៅ បញ្ជាក់​នៅ​មាន​រឿង​បរទេស​២​រឿង​ទៀត សុទ្ធ​ជា​ល្អ​ៗ​ត្រូវ​ចិត្ត​យុវវ័យ ក្នុង​នោះ​មាន​ភាពយន្ត​ថៃ​រឿង "វិធី​បំភ្លេច Ex” និង​រឿង​ភ័យ​រន្ធត់​របស់​បរទេស​មួយ​ទៀត គឺ​រឿង "The Closet”។

ទាំង​៣​រឿង សុទ្ធ​ជា​រឿង​បំផុត​តែ​ម្ដង ដោយ​ក្រៅ​ពី​នេះ Major Cineplex by Smart នៅ​មាន​២​រឿង​ផ្សេង​ទៀត ស្ថិត​ក្នុង​កម្មវិធី​ពិសេស បញ្ចុះ​តម្លៃ​ដើម្បី​ស្វាគមន៍​ប្រិយមិត្ត​ដូច​គ្នា​គឺ​រឿង "រថយន្ត​ទៅ​ប៊ូសាន" របស់​កូរ៉េ និង​រឿង "រាជនី​បាយ​ឆា" របស់​ថៃ។ "រឿង​ទាំង​ពីរ​នេះ ជា​រឿង​ដែល​យើង​ដាក់​បញ្ចាំង​មុន​ផ្ទុះ​ខូវីដ ពោល​គឺ​បញ្ចាំង​បាន​តែ ៥​ថ្ងៃ ក៏​ផ្ទុះ​ជំងឺ​តែ​ម្ដង។ ហើយ​សុទ្ធ​ជា​រឿង​ដែល​មាន​អ្នក​ទស្សនា​ច្រើន អីចឹង​យើង​បន្ត​ដាក់​បញ្ចាំង ដោយ​បញ្ចុះ​តម្លៃ​ត្រឹម ២ដុល្លារ គ្រប់​ម៉ោង​ទាំង​អស់!”។ កញ្ញា តាំង ហ៊ីហៅ ថ្លែង។

រោងភាពយន្ត Major Cineplex by Smart ទើប​បាន​ប្រកាស​បើក​ដំណើរ​ការ​ឡើង​វិញ​កាល​ពី​ល្ងាច​ម្សិលមិញ គឺ​តែ​ប្រមាណ​១ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពី​រាជរដ្ឋាភិបាល​បាន​ព្រមព្រៀង​ជា​គោលការណ៍​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​នូវ​រោងភាពយន្ត និង​រោង​សម្ដែង​សិល្បៈ​នានា។ ដំណឹង​នេះ បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត Major Cineplex by Smart សប្បាយ​រីករាយ​ជា​ខ្លាំង។

យុវជន តែ ស៊ិនដូណាល់ បាន​ទៅ​ដល់​រោងភាពយន្ត​ភ្លាម​តែ​ម្ដង​នៅ​ថ្ងៃ​នេះ។ ដូណាល់ បញ្ជាក់​ថា រូប​គេ​ជា​មនុស្ស​ចូល​ចិត្ត​មើល​កុន​ម្នាក់ ដូច្នេះ​ហើយ រូប​គេ​ពិត​ជា​រីករាយ​ណាស់​ដែល​រោងកុន​អាច​បើក​ឡើង​វិញនា​ពេល​នេះ។ ដូច្នេះ​ទើប​នាំ​វត្តមាន​របស់​ខ្លួន មក​ដល់ Major Cineplex by Smart ព្រឹក​មិញ​នេះ។

ទស្សនិកជន​ម្នាក់​ទៀត កញ្ញា រីដា បញ្ជាក់​ថា រោងកុន​ជា​កន្លែង​ដ៏​ល្អ​មួយ​សម្រាប់​កញ្ញា​ Relax បន្ទាប់​ពី​មមាញឹក​ក្នុង​ការងារ​ផ្សេង​ៗ។ ដូច្នេះ​ក្រោយ​ពី​ទទួល​ដំណឹង​ថា​រោងកុន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ឡើង​វិញ កញ្ញា​រីករាយ​មែន​ទែន ហើយ​ក៏បាន​ដល់​រោងកុន​ភ្លាម​ដូច​ដូណាល់​ដែរ។ ទស្សនិកជន​ទាំង​ពីរ​នាក់​បាន​បញ្ជាក់​ថា ជាមួយ​នឹង​ការ​រីករាយក្រោយ​ពេល​រោងកុន​បើក​ឡើង​វិញ ពួក​គេ​បញ្ជាក់​ថា ក៏​មិន​ភ្លេច​ពីការពារខ្លួន​ដែរ ព្រោះ​ជា​សុវត្ថិភាព​របស់​ពួក​គេ​ផ្ទាល់ ក៏​ដូច​ជា​សុវត្ថិភាព​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ដែរ។

មិន​ត្រឹម​តែ​អ្នក​គាំទ្រ ដែល​រីករាយ ប៉ុន្តែ​រោងភាពយន្ត​ខ្លួន​ឯង​ក៏​រីករាយ​ដូច​គ្នា។ យ៉ាង​ណា កញ្ញា ហ៊ីហៅ បញ្ជាក់​ថា ទន្ទឹម​នឹង​ការ​រីករាយ Major Cineplex by Smart ក៏​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​វិធាន​សុវត្ថិភាព​ដែល​កំណត់​ដោយ​ក្រសួង​សុខាភិបាល។ អ្នក​គ្រប់​គ្រង​កម្មវិធី​ដដែល​លើក​ឡើង​ថា "យើង​មិន​មាន​កម្មវិធី​អ្វី​ពិសេស​ខ្លាំង​លើ​កម្មវិធី​បញ្ចាំង​របស់​យើង​ទេ ព្រោះ​យើង​គិត​បំផុត​ពី​វិធាន​សុវត្ថិភាព ពិសេស​គឺ​ការ​ពាក់​ម៉ាស យើង​ក៏​បារម្ភ ហើយ​ក្រសួង​ក៏​បារម្ភ​ខ្លាំង​ទស្សនិកជន​គាត់​មក​មើល​អត់​ពាក់​ម៉ាក់ អីចឹង​ហើយ​សូម​ផ្ដាំផ្ញើ​ហើយ​ផ្ដាំ​ទៀត​ថា សូម​ពាក់​ម៉ាក​ទាំង​អស់​គ្នា!”។

ក្រៅ​ពី​នេះ ប្រធាន​គ្រប់​គ្រង​កម្មវិធី​របស់ Major Cineplex by Smart បញ្ជាក់​ថា រោងភាពយន្ត​បាន​រៀប​ចំ​រួច​ស្រេច នូវ​គម្លាត​កៅអី​សុវត្ថិភាព បូក​រួម​ទាំង​ទឹក​អាល់កុល​សម្រាប់​លាង​សម្អាត​ដៃ​ផង ដែល​ប្រិយមិត្ត​អាច​រក​បាន​ស្ទើរ​គ្រប់​កន្លែង​នៅ​ក្នុង​បរិវេណ និង​ខាង​ក្នុង​រោងកុន​តែ​ម្ដង៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម