• 2021-01-29 03:44:11
  • ព័ត៌មាន

មានហេតុផលមួយ ដែលអ្នកនិពន្ធ សុខ សុធន នៅបន្ដកាន់​ប៊ិក និង​សៀវភៅរហូតដល់ចាស់

  • 2021-01-29 03:44:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លងកាត់​អាជីព​តែង​និពន្ធ ដឹកនាំ​រឿង និង​សម្ដែង​ដោយ​ខ្លួន​ឯង​ផ្ទាល់​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ លោក សុខ សុធន ទើប​បញ្ចេញ​ពាក្យពេចន៍​កប់​លាក់​ក្នុង​ចិត្ត​ជា​យូរ​មក​ហើយ​នោះ​ទៅ​កាន់​មហាជន​តាម​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិលមិញ។ លោក​ពោល​ថា លោក​នៅ​តែ​ប្រឹងប្រែង​ការងារ​តែង​និពន្ធ និង​សម្ដែងរហូត ដើម្បី​បន្សល់ទុក​នូវ​ស្នាដៃ​ខ្លះ​សម្រាប់​ក្មេង​ៗជំនាន់​ក្រោយ។

លោក សុខ សុធន បាន​សរសេរ​កំណាព្យ​ខ្លី​មួយ​ដែល​ថ្លែង​ពី​អារម្មណ៍​របស់​លោក​ថា៖"ពី​ក្មេង​ដល់​ចាស់ ប៊ិក​និង​ក្រដាស ខ្ញុំ​តែង​ស្នេហ៍ស្និទ្ធ តាំង​ពី​ភ្នែក​ភ្លឺ ស្ទើរ​នឹង​ងងឹត ក៏​នៅ​មាន​ចិត្ត គេង​គិត​អក្ខរា"។

លោក សុខ សុធន ដែល​ពេល​នេះ​មាន​វ័យ​៦១​ឆ្នាំ​ទៅ​ហើយ បាន​ប្រឡូក​ក្នុង​អាជីព​សម្ដែង​ក្នុង​រយៈ​ប្រមាណ​៥​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​លោក​ដក​ឃ្លា​បន្តិច​ពី​អាជីព​តែង​និពន្ធ និង​ដឹកនាំ​រឿង​តាំង​ពី​អំឡុង​ឆ្នាំ​១៩៨៩។ ប៉ុន្តែ​លោក​ធ្លាប់​ប្រាប់ Sabay​ ថា ជីវិត​ចុង​ក្រោយ​របស់​លោក​នឹង​នៅ​ជាប់​ជាមួយ​នឹង​វិស័យ​តែង​និពន្ធ និង​ភាពយន្ត ដូច្នេះ​លោក​ត្រូវ​បែង​ចែក​ពេល​ខ្លះ​សម្រាប់​ការ​សម្ដែង​ផង និង​និពន្ធ​ផង។

មហាជន​ស្គាល់​ផលិតករ​ភាពយន្ត​រូប​នេះ​កាន់​តែ​ច្រើន ក្រោយ​ពី​លោក​ចេញ​មុខ​សម្ដែង​ដោយ​ខ្លួន​ឯង​ដោយ​ផ្ទាល់​ក្នុង​នាម​ជា​តួអង្គ​សំខាន់ៗ ក្នុង​រឿង​អប់រំ​ជា​ច្រើន។ ក្រៅ​ពី​មាន​ជំនាញ​ខាង​និពន្ធ និង​ដឹកនាំ​រឿង លោក សុខ សុធន គឺ​ជា​តួ​សម្ដែង​ដ៏​មាន​ទេពកោសល្យ ដោយ​ភាគ​ច្រើន​លោក​ដើរ​ជា​តួអង្គ​ចាស់​ព្រឹទ្ធាចារ្យ គ្រូ​បង្រៀន អ្នក​ច្បាប់ និង​ជា​ឪពុក។ ក្រៅ​ពី​និពន្ធ និង​ដឹកនាំ​រឿង​អប់រំ​ដ៏​ច្រើន លោក​ក៏​ជា​អ្នក​និពន្ធ​ក្នុង​រឿង​ភាគ និង​ភាពយន្ត​ខ្នាត​ធំ​ជា​ច្រើន​ដូច​ជា៖រឿង"ខ្លែង​ដាច់​ខ្សែ" "ស្ដេច​ដំរី​ស" និង​រឿង"ព្រាយ​ដែកគោល" ជា​ដើម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់