• 2020-08-13 09:10:22
  • ជីវិតតារា

អបអរ អ៊ុំ សក្ខណា លា​ចាក​ជីវិតរស់នៅរសាត់អណ្ដែតតាមផ្ទះជួលហើយ!

  • 2020-08-13 09:10:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ស្រី​ចាស់​វស្សា អ៊ុំ សក្ខណា បាន​បញ្ចប់​ជីវិត​រស់នៅ​រសាត់​អណ្ដែត​តាម​ផ្ទះ​ជួល​ជាង​៣០​ឆ្នាំ​នៅ​ក្នុង​ទីក្រុង​ហើយ។ បច្ចុប្បន្ន​អ្នកស្រី បាន​សម្រេច​ចិត្ដទិញ​ផ្ទះ​បង់​រំលស់​១​ល្វែង​នៅ​បុរី​ពិភព​ថ្មី"គួរ​ស្រូវ" ស្ថិតនៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

អ្នកស្រី អ៊ុំ សក្ខណា និយាយ​ថា បច្ចុប្បន្ន​រូបគាត់ និង​ក្មួយៗ បាន​រួម​គ្នា​រកលុយ​បង់​រំលស់​ផ្ទះ​ ដោយ​មាន​ក្មួយ​២​នាក់​រត់​កង់បី និង​ម្នាក់​ទៀត​បើក​ម៉ូតូ​ដឹក​ទំនិញ​តាម​ហាង។ រយៈ​ពេល​២​ខែ​ហើយ​ដែល​រូប​គាត់ និង​ក្រុម​គ្រួសារ បាន​រើ​ឥវ៉ាន់​ទៅ​រស់នៅ​ក្នុង​បុរី​នេះ ហើយ​ដំណើរការ នៃ​ការ​បង់​រំលស់​២​ខែ​នេះ គឺ​ពុំ​មាន​បញ្ហា​ប្រឈម​ឡើយ ដោយ​ចំណូល​បាន​មក​ពី​អាជីព​សម្ដែង​របស់​អ្នកស្រី និង​ការ​រត់​កង់​បី​របស់​ប្អូន​ៗ អាច​រក​ប្រាក់​បង់​ទាន់​ពេល​ហើយ។

អ្នកស្រី អ៊ុំ សក្ខណា មាន​ស្រុក​កំណើត​នៅ​ស្រុក​បាទី ខេត្ត​តាកែវ។ ​អ្នកស្រី បាន​រសាត់​អណ្ដែត​រកស៊ីទៅ​ស្រុក​គេ​តាំង​ពី​វ័យ​ជំទង់ ដោយ​បានបបួល​បង​ប្អូន​រកស៊ី​រត់ពន្ធ​សម្ភារៈ​ប្រើប្រាស់​ពី​ថៃ​តាម​ច្រក​ប៉ោយប៉ែត និង​ទិញ​អេតចាយ​​នៅ​ខេត្ត​បន្ទាយមានជ័យ​ចាប់​ពី​ឆ្នាំ​១៩៧៩ រហូត​ដល់​ឆ្នាំ​១៩៨៦។

ក្រោយ​មក​ជំនួញ​របស់​អ្នកស្រី និង​បង​ប្អូន បាន​ជួប​នឹង​ការ​ខាត់​បង់ ទើប​ធ្វើ​ឲ្យ​អ្នកស្រី​គ្មាន​ដី និង​ទ្រព្យ​អ្វី​សោះ​នៅ​ជាប់​នឹង​ខ្លួន។ ក្រោយមក​អ្នកស្រី​ចេញ​មក​រស់នៅ​ភ្នំពេញ​វិញ។

នៅ​ឆ្នាំ​១៩៨៩ អ្នកស្រី អ៊ុំ សក្ខណា បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាម​រយៈ​ការ​សម្ដែង។ ការ​សម្ដែង​កាល​ណោះ​អ្នក​ស្រី​មាន​ប្រជាប្រិយភាព​គួរសម ប៉ុន្តែ​មិន​អាច​រក​ចំណូល​ថួនល្មម​អាច​នឹង​ទិញ​ដី ឬ​ផ្ទះ​រស់នៅ​ផ្ទាល់​ខ្លួន​ទេ។

អ្នកស្រី​រំលឹក​ថាចាប់តាំង​ពី​ឆ្នាំ​១៩៨៩ រហូត​មក​ដល់​ឆ្នាំ​២០២០ រូប​អ្នកស្រី និង​ប្អូន​ៗបានរស់នៅ​ភ្នំពេញ​ដោយ​ជួល​ផ្ទះ​គេក្នុង​តម្លៃ​ចន្លោះ​ពី​៨០ ទៅ​១២០​ដុល្លារ។ ទើប​មក​ដល់​ខែ​មិថុនា ឆ្នាំ​២០២០ នេះ រូប​គាត់ និង​បង​ប្អូន បាន​ទិញ​ផ្ទះ​បង់​រំលស់១ល្វែង​នេះ​តែ​ម្ដង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់