• 2022-10-07 07:09:46
  • ភាពយន្ត

មហោស្រពជាតិភាពយន្ដខ្នាតខ្លីកម្ពុជា ជាឱកាសល្អសម្រាប់ផលិតករវ័យក្មេង

  • 2022-10-07 07:09:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ភាពយន្ដខ្នាតខ្លី ជាជំហានឆ្ពោះទៅកាន់ភាពយន្ដខ្នាតវែង" គឺជាពាក្យស្លោករបស់មហោស្រពជាតិភាពយន្ដខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២។ បន្ទាប់ពីអាក់ខាន ២ឆ្នាំ ក្នុងការប្រារព្វមហោស្រពនេះឡើង ដោយសារបញ្ហាជំងឺកូវីដ-១៩ នៅថ្ងៃទី៧ ខែតុលា ក្រសួងវប្បធម៌ បានរៀបចំសន្និសីទសារព័ត៌មាន និងធ្វើបទបង្ហាញស្ដីពីកម្មវិធីដ៏អស្ចារ្យនេះនៅសណ្ឋាគារ ROSEWOODឡើង។

ប្រធាននាយកដ្ឋានភាពយន្ដ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោក ប៉ុក បូរក្ស ថ្លែងថា គោលបំណងសំខាន់ នៃការបង្កើតមហោស្រពនេះឡើង គឺដើម្បីជំរុញឲ្យយុវវ័យងាកមកចាប់អារម្មណ៍លើវិស័យភាពយន្ដកាន់តែច្រើន ហើយអាចបន្ដវេនពីផលិតករចាស់ៗ។ ទន្ទឹមគ្នានេះ ក្រសួងក៏បង្កើតឲ្យមានវគ្គបណ្ដុះបណ្ដាលខ្លីៗ សម្រាប់ផលិតករវ័យក្មេងផងដែរ តែវគ្គទាំងនេះត្រូវមានការចូលរួមពីវិស័យឯកជន។

លោក ប៉ុក បូរក្ស៖ “យើងសម្រួល និងជំរុញឲ្យមានការជជែកគ្នាផលិត តែយើងអាចធ្វើវាបាន លុះណាតែមានការចូលរួម ព្រោះថាវិស័យភាពយន្ដនេះមិនត្រឹមតែមានធនធានមនុស្សដែលមានចំណេះជំនាញទេ តែក៏ត្រូវការធនធានហិរញ្ញវត្ថុដែរពីវិស័យឯកជន និងភាគីពាក់ព័ន្ធដែរបានអាចធ្វើទៅរួច”។

ចំណែកមន្ដ្រីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិត្រសិល្បៈម្នាក់ទៀត គឺលោក ស៊ិន ច័ន្ទសាយ៉ា សង្កេតឃើញថា បច្ចុប្បន្នខ្សែភាពយន្ដខ្នាតខ្លីៗ ត្រូវបានផលិតឡើងច្រើន ប៉ុន្ដែគុណភាពនៅមានកម្រិតដែលមិនអាចយកទៅប្រកួតនៅក្រៅប្រទេសបាន សូម្បីតែប្រទេសក្នុងតំបន់។ ដូច្នេះមហោស្រពភាពយន្ដជាតិខ្នាតខ្លីកម្ពុជា គឺជាឱកាសសម្រាប់ផលិតករវ័យក្មេងក្នុងការចូលរួម និងសិក្សាបន្ថែមលើវិស័យភាពយន្ដខ្មែរ។

សូមបញ្ជាក់ថា មហោស្រពជាតិភាពយន្ដខ្លីកម្ពុជា លើកទី៣ ឆ្នាំ២០២២ នឹងប្រព្រឹត្ដទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ។ ក្រសួងបានកំណត់យកថ្ងៃទី១៦ ខែធ្នូ ជាថ្ងៃសម្ពោធបើក ក្រោមអធិបតីភាពរដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកជំទាវ ភឿង សកុណា នៅសាលសន្និសីទចតុម្មុខ។ រីឯចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ភាពយន្ដដែលចូលរួមប្រកួតទាំងអស់នឹងត្រូវចាក់បញ្ចាំង។

ភាពយន្ដខ្លីទាំងនេះ នឹងមានចាក់បញ្ចាំងនៅតាមទីតាំង និងរោងភាពយន្ដល្បីៗមួយចំនួនក្នុងរាជធានីភ្នំពេញ ដូចជា៖ នៅសាលសន្និសីទចតុម្មុខ មជ្ឈមណ្ឌលបុប្ផាណា Cine Hub រោងភាពយន្ដមេជ័រ ស៊ីណេផ្លិច រោងភាពយន្ដលេជេន និងនៅរោងភាពយន្ដប្រាម ស៊ីណេផ្លិច៕

ជិន សុភ័ក្ដ្រ

មតិយោបល់