• 2023-01-25 03:39:17
  • ភាពយន្ត

ប្អូនប្រុសពៅ គង់ សំអឿន នៅតែដក់ជាប់ពាក្យបណ្ដាំរបស់បងក្នុងអាជីពសម្ដែងដ៏យូរលង់

  • 2023-01-25 03:39:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងជើងចាស់ គង់ សុភី ដែលត្រូវជាប្អូនប្រុសពៅរបស់អតីតតារាសម្ដែងល្បីឈ្មោះនាទស្សវត្ស១៩៦០ ទើបទម្លាយទិកនិកសម្ដែងដែលបងប្រុសធ្លាប់ប្រាប់កាលនៅមានជីវិត និងមានឱកាសសម្ដែងដូចគ្នាកាលពីសម័យសង្គមរាស្ដ្រនិយម។

ស្ថិតក្នុងវ័យ ៦៥ឆ្នាំ លោក គង់ សុភី នៅតែរវល់ក្នុងអាជីពសម្ដែង ហើយអាជីពនេះលោកធ្លាប់ប្រឡូកតាំងពីអាយុ ១៤ឆ្នាំ។ ទើបតែរយៈពេលជាង ១ឆ្នាំចុងក្រោយនេះទេ ដែលលោកមានពេលទំនេរខ្លះ ព្រោះលោកទទួលថតតែរឿងរបស់សម្ដេច ហ៊ុន សែន មួយសិន។ លោកបញ្ជាក់ថា ទាល់តែរឿងប្រវត្ដិសាស្ដ្ររបស់សម្ដេច ហ៊ុន សែន ថតចប់ ទើបលោកអាចទទួលរឿងថ្មីៗទៀត ដើម្បីសម្ដែង។

ទន្ទឹមគ្នានេះ លោក គង់ សុភី ក៏បានរំលឹកអនុស្សាវរីយ៍ជាមួយបងប្រុសតាមរយៈ Sabay ថា រូបលោកបានចេញពីឪពុក-ម្ដាយ មករស់នៅជាមួយបងប្រុសតាំងពីតូច ហើយការសិក្សារបស់លោកក៏ត្រូវបានបងជាអ្នកផ្ចុង់ផ្ដើម និងចិញ្ចឹមបីបាច់ដូចជាឪពុកទី២របស់លោក។ អំឡុងពេលនោះ រូបលោកក៏ឆ្លៀតបានដើរសម្ដែងជាមួយបងប្រុសច្រើនដែរ ដូច្នេះការងារសិល្បៈមួយចំនួនលោកយល់តាមរយៈបងប្រុសប្រាប់។

គង់ សុភី៖ “ការងារសិល្បៈខ្ញុំដើរទៅតាមគាត់ ខ្ញុំដឹងទាំងអស់ ហើយកាលនៅពីតូចពេលលេង គាត់ចេះតែប្រាប់ខ្ញុំបន្ថែមថា ទី១ សំខាន់គឺយើងចូលតួ ទី២ កុំមើលកាមេរ៉ា ហើយពីដើមថតហ្វីល តែថតទៅៗរ៉ាវហ្មង! អត់លុបវិញបានទេ…អីចឹងយើងត្រូវហ្មត់ចត់”។

លោក គង់ សុភី បានបែកបងប្រុស និងគ្រួសារក្នុងរបបខ្មែរក្រហម។ ប៉ុន្ដែរូបលោកមានភព្វសំណាងបានជីវិតពីការកាប់សម្លាប់យ៉ាងព្រៃផ្សៃពីរបបនោះ ហើយក្រោយឆ្នាំ១៩៧៩ រូបលោកបានវិលទៅរកអាជីពសម្ដែងវិញ។ គិតត្រឹមឆ្នាំ២០២៣ នេះ រឿងដែលលោកធ្លាប់សម្ដែងមានស្ទើរាប់មិនអស់ ក្នុងនោះលោកក៏ធ្លាប់បានសម្ដែងនៅក្នុងរឿង”The Last Days of Colonel Savath" ដែលជាស្នាព្រះហស្ថនិពន្ធ និងដឹកនាំសម្ដែងដោយអតីតព្រះមហាក្សត្រខ្មែរ គឺព្រះនរោត្ដមសីហនុ ព្រមទាំងរឿងសម័យបច្ចុប្បន្នជាច្រើនរឿងទៀត៕

ជិន សុភ័ក្ដ្រ

មតិយោបល់